ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញ និងអាហ្សង់ទីន បន្តដំណើរទៅបង្កើតប្រវត្តិសាស្ត្រថ្មី ពានរង្វាន់កម្រិតទ្វីបរៀងខ្លួន

4 ថ្ងៃ មុន

បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន បំពេញតួនាទីបានយ៉ាងល្អដូចគ្នា

បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន បំពេញតួនាទីបានយ៉ាងល្អដូចគ្នា ដោយបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទ្វីបរៀងខ្លួន ហើយនឹងត្រៀមបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រដូចគ្នាផងដែរ។

ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ
ក្រុមគោជល់អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente ពុំបានធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយបានទម្លាក់ក្រុមមាន់គកបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈជ័យជម្នះលទ្ធផល ២-១ នៅឯកីឡដ្ឋាន Allianz Arena កាលពីម៉ោង ០២:០០ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ខ្សែបម្រើប្រយុទ្ធ Lamine Yamal វ័យ១៦ឆ្នាំ ដែលជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្រ្តជើងឯកអឺរ៉ុប និងខ្សែបម្រើប្រយុទ្ធ Dani Olmo គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះសមា្រប់អេស្ប៉ាញ ខណៈ១គ្រាប់នាំមុខមុនរបស់បារាំងរកបានដោយខ្សែប្រយុទ្ធ Randal Kolo Muani។

តាមរយៈជ័យជម្នះនេះ អេស្ប៉ាញកក់កៅអីវគ្គផ្តាច់ព្រ័ត្រមុន រង់ចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមមច្ចុរាជពណ៌ទឹកក្រូចហូឡង់ និងក្រុមតោកំណាចអង់គ្លេស នៅយប់នេះ ហើយក្រុមដែលឈ្នះបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងជើងឯកជាមួយអេស្ប៉ាញ។

អេស្ប៉ាញ ប្រសិនបើឈ្នះជើងឯកនៅឆ្នាំនេះ ពួកគេនឹងបង្កើតកំណត់ត្រាថ្មី គឺជាក្រុមតែមួយគត់ឈ្នះជើងឯកទ្វីបអឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ដ្បិតបច្ចុប្បន្នកំពុងកាន់កាប់តំណែងមួយនេះ រួមជាមួយអាល្លឺម៉ង់ ដោយឈ្នះជើងឯក៣សម័យកាលដូចគ្នា។ អេស្ប៉ាញឈ្នះនៅឆ្នាំ ១៩៦៤, ២០០៨ និង ២០១២ ចំណែកឯអាល្លឺម៉ង់ឈ្នះនៅឆ្នាំ ១៩៧២, ១៩៨០ និង ១៩៩៦។

ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ
ក្រុមពពកខៀវអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni បន្តបង្ហាញចង្កូមកំណាចរបស់ខ្លួន ក្រោយទម្លាក់កាណាដាត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MetLife ដោយលទ្ធផល ២-០ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ជ័យជម្នះអាហ្សង់ទីន សម្រេចបានដោយខ្សែប្រយុទ្ធ Julian Alvarez និងប្រធានក្រុម Lionel Messi ដែលជាគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធក្រុម Inter Miami វ័យ៣៧ឆ្នាំរូបនេះ នៅក្នុងព្រឹត្តិការណ៍ Copa America 2024។

អាហ្សង់ទីន កក់កៅអីវគ្គផ្តាច់ព្រ័ត្រមុន រង់ចាំអ៊ុតលទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកូឡុំប៊ី និងអ៊ុយរ៉ាហ្គាយ ដែលធ្វើឡើងនៅឯកីឡដ្ឋាន Bank of America វេលាម៉ោង ០៧:០០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ហើយក្រុមដែលឈ្នះនឹងឡើងវគ្គផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯកជាមួយអាហ្សង់ទីន។

អាហ្សង់ទីនក្នុងនាមក្រុមការពារតំណែងចជើងឯក ប្រសិនបើឈ្នះជើងឯកនៅឆ្នាំនេះ ពួកគេនឹងបង្កើតកំណត់ត្រាថ្មី គឺជាក្រុមតែមួយគត់ឈ្នះជើងឯកទ្វីបអាមេរិកច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត ដ្បិតបច្ចុប្បន្នកំពុងកាន់កាប់តំណែងមួយនេះ រួមជាមួយនឹងអ៊ុយរ៉ាហ្គាយ ពោលគឺឈ្នះ១៥សម័យកាល ដូចគ្នា។

អាហ្សង់ទីនឈ្នះនៅឆ្នាំ ១៩២១, ១៩២៥, ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១, ១៩៩៣ និង ២០២១។ ចំណែកឯអ៊ុយរ៉ាហ្គាយឈ្នះនៅឆ្នាំ ១៩១៦, ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩, ១៩៦៧, ១៩៨៣, ១៩៨៧, ១៩៩៥ និង ២០១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ