ការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា មានតម្លៃថោកជាងផ្លូវគោក រហូតដល់ទៅ៥ដង ដូចនេះហើយបានជារាជរដ្ឋាភិបាល ដាក់ចេញគម្រោងពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចែករំលែកនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ថា ការដឹកជញ្ជូនតាមផ្លូវទឹក ថោកជាងការដឹកជញ្ជូនតាមផ្លូវនានា ។

លោកបានឲ្យដឹងថា យោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញប្រៀបធៀបការដឹកជញ្ជូនបានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹក មានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោក រហូតដល់ទៅ ៥ដង ។
លោកបានបន្តថា ការដឹកជញ្ជូនតាមផ្លូវទឹក មានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។

លោកបានបន្តទៀតថា អាស្រ័យហេតុនេះហើយ ទើបគម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិ កាន់តែមានភាពរីកចម្រើន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅប្រទេសកម្ពុជា បណ្តាញដឹកជញ្ជូនផ្លូវទឹក រួមមាន ៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានប្រវែងសរុប១.៧៥០ គីឡូម៉ែត្រ។

បណ្តាញដឹកជញ្ជូនផ្លូវទឹកទាំងនេះ បាននិងកំពុងជួយសម្រួលដល់ចរាចរណ៍តាមនាវា ដូចជា ៖ ការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។
ប្រទេសកម្ពុជា មានកំពង់ផែចំនួន ១០៣ ក្នុងនោះ ២៦ ជាកំពង់ផែសមុទ្រ និង ៧៧ ជាកំពង់ផែទន្លេ។ កំពង់ផែទន្លេនេះ មានទីតាំងនៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ក្នុងចំណោមកំពង់ផែទាំងនេះ មានកំពង់ផែអន្តរជាតិចំនួនពីរធំៗ គឺកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ