ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​យី​ឌុ​ប ១​គ្រឿង បើក​បុក​រះ​ផ្ទះ និង​រទេះ​លក់​ទា​ខ្វៃ​តាម​ផ្លូវ ទាំង​កំរោល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប ១​គ្រឿង សម្រាប់​ដឹក​ដី ខ្សាច់ ក្រួស ថ្ម បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​រះ​ផ្ទះ និង​រទេះ​លក់​ទា​ខ្វៃ​តាម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប ១​គ្រឿង សម្រាប់​ដឹក​ដី ខ្សាច់ ក្រួស ថ្ម បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​រះ​ផ្ទះ និង​រទេះ​លក់​ទា​ខ្វៃ​តាម​ផ្លូវ មួយ​កន្លែង ទាំង​កំរោល បណ្ដាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត ប៉ុន្តែ​ជា​សំណាងល្អ មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់ ឬ​របួស​នោះ​ឡើយ ដោយ​ម្ចាស់ផ្ទះ​បាន​ទាញ​កូន​តូច​ៗ២​នាក់ រត់​ចេញ​ផុត​ទាន់ ទាំង​ព្រលឹង​ចុង​សក់ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក FUSO ព​ណ៍ សលាយ​បៃតង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-3605 ជា​ប្រភេទ​បែន​យី​ឌុ​ប សម្រាប់​ដឹក​ដី ខ្សាច់ ក្រួស ថ្ម ។ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រលួស​ឃាត់ខ្លួន​បាន និង​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ ។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ខាងលើ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា អ្នកបើកបរ​ងងុយដេក​ឬ​បែប​ណា​នោះ​ទេ ស្រាប់តែ​ជាន់​ហ្គ៊ែ​រ​កាន់តែ​លឿន ហើយ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​អ្នក​ភូមិ និង​រទេះ​លក់​ទា​ខ្វៃ បណ្ដាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​តែ​ម្ដង ។

ដោយឡែក ម្ចាស់ផ្ទះ​ខាងលើ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​កំពុង​លក់ដូរ​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​រថយន្ត​នោះ​បើក​លឿន​ស្លេវ​សំដៅ​មក​ផ្ទះ​របស់​គាត់ ពេល​នោះ​គាត់​មិន​អាច​យក​របស់​អ្វី​ទាន់​ឡើយ​។ គាត់​បាន​ស្រវា​ចាប់​ទាញ​កូន​តូច​ៗ បាន​២​នាក់ រត់​ចេញ​រួច​ផុត កុំ​អី​ត្រូវ​រថយន្ត​នោះ​បុក និង​កិន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្កហេតុ​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រលួស​ភ្លាម​ៗ ហើយ​បុរស​នោះ​បាន​ប្រាប់​នគរបាល​ថា ខ្លួន​បើក​គេច​រថយន្ត ១​គ្រឿង ផ្សេង​ទៀត ទើប​រេ​ចង្កូត​បុក​ចូល​ផ្ទះ​អ្នក​ភូមិ​បែប​នេះ​តែ​ម្ដង ។ ចំណែក​នគរបាល​ចរាចរ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ផង​ដែរ និង​បាន​ពិនិត្យ​មើលឃើញ​ថា​អ្នកបើកបរ​រថយន្ត​នោះ អត់​ស្រវឹងស្រា ឬ​មាន​សារធាតុ​ញៀន​ឡើយ ។ ទើប​ឲ្យ​ភាគី​ទាំងអស់​សម្របសម្រួល​គ្នា ហើយ​អ្នកបើកបរ​រថយន្ត បាន​យល់ព្រម​ចេញ​សំណង​ការ​ខូច​ទាំងអស់ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ