ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតីស្នើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅអ្នកព័ត៌មានផ្សាយមិនពិត តាមកៀបគេស៊ី

8 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​ពី​ទឹកដី​ខេត្តសៀមរាប សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដក​អាជ្ញាប័ណ្ណ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​ចំពោះ​អ្នក​ព័ត៌មាន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត…

ខេត្តសៀមរាប ៖ ថ្លែង​ពី​ទឹកដី​ខេត្តសៀមរាប សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដក​អាជ្ញាប័ណ្ណ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​ចំពោះ​អ្នក​ព័ត៌មាន​ណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​កៀប​គេ​ស៊ី និង​បំពុលសង្គម ដើម្បី​កុំ​ធ្វើ​ឱ្យ​អ្នក​ព័ត៌មាន​បួនដប់​នាក់​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ព័ត៌មាន​វិជ្ជាជីវៈ ។

ការ​ស្នើ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​គេ​សង្កេត​ឃើញ​មាន​ករណី​ផ្សាយ​ព័ត៌មាន​មិន​ពិត ត្រូវ​បាន​ធ្វើការ​វែកញែក​គ្នា​យ៉ាង​ក្តៅ​គ​កុក ពិសេស​លើ​បណ្តាញ​សង្គម ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សារមន្ទីរ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ស្ថិត​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឱ្យ​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​ពិនិត្យ​មើល​បញ្ហា​ដោយ​កុំឱ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច ដែល​កំពុង​ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដើម្បី​បង្កើត​ជា​មុខរបរ និង​តាម​គៀប​គេ​ស៊ី មក​បំ​ផ្លា​យ​ដល់​អ្នក​សារព័ត៌មាន ដែល​គេ​កំពុង​គោរព​វិជ្ជាជីវៈ​យ៉ាង​ត្រឹមត្រូវ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ប្រសិនបើ​រក​ឃើញ​មាន​អ្នក​សារព័ត៌មាន​ទាំង​អស់នេះ​ត្រូវ​លុប​អាជ្ញាប័ណ្ណ​ចោល ដើម្បី​កុំឱ្យ​មាន​បន្ដ​ធ្វើ​សកម្មភាព​ទាំង នេះ​ឱ្យ​ខាង​តែ​បាន ។ ប៉ុន្ដែ​អ្នក​សារព័ត៌មាន​ខ្លះ​ដោយសារ​តែ​ផ្សាយ​លឿន​ទើប​ផ្សាយ​ខុស ហើយ​គាត់​ផ្សាយ​កែតម្រូវ នោះ​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​គាត់​ពុំ​មាន​ចេតនា តែ​សារព័ត៌មាន​មួយ​ចំនួន​មាន​ចេតនា​ផ្សាយ​ខុស ផ្សាយ​បំភ្លៃ និង​មាន​ចេតនា​បង្កើត​បញ្ហា និង​បំផ្លាញ​សង្គម នឹង​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​តែ​ម្ដង​» ។

សម្តេច​ធិ​បតី​បាន​លើក​ឡើ​ថា រាជរដ្ឋាភិបាល​កំពុង​តែ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​កំពុង​បង្កើត​បញ្ហា និង​វាយលុក​យ៉ាង​ខ្លាំង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធរ​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ។

ជាមួយ​គ្នា​នេះ មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អ៊ឺ​រ៉ុ​ប កា​ណា​ដា អា​មេ​រិ​ក ក៏​កំពុង​គិត​អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផង​ដែរ ។ សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ថា​៖«​រាជរដ្ឋាភិបាល​គ្មាន​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ ប៉ុន្ដែ​ត្រូវ​គោរព​សិទ្ធិ​អ្នក​ដទៃ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិត​ដោយ​មិន​ធ្វើ ដើម្បី​ចំណេញ​នយោបាយ និង​ធ្វើ​ឱ្យ​សង្គម​មាន​បញ្ហា ។ ខ្ញុំ​ស្វាគមន៍​ព័ត៌មាន​ពិត ដើម្បី​ជួយ​ស្ថាបនា និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​» ។

ក្នុង​ឱកាស​នោះ សម្ដេច​ធិ​បតី អំពាវនាវ​ឱ្យ​អ្នក​ព័ត៌មាន​ទាំង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ។ ម្យ៉ាងវិញទៀត ដើម្បី​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ និង​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន​ឱ្យ​មានការ​យល់​ដឹង និង​ច្បាស់លាស់ ។

សូម​បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ ឬ Fake News បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ និង​មានការ​ជជែក​ដេញដោល​ច្រើន នៅ​ក្នុង​ចំណោម​អ្នកជំនាញ​សារព័ត៌មាន​ក៏​ដូច​ជា ពលរដ្ឋ​ទូទៅ​ក្នុង​ពិភពលោក ។ សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​មួយ ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នត់គំនិត និង​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ដែល​មានការ​ចាប់អារម្មណ៍​ពី​ផ្នែក​នយោបាយ​រហូត​ដល់​ការ​ទិញ​លក់​ផលិតផល​តូចតាច តាម បណ្តាញ​សង្គម ឬ​អ៊ីនធឺណិត​ជាដើម ។ រាល់​ព័ត៌មាន​ក្លែងក្លាយ​ឃើញ​មានការ​ចែករំលែក​យ៉ាងច្រើន​លើ​បណ្តាញ​សង្គម ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​កាន់តែ​ខុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ