រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រកាសជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញ ។
ឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់ ។
កងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ កំពុងចេញទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិបាន ចុះត្រួតពិនិត្យ ការបញ្ជូនកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និង កងពលតូចលេខ៧០ ចេញទៅស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
វេលាម៉ោង៥ ទៀបភ្លឺ ព្រឹកថ្ងៃទី ១៣ខែ កក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជួយសង្គ្រោះគ្រោះ គ្រោះមហន្តរាយ ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងចាត់តាំងបញ្ជូនកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ ដើម្បីចេញទៅរុករកឧទ្ធម្ភាគចក្រ០១គ្រឿង ដែលបានបាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ