ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវពលរដ្ឋ ក្នុងឃុំចំនួន២ គឺឃុំទួលទទឹង និងឃុំព្រៃនប់ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីពិនិត្យ និងវាយតម្លៃ ពីស្ថានភាពការលូតលាស់ដំណាំស្រូវ និងតាមដានពីករណីដង្កូវមូរស្លឹក និងដង្កូវហ្វូង រាតត្បាតស្រូវ និងចែកថ្នាំកម្ចាត់សត្វដង្កូវ ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំពីលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអគ្គនាយកដ្ឋានជំនាញកសិកម្ម ក្រុមអង្គធំ អេហ្គ្រីខលឈ័រ ឌីវេឡូបមេន ក្រុមការងារការិយាល័យវាយតំលៃវីរុស ក្រុមការងារមន្ទីរកសិកម្មខេត្តព្រះសីហនុ មន្ត្រីរដ្ឋបាលស្រុក និងមន្ត្រីមូលដ្ឋានភូមិឃុំ ។
ក្រោយពីចុះពិនិត្យផ្ទាល់ ឃើញថា ស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំខាងលើ គឺមានការលូតលាស់ល្អប្រសើរ មិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរបង្កឡើងដោយដង្កូវមូរស្លឹក និងដង្កូវហ្វូង រាតត្បាតស្រូវធ្ងន់ធ្ងរឡើយ ។
ជាមួយគ្នានេះលោកស្រី រដ្ឋលេខាធិការ ក៏ផ្ដាំផ្ញើផងដែរ ដល់មន្ត្រីមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ប្រើប្រាស់ថ្នាំ ឲ្យបានត្រឹមត្រូវតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញកសិកម្ម ដើម្បីជៀសវាងការចំណាយថវិកាទិញថ្នាំប្រើប្រាស់ខុសគោលដៅ នាំឲ្យការចំណាយថវិការរបស់បងប្អូនខាតបង់ដោយមិនបានទទួលផល ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាល ខេត្តព្រះសីហនុ ចុះពិនិត្យមើលដំណាំស្រូវ ដែលរងការយាយីពីដង្កូវមូរស្លឹក ក្រោយពីបានចុះអន្តរាគមន៍កម្ចាត់រួច ចំនួន ៨៦ហិកតា ស្មើនឹង ៤៥គ្រួសារ និងអន្តរាគមន៍ ចំនួន ៥០ហិកតា ស្មើនឹង ១៥គ្រួសារ បន្ថែមទៀត នៅក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ។
ជាលទ្ធផល៖
១.ដំណាំស្រូវដែលអន្តរាគមន៍រួចមិនមានវត្តមានដង្កូវមូរស្លឹកទៀតទេ។
២.ណែនាំកសិករឱ្យចុះបាញ់ថ្នាំកម្ចាត់តាមការណែនាំរបស់មន្ត្រីជំនាញ។
៣.ណែនាំម្ចាស់ស្រែឱ្យបន្តតាមដានដំណាំស្រូវរបស់ពួកគាត់។
៤.សំណូមពរអាជ្ញាធរជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហាដង្កូវនេះ នឹងផ្តល់ព័ត៌មានមកមន្ត្រីជំនាញដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។
៥.ចែកថ្នាំជូនកសិក និងតាមរយៈអាជ្ញាធរឃុំជូនកសិករចំនួន ៥០ហិកតា ស្មើនឹង ១៥គ្រួសារបន្ថែមទៀត។
ដោយឡែកសម្រាប់ឃុំផ្សេងៗទៀត គិតត្រឹមថ្ងៃទី១៥ កក្កដា ២០២៤នេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភពាក់ព័ន្ធ នឹងដង្កូវមូលស្លឹកនិងដង្កូវហ្វូងទេ ៕













ចែករំលែកព័តមាននេះ