ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីសាវ​តារភូមិគ្រឹះ​ ដាប ឈួន ហៅ​ឈួន​ម្ជុល​ពេជ្រ​ ស្តេច​ត្រាញ់​​ល្បី​​ឈ្មោះ​

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រាប​​​ ៖ សំណង់ផ្ទះ ដាប ឈួន ជា​​ឈ្មោះ​អគារ​នៃ​ភូមិ​គ្រឹះ​មួយ​ដែល​អ្នក​ស្រុក​សៀមរាប​​បាន​​

ខេត្ត​សៀម​រាប​​​ ៖ សំណង់ផ្ទះ ដាប ឈួន ជា​​ឈ្មោះ​អគារ​នៃ​ភូមិ​គ្រឹះ​មួយ​ដែល​អ្នក​ស្រុក​សៀមរាប​​បាន​​ស្គាល់ និង​ហៅ​ត​ៗ​គ្នា​ថា ​ជា​និវេសន​​ដ្ឋាន​ឯកជន កម្មសិទ្ធិ​របស់​អតីត​នាយ​ទាហាន ​អតីត​ប្រតិភូ​​រាជរដ្ឋាភិបាល និង​ជា​អភិបាលខេត្ត​សៀមរាប នា​ទស​វត្ស​រ៍ឆ្នាំ១៩៥០ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ។

លោក​ ដាប ឈួ​ន ក៏​មាន​​ងារ​​មួយ​ទៀត​​ថា«ឈួន​ម្ជុលពេជ្រ»​ និង​ប្រៀប​​ដូច​​ជា​​ស្តេច​​​ត្រាញ់​» មួយ​ដែល​​ខ្លាំង​ពូកែផង​​ដែរ ទោះ​បី​ជាង​​៦០​​ឆ្នាំ​​​ហើយ​​ក្តី​​តែ​​ប្រវត្តិ​​ទាក់​​​ទង​​នឹង​​ឆាក​ជីវិត​ ដាប ឈួ​ន មាន​ការ​​ពិ​ព​ណ៌នា​​មិន​​ចេះ​​អស់​ឡើយ ​ទាំង​មុន​និង​ក្រោយ​ការ​ចុះចូល​ជាមួយ​រាជការ ។ ​ទីបំផុត​ក៏​បាន​ក្លាយជា​ជន​ក្បត់ជាតិ​ និង​ស្លាប់​ដោយ​ការ​បាញ់​សម្លាប់ ។

ខាងក្រោម​នេះ​ ជា​​អតីត​ភូមិ​គ្រឹះ​លោក ដាប ឈួ​ន ដែល​បន្សល់​ទុក​មកដល់បច្ចុប្បន្ន នៅ​កណ្តាល​ក្រុង​សៀមរាបនៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ ។

ភូមិ​គ្រឹះ​លោក ដាប ឈួ​ន ត្រូវ​បាន​សាង​សង់​ឡើង​នៅ​អំឡុង​ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ១៩៥៩ ហើយបច្ចុប្បន្ន​សំណង់ផ្ទះ​នេះ​ ត្រូវ​បាន​ប្រែក្លាយ​ជាម​ជ្ឈ​មណ្ឌល​​ជាតិ​យុវជន​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បាន​ចុះ​បញ្ជីសារពើភ័ណ្ឌជា​របស់​រដ្ឋស្ថិតនៅ​តាម​​ផ្លូវ​ហ្សា​ល ដឺ​ហ្គោ​ល ក្នុងភូមិ​មណ្ឌល​​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក ម៉ៅ វណ្ណៈ នាយករង​នៃ​ម​ជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា កាលពី​​រសៀល​​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​​​​ បាន​​ឱ្យ​​ដឹង​​ពី​សាវតា​រអគារ​​ផ្ទះ​របស់​លោក ដាប ឈួ​ន ថា​​ ភូមិ​​គ្រឹះ​​នេះ​​បាន​​ឆ្លងកាត់​ច្រើន​​​​សម័យកាល​គឺ​ សម័យ​សង្គមរាស្ត្រនិយម សម័យ​​​សាធារណរដ្ឋ​​ខ្មែរ សម័យកម្ពុជា​​ប្រជា​​ធិ​ប​តេយ្យ សម័យសាធារណរដ្ឋ​​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា ហើយ​បច្ចុប្បន្ន​ជា​ព្រះរាជាណាចក្រ​ទី​២ ។

លោក​បន្ត​ថា ដំណាក់កាល​នៃ​ការ​ជួសជុល​អគារ​នេះ​ឡើង​វិញ​លើក​ទី​១ ដែល​ជា​និមិត្តសញ្ញា​លើ​សំណង់​បច្ចុប្បន្ន និង​ដំណាក់កាល​នៃ​ការ​ជួសជុល​បន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន​ប្រែ​ក្លាយ​ទៅ​ជាម​ជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ។

លោក ម៉ៅ វណ្ណៈ បាន​បន្ត​ថា សំណង់​អគារ​ផ្ទះ​របស់​លោក ដាប ឈួ​ន ធ្លាប់​ជា​អតីត​អគារ​វប្ប
ធម៌​កុមារ​ខេត្តសៀមរាប-ឧត្តរមានជ័យ ។ នៅ​ចន្លោះ​ឆ្នាំ​១៩៧០-១៩៧៥ ទី​នេះ​ជា​បន្ទាយ​ទា
ហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែររបស់​លោក​សេនាប្រមុខ លន់ ន​ល់ និង​ជាទី​តាំង​ខ្សែត្រៀមជួរ​មុខ​ទប់ទល់​នឹង​ទ័ព​ខ្មែរក្រហម ។ នៅចន្លោះពី​ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី៧​ ខែមក​រា ឆ្នាំ​១៩៧៩ ទី​នេះ​ជា​គុកដាក់​អ្នកទោសកម្មាភិបាល​ខ្មែរក្រហម ។

ចំណែកពីឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៨ ​ជាទី​បញ្ជាការ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម រណ​សិ​រ្ស៤៧៩ ។

នៅ​ចុងឆ្នាំ​១៩៨៨ រណ​សិ​រ្ស៤៧៩ កងទ័ព​ស្ម័គ្រចិត្តវៀតណាម ក្រោម​កិច្ចសហការ​សម្របសម្រួលដឹក​នាំ​ជួសជុល​ឡើង​វ​វិញ ដោយ​លោកសោម សារ៉ូ ដែល​ពេល​នោះ​លោក​ជា​​អនុប្រធាន​មន្ទីរ​​អប់រំ និង​ក៏​ជា​ប្រធាន​មន្ទីរ​សមាគម​យុវជន​កម្ពុជា​ខេត្តសៀមរាប ហើយបច្ចុប្បន្នលោក សោម សារ៉ូ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ។ លោក​​បាន​​ជួស​ជុល​​អគារ​នេះ​​​ដោយ​​ដាក់​ឈ្មោះថា ​អគារ​វប្បធម៌​កុមារ​ខេត្ត​សៀមរាប -ឧត្តរមានជ័យ ក្នុង​គោលបំណងប្រើប្រាស់​ទីតាំង​បន្ទាយ​ទាហាន​នេះ ទៅ​ជា​ការ​អប់រំ និង​សុខ​សន្តិភាព ស្រប​ពេល​នៃ​ការ​អប​អរ​សាទរការ​ប្រារព្ធ​មហោស្រព​យុវជន​អន្តរ​​ជាតិ​​លើក​ទី​១២ នៅ​ទីក្រុងមូស្គូ អតីត​សហ​​ភាព​​សូ​វៀត រៀបចំ​ដោយ​សហព័ន្ធ​យុវជន​អន្តរ​​​​ជាតិ​​នា​ពេល​នោះ ។

មក​ដល់​ឆ្នាំ​១៩៩៣ ទីតាំង​នេះ​បាន​ក្លាយជា​ការិយា​ល័យ​យុវជន​ខេត្ត​សៀមរាប និងជាមជ្ឈ​​​​​មណ្ឌល​​ជាតិ​យុវជន​កម្ពុជា រហូត​ដល់ឆ្នាំ​២០០២​ ​ក្រសួង​​​​​ប​ាន​​​ចុះ​​​​​កិច្ច​​សន្យា​​ជួល​​​ឲ្យទៅ​​​​​លោក​​ស្រីញ៉ែ​ម មរតក ។ នៅឆ្នាំ​២០០៦ ក្រសួង​​​អប់រំ​យុវជន​​​​ និង​​កីឡា​​ បាន​​ប្រកាស​​ទៅ​​ជា​​​​​​មជ្ឈ​​​មណ្ឌល​​​​ជាតិ​យុវជន​កម្ពុជា​ ​ដឹកនាំ​ដោយ​គណៈ​​​​​គ្រប់​​​គ្រង​​​​​ក្រសួង​​​​​អប់រ​​ំ​​​ យុវ​ជន​ និង​កីឡា​ ។

នៅឆ្នាំ​​១៩៩៩ ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​ប្រគល់​ដីប៉ែក​ខាងត្បូង​ឱ្យទៅ​អង្គការ ASPECA សាងសង់អគារ​សម្រាប់​ជួយ​កុមារ និង​ហ្វឹកហាត់​សិល្បៈ​ដោយ​មានចុះអនុស្សរណៈ និង បន្ទាប់​មក​ទៀត​អង្គការ​អុីតា​លី​ជួយ​សង្គ្រោះ​កុមារ CIAI និង​បាន​បញ្ចប់អនុស្សរណៈ នៅ​ចុងឆ្នាំ​២០១៣ ។

លោក ម៉ៅ វណ្ណៈ បន្ត​ថា នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ ក្រសួង​អប់រំ​ យុវជន និង កីឡា បាន​ប្រកាស​ជា​ថ្មីបង្កើត​ជាម​ជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា និង​បាន​តែងតាំង​នាយក​ថ្មី ដើម្បី​ដំណើរការ​អភិវឌ្ឍន៍នៅ​ទី​នេះ ។

បច្ចុប្បន្ន​ ម​ជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជាមាន​ចំនួន​១១​បន្ទប់ ក្នុង​នោះ​មាន បន្ទប់ទទួលភ្ញៀវ១ ។ បន្ទប់​នាយក​១ បន្ទប់​ការិយាល័យ​របស់​មន្ត្រី​ចំនួន​២ បន្ទប់​ប្រជុំ​២ បណ្ណាល័យ​១ បន្ទប់​កម្មវិធី BEEP ១ បន្ទប់​ព័ត៌មានវិទ្យា ៣ បន្ទប់​របាំ ១ សាលា​សម្តែង​ចំហ ១ ចំណុះ ៣០០​នាក់ និងយ៉លំហែ ចំនួន ២​ផង​ដែរ ។

បើ​តាម​ប្រសាសន៍​​លោក លី វណ្ណៈ នាយក​​​​រដ្ឋបាល​សាលាខេត្តសៀមរាប បាន​ប្រាប់​​តាម​តេឡេក្រាមថា បច្ចុប្បន្នដី​នៅ​សល់​របស់​លោក ដាប ឈួ​ន មិន​មែន​ជា​ដី​របស់​ឯក​ជន​ទេ គឺជា​ដី​របស់​រដ្ឋ ជា​មជ្ឈ​មណ្ឌល​ជាតិ​យុវជន​​កម្ពុជា ហើយ​ក្រសួង​អប់រំ​ យុវជន និង​​កីឡា​ ក៏​កំពុង​រៀបចំ​ប្រគល់​មក​​ឱ្យ​​ខាង​យុវជន​​កម្ពុជា​ខេត្តសៀមរាប តែ​ខាង​រដ្ឋ​បាល​​ខេត្ត មិន​ទាន់​បាន​គួ​ស​ប្លង់​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ និង​បាន​ទុក​ឱ្យ​ខាង​ម​ជ្ឈ​មណ្ឌល​ជាតិ​យុវជន​​កម្ពុជា​គ្រប់គ្រង​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ