ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រដា.បត្រដួ.សមែន! តែអង់គ្លេសត្រូវបានព្យា​ករណ៍ថា ភាគរយខ្ពស់បន្តទៅវគ្គផ្តាច់ព្រ័ត្រ Euro 2024

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅ

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ជាក់ស្តែង នៅយប់នេះ ហូឡង់ នឹងត្រូវប៉ះ អង់គ្លេស វេលាម៉ោង ០២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅកីឡដ្ឋាន Signal Iduna Park។ ក្រុមឈ្នះយប់នេះ នឹងត្រូវឡើងទៅតទល់នឹងក្រុមគោជល់អេស្ប៉ាញ ដែលបានទម្លាក់ក្រុមមាន់គកបារាំងត្រឹមវគ្គពាក់កណ្តាលផ្តាច់ កាលពីយប់មិញនោះ ដើម្បីដណ្តើមតំណែងជើងឯក។

ហូឡង់
ក្រុមមច្ចុរាជពណ៌ទឹកក្រូច ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman កាលពីវគ្គសន្សំពិន្ទុក្នុងពូល D ធ្វើមិនបានល្អទាល់តែសោះ ដែលមានអូទ្រីស បារាំង និងប៉ូឡូញរួមពូល។ ហូឡង់បញ្ចប់នៅលេខ ៣ ដោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្នើ១ និងចាញ់១ ឈរក្នុងនាមក្រុមលេខ៣ល្អ បន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប៉ុន្តែអ្វីៗបែរជាប្រែដោយពួកគេស្រាប់តែបង្ហាញទម្រង់លេងនៅវគ្គ១៦ក្រុមចុងក្រោយ ដោយបំបាក់រូម៉ានី ដោយលទ្ធផល ៣-០ ហើយបន្តទម្លាក់តួកគី ត្រឹមវគ្គ៨ក្រុមចុងក្រោយ នៅក្នុងលទ្ធផល ២-១។

ហូឡង់មានប្រវត្តិធ្លាប់បង្ហាញវត្តមាននៅជើងឯកទ្វីបអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកទីដំបូងនៅឆ្នាំ ១៩៧៦ និងឈ្នះជើងឯក ១ ដង នៅឆ្នាំ ១៩៨៨ ហើយធ្លាប់ធ្វើជាម្ចាស់ផ្ទះ ១ លើក រួមជាមួយនឹងប្រទេសបែលហ្ស៊ិក នៅឆ្នាំ ២០០០។

អង់គ្លេស
ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងតឹងទ្រូងបំផុត រហូតឈានដល់ថ្នាក់អ្នកគាំទ្ររបស់ខ្លួន។ អ្នកគាំទ្រសម្តែងការខឹងសម្បារ និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៥៣ឆ្នាំរូបនេះ ដែលមានទម្រង់លេងមិនមុតស្រួច ក៏ដូចជាការប្រើប្រាស់កីឡាករមិនត្រឹមត្រូវ បើទោះជាមានកីឡាករល្អៗលំដាប់ពិភពលោក រួមទាំងកីឡាករវ័យក្មេងមានទេពកោសល្យយ៉ាងណាក៏ដោយ។ អ្នកគាំទ្របានស្រែកចំអក និងគប់ពែងទឹកចូលទីលានប្រកួតទៀតផង។

ទោះបញ្ចប់នៅកំពូលតារាងពូល C ក៏ពិតមែន ប៉ុន្តែអង់គ្លេសខ្មត់គ្រាប់បាល់មែនទែន និងយកឈ្នះគូប្រកួតទាំងលំបាកថែមទៀតផង។ ឆ្លងកាត់៣ប្រកួតក្នុងពូល ឈ្នះ១ និងស្មើ២ សល់សំណល់គ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ។ នៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសក៏នៅតែធ្វើឱ្យអ្នកគាំទ្រតឹងទ្រូង ដោយចំណាយពេល ១២០នាទី ដើម្បីយកឈ្នះស្លូវ៉ាគីលទ្ធផល ២-១។ វគ្គ៨ក្រុមទៀតសោត អ្នកគាំទ្រខឹងសម្បារកាន់តែខ្លាំង ដោយយកឈ្នះស្វីស តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ ក្រោមចំណាយពេល ១២០នាទី ស្មើគ្នាលទ្ធផល ១-១។

អង់គ្លេស ធ្លាប់បង្ហាញវត្តមាននៅជើងឯកទ្វីបអឺរ៉ុបចំនួន ១០ លើករួចមកហើយ ដោយលើកដំបូងនៅឆ្នាំ ១៩៦៨។ បើទោះជាឈរក្នុងនាមក្រុមជម្រើសជាតិមានប្រជាប្រិយល្បីល្បាញខ្លាំងបំផុតមួយនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែអង់គ្លេសមិនទាន់ស្គាល់រសជាតិឈ្នះជើងឯកអឺរ៉ុបនៅឡើយទេ និងធ្លាប់ធ្វើម្ចាស់ផ្ទះ ១ លើក នៅឆ្នាំ ១៩៩៦ កំណត់ត្រាដ៏ល្អបំផុតរបស់ពួកគេ គឺរងជើងឯកនៅឆ្នាំ ២០២០។

ជំនួបរវាងហូឡង់ និងអង់គ្លេសនៅយប់នេះ គឺជាការជួបគ្នាលើកទី ២៣ ខណៈដែល ២២ប្រកួតកន្លងមក ហូឡង់ឈ្នះ ៧ដង អង់គ្លេសឈ្នះ ៦ដង និងស្មើគ្នា ៩ដង។ ការជួបគ្នា ៥ប្រកួតចុងក្រោយ នៅគ្រប់កម្មវិធី ហូឡង់ឈ្នះ ៣ដង អង់គ្លេសឈ្នះ ១ដង និងស្មើគ្នា ១ដង។ ក្រុមទាំងពីរធ្លាប់ជួបគ្នានៅជើងឯកទ្វីបអឺរ៉ុប ២ដងរួចមកហើយ ដោយនៅឆ្នាំ ១៩៨៨ វគ្គចែកពូល ហូឡង់ឈ្នះលទ្ធផល ៣-១។ នៅឆ្នាំ ១៩៩៦ វគ្គចែកពូល អង់គ្លេសឈ្នះលទ្ធផល ៤-១។

ទោះឆ្លងកាត់វគ្គកន្លងមក ហូឡង់ហាក់ធ្វើបានល្អជាងអង់គ្លេសក៏ពិតមែន ប៉ុន្តែសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ អ្នកវិភាគភាគច្រើន រួមទាំងគេហទំព័រ Opta Analystព្យាករណ៍ថា ក្រុមតោកំណាចអង់គ្លេស ភាគរយខ្ពស់ជាងមច្ចុរាជពណ៌ទឹកក្រូចហូឡង់ឈ្នះការប្រកួត និងបន្តឡើងវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក្តីទាំងនេះ គ្រាន់តែជាការព្យាករណ៍របស់បណ្តាអ្នកវិភាគប៉ុណ្ណោះ ប៉ុន្តែលទ្ធផលពិតប្រាកដជាក់ស្តែង នឹងត្រូវដឹងក្រោយបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ