ភ្នំគូលែនជាទីកំណើតនៃអាណាចក្រអង្គរ
- សៀមរាប
ខេត្តសៀមរាប ៖ ភ្នំគូលែន មានឈ្មោះជាផ្លូវការថា«ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន»
ខេត្តសៀមរាប ៖ ភ្នំគូលែន មានឈ្មោះជាផ្លូវការថា«ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន»
ខេត្តសៀមរាប ៖ ភ្នំគូលែន មានឈ្មោះជាផ្លូវការថា«ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ និងស្រុកវ៉ារិន ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ។ ភ្ញៀវទេសចរភាគច្រើន ដែលទៅទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្ត្រមួយនេះណាស់ ដោយនាំគ្នាទៅទស្សនាសួនកេសរកូលជើងភ្នំគូលែន ពើងតាខុ លិង្គ១០០០ ទឹកជ្រោះ ព្រះអង្គធំ ជំរំយុវជន ព្រះក្រាល ស្រះដំរី ប្រាសាទក្របីក្រាប អារាមរោងចិន ពើងត្បាល់ ទំនប់ថ្នល់ដាច់ និងទស្សនាថ្ងៃលិចផងដែរ ។
ការវិលត្រឡប់ទៅកាន់សម័យកាលដ៏រុងរឿងអស្ចារ្យ អតីតរាជធានីបុរាណមហិន្ទ្របព៌តនាដើមសតវត្សទី៩ ភ្នំគូលែន»មានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងជារាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឱ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា និងសៀម ។ ជួរភ្នំគូលែន មានទីតាំងទេសចរណ៍ធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែង ។
ក្នុងចំណោមទីតាំងទេសចរណ៍ល្បីៗ ទឹកធ្លាក់ភ្នំគូលែន ទាក់ទាញទេសចរច្រើនជាងគេ ដ្បិតថាទីនេះមានទឹកធ្លាក់ដ៏ត្រជាក់ជាច្រើនដំណាក់ និងមានទីធ្លាធំទូលាយ ។ អ្នកមានជំនឿ តែងតែចាត់ទុកទឹកធ្លាក់ភ្នំគូលែន និងទឹកធ្លាក់ក្បាលស្ពាន ជាកន្លែងដ៏ស័ក្ដិសិទ្ធិសម្រាប់ជម្រះអស់រឿងសៅ
ហ្មងទាំងឡាយ ។ ជារៀងរាល់រដូវបុណ្យទាន ភ្នំគូលែន មានទេសចរច្រើនកុះករ ។ ទេសចរជាតិ និងអន្តរជាតិ តែងតែងូតទឹកនៅកន្លែងទឹកធ្លាក់នេះ មុននឹងបន្តដំណើរទៅទស្សនារមណីយដ្ឋានល្បីៗជាច្រើនទៀត ។
នៅលើភ្នំគូលែន មានប្រាសាទបុរាណជាច្រើនបានលាក់ខ្លួននៅក្នុងព្រៃ និងភ្ញៀវទេសចរទាំងអស់ក៏អាចមុជទឹកលេងកម្សាន្ត ជាមួយនឹងទឹកធ្លាក់ដែលត្រជាក់ដូចទឹកអម្រឹត ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានតម្កល់់ព្រះពុទ្ធបដិមា១អង្គទម្រេតព្រះកាយ ដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង គេហៅថា ព្រះអង្គធំ ។
គួរបញ្ជាក់ថា អំពីប្រវត្តិសាស្ត្រ ភ្នំគូលែន ពិតជាភាពអស្ចារ្យនៃមរតកដូនតាខ្មែរ ដែលបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ។ លើសពីនេះ អ្នកចូលរួមក៏បានស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជន និងសហគមន៍ រួមទាំងវប្បធម៌ និងធម្មជាតិនៅលើភ្នំគូលែនផងដែរ ។
ជាមួយគ្នានេះ ដំណើរកម្សាន្តនេះក៏ជាការចូលរួមចំណែកគាំពារថែរក្សាធនធានធម្មជាតិ តាម រយៈការពង្រីកកញ្ចប់ទេសចរណ៍ក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជនរស់នៅលើខ្នងភ្នំគូលែនថែមផង ។
ភ្នំគូលែន គឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មម ស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក ។ ភ្នំនេះលាតសន្ធឹងប្រវែងប្រហែល ៤០គីឡូម៉ែត្រ ពីប៉ែកពាយ័ព្យ ទៅខាងអាគ្នេយ៍ ដែលមានចម្ងាយ
ប្រហែល ៤៨គីឡូម៉ែត្រ នៅខាងជើងក្រុងសៀមរាប ។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម៉ែត្រ ។ កំពូលដែលខ្ពស់បំផុត គឺមានកម្ពស់ ៤៨៧ម៉ែត្រ ។
ភ្នំគូលែនមានឈ្មោះដើម«មហិន្ទ្របព៌ត» ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអា
ណាចក្រអង្គរ ។ ភ្នំគូលែន ក៏ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ជាពេលដែលសម័យអង្គរកើតឡើង ។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរឬអាណាចក្រខ្មែរដំបូងគេជិតកន្លះសតវត្សរ៍ មុនពេលប្តូរទៅហិរិហរាល័យ ដែលឥឡូវនេះហៅថា«រលួស» ។
តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់ ។ ហេតុដូចនេះហើយ ទើបវាមានសារៈសំខាន់ជាខ្លាំងក្នុងអាណាចក្រខ្មែរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនក្នុងតំបន់អង្គរ ។ ចំពោះប្រភពសំខាន់ជាងគេ គឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ ។
បើតាមធម្មជាតិវិទូបារាំងឈ្មោះ ហង់រី មូហូត ដែលបានទៅដល់ភ្នំគូលែននៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាត់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស់ ហើយមានកម្ពស់ប្រែប្រួលពី ៣០០ម៉ែត្រទៅ ៤០០ម៉ែត្រ និងមានបណ្តោយប្រវែង ៣៨គីឡូម៉ែត្រ ។
ភ្នំគូលែន ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែងរួមទាំងសហគមន៍មនុស្សផងដែរ ។ ម្យ៉ាងទៀត ភ្នំនេះបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ រហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះយើងឃើញមានការសិក្សាស្រាវជ្រាវ និងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា ។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ ។
ជំនឿរបស់ពលរដ្ឋខ្មែរចំពោះភ្នំគូលែនដ៏មហាអស្ចារ្យភ្នំគូលែន ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងការធ្វើធម្មយាត្រាក្នុងចន្លោះពេលចុងសប្តាហ៍នៃពិធីបុណ្យ។ ភ្នំនេះ ជាកន្លែងដែលមានតួនាទីដ៏សំខាន់នៅក្នុងតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ ។
នៅលើកំពូលភ្នំ មានវត្តតូចមួយដែលមានតម្កល់ព្រះពុទ្ធបដិមា១អង្គទម្រេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង ។ រីឯនៅជម្រាលភ្នំ មានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថា«ទឹកជប់» គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុទឹកនោះផុសចេញពីភ្នំសក្ការបូជា ។
រឿងរ៉ាវទាក់ទងនឹងភ្នំគូលែន ត្រូវបានអ្នកស្រុកដែលចេះចាំតៗគ្នា តំណាលថា វាជាកោះមួយស្ថិតនៅកណ្តាលសមុទ្រ ដែលសំពៅទាំងឡាយតែងមកចូលចតនៅទីនោះ ជាពិសេស សំពៅមកពីចិន ។ រឿងរ៉ាវបានបញ្ជាក់ទៀតថា នៅថ្ងៃមួយ ហេតុការណ៍អាក្រក់បានកើតឡើង គឺការកើតមានព្យុះយ៉ាងខ្លាំងបោកបក់ ធ្វើឲ្យសំពៅចិនលិចនៅទីនោះ ។ តាមរយៈរឿងព្រេងនិទាននេះ អ្នកស្រុកបានសន្និដ្ឋានតៗគ្នាថា រុក្ខជាតិទាំងឡាយដែលមានដុះនៅលើភ្នំនោះ កើតមានដោយសារពូជនៃធញ្ញជាតិផ្សេងៗ ដែលបានដឹកតាមសំពៅចិន និងលិចនៅទីនោះ ក្នុងនោះមានពូជ «គូលែន» ជាដើម ។
កាលណាគេនិយាយអំពីបុរាណស្ថាន «ភ្នំគូលែន» គេតែងរំឭកដល់ស្នាព្រះហស្តរបស់ ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងសម័យកាលនៃចក្រភពខ្មែរ ។ ព្រះអង្គទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាផងដែរ ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក ។
ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២នេះតទៅ ចក្រភពខ្មែរបានក្លាយទៅជាអាណាចក្រដ៏រឹងមាំ និងមានទំហំធំ ដោយស្ថិតក្រោមអំណាចនៃព្រះរាជាតែមួយអង្គគត់ ។ ប៉ុន្តែ បន្ទាប់ពីបានគង់នៅមួយរយៈពេល លើរាជធានីភ្នំគូលែន ព្រះបាទជ័យវរ្មន័ទី២ ទ្រង់បានយាងចុះមកគង់នៅរាជធានី«ហរិហរាល័យ»សាជាថ្មី ដែលមានទីតាំងស្ថិតនៅតំបន់រលួសសព្វថ្ងៃ ។ ព្រះអង្គបានគង់នៅហរិហរាល័យ រហូតដល់ចូលទិវង្គត ។ ក្រោយពេលព្រះអង្គចូលទិវង្គតទៅ ព្រះបាទជ័យវរ្ម័នទី២ទទួលបានមរណនាមថា «បរមេសូរ» (បរម+ឥសូរ) មានន័យថា វិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅសោយសុខនៅស្ថានព្រះឥសូរ ៕
ចែករំលែកព័តមាននេះ