រាជធានីភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងយីហោ «ម៉ាក់ ស្រីណុច» ហើយបានហៅសុទ្ធតែស្រាបៀរ ABCផង និងស្រាបៀរ Anchor ផង ព្រមទាំងកុម្ម៉ង់បាយម្ហូប និងគ្រឿងក្លែមផង ធ្វើចរិតឫកពារដូចអភិជន ។ ហើយបុរសរូបនេះ បានអង្គុយផឹកស៊ី តាំងពីព្រឹករហូតដល់ល្ងាច លុះពេលគិតលុយអស់ ចំនួន១៤ម៉ឺនរៀល ស្រាប់អត់ព្រមទូទាត់លុយឲ្យម្ចាស់ហាងទេ ព្រោះទំនងជាគ្មានលុយ១រៀល នៅក្នុងហោប៉ៅឡើយ។ មិនតែប៉ុណ្ណោះ ពេលម្ចាស់ហាងទារលុយខ្លាំងមែនទែន បុរសនេះ ក៏បាននាំទៅយកលុយ ម្ដងកន្លែងនេះ និងម្ដងកន្លែងនោះ ទើបត្រូវបានម្ចាស់ហាង និងប្រជាការពារភូមិ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីធ្វើការដោះស្រាយគ្នាតែម្ដង ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្នុងហាងផឹកស៊ីយីហោ «ម៉ាក់ ស្រីណុច » ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង មុខវត្តជន្លង់ម្លូ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ត្រីម្ចាស់ហាង បានប្រាប់ថា បុរសខាងលើ បានចូលទៅកាន់ហាងរបស់គាត់ នៅវេលាម៉ោង១០ព្រឹកថ្ងៃកើតហេតុ បន្ទាប់មកបានកុម្ម៉ង់ស្រាបៀរABC ចំនួន ១កញ្ច្រែង ព្រមទាំងបាយម្ហូបអង្គុយផឹកស៊ី តែម្នាក់ឯង ។ បន្ទាប់ពីផឹក ABC អស់១កញ្ច្រែង បុរសនេះក៏បានកុម្ម៉ង់ស្រាបៀរANCHOR ចំនួនកន្លះកេស ថែមទៀត និងបានផឹកស៊ីរហូតដល់វេលាម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបឈប់ ។
ម្ចាស់ហាងរូបនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់គិតលុយអស់ ចំនួន១៤ម៉ឺនរៀល ស្រាប់តែបុរសនេះ អត់ព្រមទូទាត់ឲ្យ និងបានចុះដើរទៅទៅរករឿងម្ចាស់ហាងមួយទៀត ដែលនៅជិតនោះ ដោយបានចោទថា បានលួចម៉ូតូរបស់ខ្លួន កាលពីម្សិលមិញ ខណៈនោះគាត់ ក៏បានប្រាប់បុរសនោះថា រឿងបាត់ម៉ូតូរឿងអីនោះ គឺជារឿងរបស់បងឯងជាមួយគេទេ ប៉ុន្តែសំខាន់ពេលនេះ បងឯង ដោះស្រាយលុយថ្លៃផឹកស៊ីឲ្យខ្ញុំមក សរុបទាំងអស់ចំនួន ១៤ម៉ឺនរៀល ។
ម្ចាស់ហាងម៉ាក់ ស្រីណុច បានប្រាប់បន្ថែមទៀតថា បន្ទាប់ពីគាត់ទារលុយខ្លាំង បុរសនេះ ក៏បានឲ្យប្ដីគាត់ឌុប ទៅយកលុយនៅយានដ្ឋានមួយកន្លែងម្ដុំផ្លូវរថភ្លើង ស្ថិតនៅខាងខាងលិចភូមិព្រៃរងៀងនោះដែរ ។ ខណៈនោះ ប្ដីគាត់ក៏ជិះម៉ូតូ ១គ្រឿងឌុបទៅ លុះពេលទៅដល់ បុរសនោះអត់ចូលទៅក្នុងយានដ្ឋាននោះឡើយ ម្ដងឲ្យឌុបទៅនេះ និងម្ដងឲ្យឌុបទៅនោះ ទើបប្ដីគាត់ឌុបហួស ទៅដល់ក្នុងភូមិកំរៀងសង្កាត់កន្ទោក ខណ្ឌកំបូលក៏ឈប់ដឹក ។
គាត់បានបញ្ជាក់ថា ពេលនោះ ក៏មានការនិយាយប្រកែកគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ហើយកម្លាំងប្រជាការពារភូមិ ក៏បានឃាត់ខ្លួនបុរសនោះនាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីដោះស្រាយគ្នាតែម្ដង ។
នៅភ្លាមៗនោះដែរ ស្ត្រីម្ចាស់ហាងខាងលើ បាននិយាយថា គាត់មិនធ្វើការប្ដឹងផ្ដល់បុរសនោះទេ គឺសុំឲ្យតែដោះស្រាយរឿងលុយថ្លៃផឹកស៊ី ឲ្យគាត់មកគឺចប់រឿងហើយ ។
ទាក់ទិនទៅនឹងហេតុការណ៍នេះ ពុំដឹងថា តើមានការដោះស្រាយបែបណានោះទេ ហើយនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានរុញបុរសនោះចូលប៉ុស្តិ៍ភ្លាមៗ ក្រោយពីការឃាត់ខ្លួន ៕






ចែករំលែកព័តមាននេះ