ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់បង្ហាញខ្លួនផង! ការលក់អាវ Mbappe បានបំបែកកំណត់ត្រារួចទៅហើយ

10 ខែ មុន

ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappe មិនទាន់បានប៉ះបាល់នៅក្នុងនាមជាកីឡាករក្រុម Real

ប្រទេសអេស្ប៉ាញ ៖ កីឡាករ Kylian Mbappe មិនទាន់បានប៉ះបាល់នៅក្នុងនាមជាកីឡាករក្រុម Real Madrid នៅឡើយទេ ប៉ុន្តែខ្សែប្រយុទ្ធបារាំងរូបនេះ បានបំបែកកំណត់ត្រាការលក់អាវនៅក្លិបយក្សអេស្ប៉ាញមួយនេះបាត់ទៅហើយ ដ្បិតអ្នកគាំទ្រប្រឈមមុខនឹងការរង់ចាំរយៈពេល៦សប្តាហ៍ សម្រាប់អាវលេខ ៩ រដូវកាលថ្មី។ នេះបើយោងការចេញផ្សាយពីសារព័ត៌មាន talkSPORT។

កីឡាករ Mbappe បានបញ្ចប់ការផ្ទេរជាផ្លូវការពីក្លិបបារាំង Paris Saint-Germain មកចូលរួមជាមួយក្លិប Real Madrid នៅដើមរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គេបានអស់សុពលភាពជាមួយក្លិបដែលមានមូលដា្ឋននៅទីក្រុងប៉ារីស។ ប្រធានក្រុមមាន់គកបារាំង ដែលទើបហាលអាវពីព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ រូបនេះ នឹងបង្ហាញវត្តមាននៅក្នុងពិធីស្វាគមន៍នាមជាកីឡាករចំណូលថ្មីរបស់ Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ក្រោមវត្តមានថ្នាក់ដឹកនាំ និងអ្នកគាំទ្ររាប់ម៉ឺននាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីបានចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ ជាមួយក្លិបរហស្សនាម «ស្តេចស» មួយនេះ។

ក្លិប Real Madrid កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសជាផ្លូវការថា កីឡាករ Mbappe នឹងពាក់អាវលេខ ៩ សម្រាប់រដូវកាល ២០២៤-២៥។ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ញជាច្រើន រួមទាំង Marca ក៏បានរាយការណ៍ថា អាវ Real Madrid រដូវកាលថ្មី លេខ ៩ មានឈ្មោះ Mbappe ត្រូវបានដាក់លក់នៅហាង និងគេហទំព័រអនឡាញរបស់ក្លិបជាផ្លូវការ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ការបញ្ជាទិញ។

ភ្លាមៗក្រោយការប្រកាស អ្នកគាំទ្របានសម្រុកបញ្ជាទិញតាមអនឡាញយ៉ាងច្រើន ហើយក្រោយមក គេហទំព័ក្លិបបានបញ្ជាក់ប្រាប់បណ្តាអ្នកទិញថា ការបញ្ជាទិញត្រូវពន្យារពេល ដោយសារតែតម្រូវការច្រើនលើសលប់ពេក។ អ្នកគាំទ្រក្លិបដែលបញ្ជាទិញអាវ Kylian Mbappe នឹងត្រូវរង់ចាំរយៈពេលរហូតដល់៦សប្តាហ៍ទៀត ដើម្បីអាចទទួលបានអាវរបស់ពួកគេ។ តាមរយៈការសម្រុកបញ្ជាទិញដ៏ច្រើន​លើសលប់នេះ អាវលេខ ៩ របស់ Mbappe ត្រូវបានរាយការណ៍ថាបានបំបែកកំណត់ត្រាការលក់របស់ក្លិបរួចបាត់ទៅហើយ។

ប្រភពពីសារព័ត៌មាន ESPN បានរាយការណ៍ថា អាវក្នុងដីលេខ៩ របស់ Mbappe សម្រាប់រដូវកាល ២០២៤-២៥ កម្រិតសាច់អាវកីឡាករពាក់ ត្រូវដាក់លក់ក្នុងតម្លៃ ២១៥ដុល្លារអាមេរិក ខណៈដែលអាវស្តង់ដារសម្រាប់អ្នកគាំទ្រពាក់ដាក់លក់នៅក្នុងតម្លៃ ១៥០ដុល្លារ។

ខាងក្រោមនេះ គឺជាក្លិបបាល់ទាត់ទាំង ១០ ដែលរកចំណូលបានច្រើនជាងគេពីការលក់អាវ និងសម្ភារៈផ្សេងទៀត កាលពីឆ្នាំ ២០២៣ ៖
១.Barcelona ដៃគូឧបត្តម្ភក្រុមហ៊ុន Nike ៖ ១៩៧លានដុល្លារ
២.Real Madrid ដៃគូឧបត្តម្ភក្រុមហ៊ុន Adidas ៖ ១៧០លានដុល្លារ
៣.Bayern Munich ដៃគូឧបត្តម្ភក្រុមហ៊ុន Adidas ៖ ១៦២លានដុល្លារ
៤.Liverpool ដៃគូឧបត្តម្ភក្រុមហ៊ុន Nike ៖ ១៤៥លានដុល្លារ
៥.Man United ដៃគូឧបត្តម្ភក្រុមហ៊ុន Adidas ៖ ១៤៣លានដុល្លារ

៦.PSG ដៃគូឧបត្តម្ភក្រុមហ៊ុន Nike ៖ ១០៧លានដុល្លារ
៧.Arsenal ដៃគូឧបត្តម្ភក្រុមហ៊ុន Adidas ៖ ៩៨លានដុល្លារ
៨.Chelsea ដៃគូឧបត្តម្ភក្រុមហ៊ុន Nike ៖ ៩៦លានដុល្លារ
៩. Juventus ដៃគូឧបត្តម្ភក្រុមហ៊ុន Adidas ៖ ៨១លានដុល្លារ
១០.Tottenham ដៃគូឧបត្តម្ភក្រុមហ៊ុន Nike ៖ ៨១លានដុល្លារ៕ (ប្រភព ៖talkSPORT, Marca និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ