ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនខ្លួនបុរស២នាក់ ទៅពន្ធនាគារខេត្ត ក្រោយតុលាការសម្រេចចេញដីកាបង្គាប់អោយឃុំខ្លួនកាលពីរសៀលថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
យោងតាមរបាយការណ៍កងរាជអាវុធខេត្តស្ទឹងត្រែង បានអោយដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងយោធា ឈរជើងនៅក្បាលកោះឈើទាលធំ ស្ថិតនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ចាន់សីហា មេបញ្ជាការង ផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន ៖
១. ឈ្មោះ លឺ ទ្បួងម៉ានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទ្បាវ មាទីលំនៅឃីខួយ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសទ្បាវ ។
២. ឈ្មោះ លីន គីក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
វត្ថុតាង រឹបអូសពីជនសង្ស័យ រួមមាន ៖
១. គ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន៤៨ កញ្ចប់តូច ស្មើនឹង ៩,៦០០គ្រាប់ ទម្ងន់សុទ្ធ៩៦៦,៤ក្រាម
២.ទូរសព្ទដៃ ចំនួន១គ្រឿង
៣. លុយទ្បាវ ចំនួន៧,៨០៥,០០០គីប ។
លោកវរសេនីយ៍ឯក ចាន់ ប៊ុនណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការសម្របសម្រូលពីលោក ស៊ិន សុហឹង ព្រះរាជ្ញាររងអមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រគល់វត្ថុតាង និងជនសង្ស័យខាងលើ ឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយបញ្ចប់នីតិវិធី កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនបុរសទាំង២នាក់ និងវត្ថុតាង ទៅកាន់តុលាការ និងបន្តបញ្ជូនទៅកាន់ពន្ធនាគារឃុំខ្លួនជាបណ្ដោះអាសន្ន ៕


ចែករំលែកព័តមាននេះ