ខេត្តស្ទឹងត្រែង ៖ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដេញកាប់ និងប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចរួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៩ កក្កដា ២០២៤ ស្ថិតនៅចំណុចទួលគ្រួសវិទ្យុបាយ័ន ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់សួគា អាយុ២១ឆ្នាំ រស់នៅភូមិវាលដេញ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ឱ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនរួមជាមួយនឹងប្អូនជីដូនមួយឈ្មោះម៉ៅ វិឆៃ អាយុ១៩ឆ្នាំ បានចូលហូបចុកនៅក្នុងហាងមួយកន្លែងក្នុងក្រុងស្ទឹងត្រែង ។
លុះនៅវេលាម៉ោង៩និង២០នាទីយប់ ពួកគេក៏បានចេញពីហាងនោះនិងជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ តែខណៈកំពុងធ្វើដំណើរស្រាប់មាន មនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿង យារកាំបិតផ្គាក់ដេញកាត់ទៅលើពួកខ្លួន ត្រូវចំស្មាខាងស្តាំបណ្តាលអោយដួលម៉ូតូធ្លាក់ប្រឡាយ ។ ភ្លាមនោះ ខ្លួននិងប្អូនជីដូនមួយបានប្រឹងរត់គេចខ្លួន ហើយជនសង្ស័យទាំងពីរនាក់នោះក៏បានជិះម៉ូតូគេចខ្លួនដែរ ។ ភ្លាមៗនោះទៀត ក៏លេចញបក្សពួកជនសង្ស័យជិះម៉ូតូចំនួន៤ទៀតមកលើកម៉ូតូជិះយកទៅបាត់តែម្តង។
ជនរងគ្រោះខាងលើឲ្យដឹងបន្តថា ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅម៉ាកឌ្រីមសង់០២២ពណ៌ខ្មៅ។ក្រោយកើតហេតុនៅព្រឹកថ្ងៃទី២០ កក្កដា ២០២៤ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាល ដើម្បីស្វែងរកជនសង្ស័យនិងម៉ូតូត្រឡប់មកវិញ។
នៅវេលាព្រឹកថ្ងៃទី២០ កក្កដា ដដែល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះបាទ បានចុះទៅដល់ចំណុចទីតាំងកើតហេតុ រកឃើញវត្ថុតាងកាំបិតផ្គាក់មួយដើម យករក្សាទុកជាភស្តុតាង ។
សូមបញ្ជាក់ថា ជនរងគ្រោះពុំបានរងរបួសធ្ងន់ធ្ងរនោះទេ ដោយសារតែកាំបិតផ្គាក់នោះសឹករិចរិលមិនមុត។ បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវស៊ើបអង្កេតតាមឃាត់ខ្លួនក្រុមជនសង្ស័យខាងលើមកផ្ដន្ទាទោសតាមច្បាប់។
ចែករំលែកព័តមាននេះ