មកស្គាល់កីឡដ្ឋានធំបំផុតទាំង៥ នៅលើពិភពលោក នាពេលបច្ចុប្បន្ន
បរទេស ៖ នៅឆ្នាំ ២០២៤ កីឡដ្ឋានធំជាងគេនៅលើពិភពលោក នៅតែបន្តការបំផុសគំនិតអំពី
បរទេស ៖ នៅឆ្នាំ ២០២៤ កីឡដ្ឋានធំជាងគេនៅលើពិភពលោក នៅតែបន្តការបំផុសគំនិតអំពី
បរទេស ៖ នៅឆ្នាំ ២០២៤ កីឡដ្ឋានធំជាងគេនៅលើពិភពលោក នៅតែបន្តការបំផុសគំនិតអំពីកន្លែង ដែលអាចផ្ទុកអ្នកទស្សនាបានច្រើនជាងគេបំផុត។ កីឡដ្ឋានទាំងនោះ មិនគ្រាន់តែជាកន្លែងទស្សនាការប្រកួតកីឡាចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលវប្បធម៌ និងសង្គមសម្រាប់ សហ គមន៍ផងដែរ។ ក្រៅពីការរៀបចំព្រឹត្តិការណ៍កីឡាធំៗ កីឡដ្ឋានក៏ត្រូវបានរៀបចំការប្រគុំតន្ត្រី និងព្រឹត្តិការណ៍វប្បធម៌ផ្សេងទៀតផងដែរ។
កីឡដ្ឋានដ៏ធំបំផុតនៅលើពិភពលោក គឺជាសក្ខីភាពនៃការច្នៃប្រឌិតរបស់មនុស្ស។ យោងតាមប្រភពពីគេហទំព័រ Best Diplomats បានធ្វើការបង្ហាញអំពីកីឡដ្ឋានកីឡាធំបំផុតទាំង ៥ នៅលើពិភពលោក ដែលមានដូចខាងក្រោម ៖
១-កីឡដ្ឋាន Narendra Modi ប្រទេសឥណ្ឌា
កីឡដ្ឋាន Narendra Modi ស្ថិតនៅទីក្រុងអាមេដាបាដ (Ahmedabad) រដ្ឋគូចារ៉ាត (Gujarat) គឺជាកីឡដ្ឋានកីឡាគ្រីឃីត (Cricket) ហើយក៏ជាកីឡដ្ឋានដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានរហូតដល់ ១៣២,០០០នាក់។ រចនាសម្ព័នដ៏គួរឱ្យចាប់អារម្មណ៍នៃកីឡដ្ឋានមួយនេះ ដែលពីមុនត្រូវបានគេស្គាល់ថា កីឡដ្ឋាន Sardar Vallabhbhai Patel ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៣ ហើយត្រូវបានជួសជុលជាលើកដំបូងនៅឆ្នាំ ២០០៦ ។ នៅឆ្នាំ ២០២១ កីឡដ្ឋាននេះ ត្រូវបានប្តូរឈ្មោះទៅជា Narendra Modi ជាការផ្តល់កិត្តិយសដ៏ធំធេងសម្រាប់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។
កីឡដ្ឋាននេះគឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់អ្នកគាំទ្រកីឡាគ្រីឃីត នៅក្នុងប្រទេសឥណ្ឌា និងពិភពលោក។ នៅឆ្នាំ ២០២៣ កីឡដ្ឋាននេះក៏បានធ្វើម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាគ្រីឃីតពិភពលោក ឬ Cricket World Cup រវាងអូស្ត្រាលី និងឥណ្ឌា ដែលអូស្ត្រាលីបានក្លាយជាម្ចាស់ជើងឯក។ ការរចនា និងហេដ្ឋារចនាសម្ព័ន្ធនៃ កីឡដ្ឋាននេះ ផ្តល់ជូននូវគ្រឿងបរិក្ខារទំនើបៗ។
២-កីឡដ្ឋាន Rungrado 1st of May ប្រទេសកូរ៉េខាងជើង
ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង (Pyongyang) រដ្ឋធានីបេះដូងកូរ៉េខាងជើង កីឡដ្ឋាន Rungrado 1st of May គឺជាកីឡដ្ឋានធំជាងគេទី២ នៅលើពិភពលោក ដែលអាចផ្ទុកអ្នកទស្សនាបាន ១១៤,០០០នាក់ និងមានទំហំ ៥១ហិចតា និងរៀបចំសកម្មភាពជាច្រើនដូចជា ការប្រកួតបាល់ទាត់ និងកីឡាផ្សេងៗទៀត។ ការសាងសង់កីឡដ្ឋាននេះ គឺត្រូវចំពេលព្រឹត្តិការណ៍យុវជនអន្តរជាតិធំបំផុត World Festival of Youth and Students លើកទី១៣ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ១៩៨៩ ហើយក៏ជាព្រឹត្តិការណ៍ដំបូងដែលរៀបចំនៅក្នុងកីឡដ្ឋាននេះ។
កីឡដ្ឋានដែលសាងសង់នៅឆ្នាំ ១៩៨៦ បញ្ចប់នៅឆ្នាំ ១៩៨៩ មួយនេះ ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍នយោបាយផងដែរ។ ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការចរចាសន្តិភាពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយមានគម្រោងដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២។ សព្វថ្ងៃ កីឡដ្ឋាននេះ នៅតែជានិមិត្តរូបដ៏សំខាន់មួយនៃទីក្រុងព្យុងយ៉ាង និងជាសក្ខីភាពមួយចំពោះសមត្ថភាពស្ថាបត្យកម្ម និងវិស្វកម្មទំនើបរបស់កូរ៉េខាងជើងផងដែរ។
៣-កីឡដ្ឋាន Michigan សហរដ្ឋអាមេរិក
កីឡដ្ឋាននេះមានរហស្សនាមថា «The Big House» ដែលកីឡដ្ឋានកីឡាបាល់ឱបជាតិអាមេរិកដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលមានទីតាំងនៅទីក្រុងអាន់អាបឺរ (Ann Arbor) រដ្ឋមីឈីហ្គេន (Michigan) ។ កីឡដ្ឋានគឺជាកម្មសិទ្ធិរបស់សកលវិទ្យាល័យ University of Michigan ផ្ទាល់តែម្តង ហើយមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ១០៧,៦០១នាក់។ កីឡដ្ឋាន Michigan ក៏ជាកន្លែងសម្រាប់រៀបចំការប្រគុំតន្ត្រី និងព្រឹត្តិការណ៍ចម្រុះលំដាប់ពិភពលោកជាច្រើនផ្សេងទៀតផងដែរ។
៤-កីឡដ្ឋាន Beaver សហរដ្ឋអាមេរិក តម្លៃដើម ៖ ៩៦លានដុល្លារ
មានទីតាំងស្ថិតនៅសាកលវិទ្យាល័យ Pennsylvania State កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងដែលអាចផ្ទុកអ្នកទស្សនាបាន ១០៦,៥៧២នាក់ ហើយក៏ជាទឹកដីរបស់ក្រុមបាល់ឱបអាមេរិក Penn State Nittany Lions និងមានប្រវត្តិដ៏សម្បូរបែបនៅក្នុងបាល់ឱបមហាវិទ្យាល័យផងដែរ។ ប្រវត្តិនៃកីឡដ្ឋាននេះ ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណីរបស់សាកលវិទ្យាល័យ Pennsylvania State ។ វាត្រូវបានគេដាក់ឈ្មោះតាមលោក James A. Beaver ដែលជាប្រធានក្រុមប្រឹក្សាភិបាល អភិបាលក្រុង និងជាឧត្តមសេនីយ៍នៃសម័យសង្គ្រាមស៊ីវិល។
ចាប់តាំងពីត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ ១៩៦០ កីឡដ្ឋាននេះឆ្លងកាត់ការជួសជុលបន្ថែមចំនួន៦លើក ដែលចុងក្រោយបំផុតបានកើតឡើងក្នុងឆ្នាំ ២០១១។ ការជួសជុលកន្លងមកបានបង្កើនសមត្ថភាពផ្ទុកអ្នកទស្សនារបស់កីឡដ្ឋាននេះពីចំនួនដំបូងត្រឹមតែ ៦០,២០៣នាក់ប៉ុណ្ណោះ។
នៅឆ្នាំ ២០១៦ កីឡដ្ឋាន Beaver ត្រូវបានចាត់ទុកថាកីឡដ្ឋានបាល់ឱបថ្នាក់មហាវិទ្យាល័យកំពូលបំផុតដោយសាធារណៈជន ជាមួយការចាប់អារម្មណ៍ ប្រជាប្រិយភាពមិនចេះរីងស្ងួត។ ម្ចាស់កម្មសិទ្ធិនៅតែបន្តជួសជុលកែលម្អកីឡដ្ឋាននេះឱ្យកាន់តែល្អប្រសើរឡើងសម្រាប់ផ្តល់ឱ្យអ្នកគាំទ្រមកពីជុំវិញពិភពលោក ទទួលបានបទពិសោធន៍ពីភាពអស្ចារ្យនៃកីឡដ្ឋាននេះ ព្រោះវាគឺជាកីឡដ្ឋានដំបូងគេ ដែលត្រូវបានបង្ហាញនៅលើ Google Street View ។
៥-កីឡដ្ឋាន Ohio សហរដ្ឋអាមេរិក តម្លៃដើម ៖ ៩៦លានដុល្លារ
កីឡដ្ឋាននេះមានរហស្សនាមថា «The Horseshoe»។ កីឡដ្ឋានគឺជាមជ្ឍមណ្ឌលកីឡា និងវប្បធម៌ដ៏មានកេរ្តិ៍ឈ្មោះមួយ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២២ និងមានទីតាំងនៅរដ្ឋអូហៃអូ (Ohio)។ កីឡដ្ឋាននេះជាទឹកដីរបស់ក្រុមបាល់ឱបអាមេរិក Ohio State Buckeyes។ កីឡដ្ឋាននេះត្រូវបានរចនាឡើងដោយលោក Howard Dwight Smith ដែលជាវិស្វករសំណង់ស៊ីវិល និងជាអតីតនិស្សិតនៃសកល វិទ្យាល័យ Ohio State ។
លោក Smith បានបង្កើតការរចនាកីឡដ្ឋានទម្រង់អក្សរយូ «U» ។ កីឡដ្ឋាននេះគឺជាកីឡដ្ឋានមានដំបូលពីរ ដែលមានរាងដូចក្រចកសេះដំបូងគេនៅសហរដ្ឋអាមេរិក ហើយក៏ជាកីឡដ្ឋានដ៏ធំបំផុតនៅពេលសាងសង់រួចរាល់ផងដែរ។ កីឡដ្ឋាន Ohio មានភាពល្បីល្បាញដោយសារតែហេដ្ឋារចនាសម្ព័ន្ធតែម្តង។ នៅក្នុងឆ្នាំ ២០០១ ភាគីពាក់ព័ន្ធនៃកីឡដ្ឋានបានចំណាយប្រាក់រាប់លានដុល្លារលើការជួសជុល និងបង្កើនចំនួនកៅអីរហូតដល់ ១០២,៧៨០នាក់។
កីឡដ្ឋាននេះក៏បានរៀបចំការប្រគំតន្ត្រី ពិធីបុណ្យ និងព្រឹត្តិការណ៍ចម្រុះផ្សេងៗជាច្រើនផងដែរ។ ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់បំផុតមួយចំនួននៅកីឡដ្ឋាន Ohio រួមមានការប្រកួតបាល់ឱបអាមេរិក Ohio State-Michigan ក្នុងឆ្នាំ ១៩២២ ដែលបានឃើញហ្វូងអ្នកទស្សនាផ្ទាល់ចំនួន ៧១,៣៨៥នាក់ ដែលបំបែកកំណត់ត្រានៅពេលនោះ។ នៅឆ្នាំ ២០២២ កីឡដ្ឋាននេះបានរៀបចំការប្រកួតលើកទី៦០០ របស់ខ្លួនដែលបង្ហាញពីការប្រកួតរវាងក្រុម Buckeyes និងក្រុម Michigan៕ (ប្រភព ៖ Best Diplomats)
ចែករំលែកព័តមាននេះ