ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីមានមោទកភាពយ៉ាងខ្លាំងដែលប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនគ្មានបញ្ហា ខណៈដែលពិភពលោកកំពុងមានបញ្ហារអាក់រអួលខ្លាំងផ្នែកប្រព័ន្ធណិតវើកនៅតាមព្រលានយន្តហោះ , ក្រុមហ៊ុនទូរគមនាគមន៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងធនាគារ។ រុស្ស៊ីអះអាងថាមូលហេតុសំខាន់ដោយសារខ្លួនបានពង្រឹងភាពឯករាជ្យម្ចាស់ការទៅលើប្រព័ន្ធកុំព្យូទ័របន្ទាប់ពីខ្លួនទទួលរងទណ្ឌកម្មពីបស្ចិមប្រទេស។ ប៉ុន្តែអ្នកជំនាញយល់ថាមុន ឬក្រោយ រុស្ស៊ីក៏គង់តែជួបនឹងបញ្ហានេះដូចគ្នា។

សូមជម្រាបថាបញ្ហាគាំងវីនដូស (Windows) នៅលើម៉ាស៊ីនកុំព្យូទ័រទូទាំងពិភពលោកនោះដោយសារទី១-ម៉ាស៊ីនកុំព្យ័ទ័រទាំងនោះដំឡើងកម្មវិធីហ្វលខុន សឹនសឺ (Falcon Sensor) របស់ក្រុមហ៊ុនក្រោតស្ត្រាយ (CrowdStrike) ជាកម្មវិធីកម្ចាត់មេរោគ និងផ្ដល់សេវាសន្តិសុខព័ត៌មានវិទ្យាអនឡាញ។ នៅពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពសូហ្វវែ (software update) របស់ខ្លួនតាមអនឡាញក៏ធ្វើឱ្យគាំងវីនដូស (Windows) តែម្ដង។ ដូច្នេះ កុំព្យូទ័រ ឬណិតវើកដែលមិនប្រើប្រាស់សូហ្វវែនេះទេមិនចាំបាច់ព្រួយបារម្ភទេព្រោះកុំព្យូទ័ររបស់ពួកគេនៅតែអាចដំណើរការជាធម្មតា។

នៅលើពិភពលោកគេប្រើប្រាស់សូហ្វវែនេះដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមចោរអ៊ីនធឺណិតឬមេរោគកុំព្យូទ័រ។ ប៉ុន្តែនៅរុស្ស៊ី គ្មាននរណាប្រើប្រាស់កម្មវិធីនេះទេ។ គេច្រើនប្រើផលិតផលរបស់រុស្ស៊ីផ្ទាល់។ ឧទាហរណ៍ ដូចជាកម្មវិធីកម្ចាត់មេរោគឈ្មោះខាស់ស្ពើស្គីជាដើម (Kaspersky)។ មានន័យថាទាល់តែម៉ាស៊ីនកុំព្យូទ័រប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ Falcon Sensor របស់ក្រុមហ៊ុន CrowdStrike ទើបមានបញ្ហាគាំងវីនដូស។

លោកមីខាអ៊ីល គ្លីម៉ារ៉េវ (Mikhail Klimarev) ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលប្រាប់ថាក្រុមហ៊ុនក្រោតស្ត្រាយ (CrowdStrke) មិនដែលបានផ្ដល់សេវាណាមួយរបស់ខ្លួននៅប្រទេសរុស្ស៊ីទេចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ នៅវិមានក្រឹមឡាំង ក៏ដូចជាក្រុមហ៊ុននានារាប់ចាប់តាំងពីក្រុមហ៊ុនរបស់រដ្ឋឈ្មោះរ៉ូសាទុំ (Rosatom) ដែលទទួលរ៉ាប់រងបើកប្រតិបត្តិការរោងចក្រអគ្គិសនីនុយក្លេអ៊ែរទូទាំងប្រទេសរុស្ស៊ី រហូតដល់ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី និងក្រុមហ៊ុនអាកាសចរណ៍មិនបានជួបបញ្ហាអ្វីទេ។

ប្រទេសរុស្ស៊ីលើកហេតុផលដែលកើតមានកាលពីថ្ងៃសុក្រមកធ្វើជាអំណះអំណាងថាខ្លួនមិនអាចប្រើប្រាស់សូហ្វវែប្រទេសដទៃទេ។ ខ្លួនត្រូវតែប្រើប្រាស់សូហ្វវែរបស់រុស្ស៊ីផ្ទាល់។ ចំពោះសូហ្វវែបរទេសដែលរុស្ស៊ីកំពុងប្រើប្រាស់សព្វថ្ងៃនេះរុស្ស៊ីក៏ត្រូវតែខិតខំផលិតសូហ្វវែផ្សេងមកជំនួសផងដែរ។ នេះបើយោងតាមការអះអាងរបស់ក្រសួងអភិវឌ្ឍឌីជីថលរបស់ប្រទេសរុស្ស៊ី។ បើគេក្រឡេកទៅមើលទីផ្សារហិរញ្ញវត្ថុ និងទីផ្សារប្ដូររូបិយប័ណ្ណរបស់រុស្ស៊ីវិញឃើញថានៅតែដំណើរការដោយរលូន។

មនុស្សគ្រប់គ្នាបានគិតរួចហើយថាថ្ងៃណា១ក្រុមហ៊ុនម៉ៃក្រូសូហ្វនឹងកាត់ផ្ដាច់សេវារបស់ខ្លួននៅរុស្ស៊ី។ បញ្ហាដែលកើតឡើងនៅថ្ងៃនេះជាការវាស់ស្ទង់សមត្ថភាពថាតើរុស្ស៊ីត្រៀមខ្លួនដល់កម្រិតណាហើយ។ អ្វីៗដំណើរការល្អណាស់។ ហោចណាស់សម្រាប់ក្រុមហ៊ុនធំៗ។ ហើយបើគេក្រឡេកទៅមើលសភាពការណ៍នៅលើទីផ្សារវិញក៏គ្មានអ្វីគួរឱ្យភ័យស្លន់ស្លោនោះដែរ។ ខាងលើនេះជាការថ្លែងរបស់អ្នកជំនួញខាងរូបិយប័ណ្ណម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយស្នើសុំមិនបញ្ចេញឈ្មោះ។

ធនាគារធំលំដាប់ទី២របស់រុស្ស៊ីឈ្មោះវីធីប៊ី (VTB) ប្រកាសថាខ្លួនមានផែនការពង្រីកភាគហ៊ុនរបស់កម្មវិធីកម្ចាត់មេរោគក្នុងស្រុកឱ្យបាន៩៥%ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៤។ បច្ចុប្បន្ន ភាគហ៊ុននេះមាន៨៥%។ ធនាគារខាងលើនេះ (VTB) ថ្លែងថាខ្លួនបោះទុន៥០ពាន់លានរូប (ប្រាក់រុស្ស៊ី) ឬប្រហាក់ប្រហែលនឹងជាង៥៧១លានដុល្លារនៅក្នុងឆ្នាំ២០២៤ដើម្បីបោះបង់ចោលលែងប្រើប្រាស់តទៅទៀតនូវសូហ្វវែរបស់បរទេសទាំងអស់ ហើយងាកមកប្រើប្រាស់សូហ្វវែនៅក្នុងស្រុកវិញ។

ប៉ុន្តែអ្នកជំនាញខាងព័ត៌មានវិទ្យា លោកអឹលដា មូថាហ្ស៊ីន (Eldar Murtazin) ថ្លែងថាហានិភ័យនៅតែកើតមានដដែល។ ដរាបណាសូហ្វវែអាប់ដេត (software updates) ឆៅៗដោយមិនបានធ្វើតេស្តគ្រប់ជ្រុងជ្រោយ ដរាបនោះអាចនឹងគាំងវីនដូសជាមិនខានឡើយ។ ដូច្នេះ មិនសំខាន់ថាសូហ្វវែរបស់ប្រទេសណាទេ។ ថ្ងៃនេះ បញ្ហាកើតឡើងទៅលើម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់កម្មវិធីកម្ចាត់មេរោគរបស់ក្រុមហ៊ុនក្រោតស្ត្រាយ (CrowdStrike)។ ថ្ងៃក្រោយគង់តែដល់វេនប្រទេសរុស្ស៊ីទេ។ សំខាន់គឺសូហ្វវែមានបញ្ហា៕

ចែករំលែកព័តមាននេះ