ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​! ចោលលុយ​តូច​តែ​ស្ទូច​យក​លុយ​ធំ

1 ឆ្នាំ មុន

​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free ទាំងអស់ នៅ​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ធំ​ៗ​ទូ​ទាំង​ប្រទេស​ថៃ​ត្រូវ​នឹង​បិទ​ចោល ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​យក​ប្រាក់​ចេញ​ទៅ​ចាយវាយ និង​ដើរហើរ​កាន់តែ​ច្រើន​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ។​ អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​ៗ​នៅ​ទូ​ទាំង​ប្រទេស​ថៃ មាន​គម្រោង​បិទ​ចោល​នូវ​រាល់​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free…

​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free ទាំងអស់ នៅ​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ធំ​ៗ​ទូ​ទាំង​ប្រទេស​ថៃ​ត្រូវ​នឹង​បិទ​ចោល ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​យក​ប្រាក់​ចេញ​ទៅ​ចាយវាយ និង​ដើរហើរ​កាន់តែ​ច្រើន​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ។​

អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​ៗ​នៅ​ទូ​ទាំង​ប្រទេស​ថៃ មាន​គម្រោង​បិទ​ចោល​នូវ​រាល់​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free ដើម្បី​លើកទឹកចិត្ត​អ្នកដំណើរ ក៏​ដូច​ជា​ភ្ញៀវ​បរទេស​ចេញ​ទៅ​ចំណាយ​កាន់តែ​ច្រើន​នៅ​កន្លែង​ផ្សេង​ទៀត​ទូ​ទាំង​ផ្ទៃ​ប្រទេស​ ។ ទោះបីជា​នៅ​មិន​ទាន់​មានការ​កំណត់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​គណៈរដ្ឋមន្ត្រី​ថៃ​ក្តី ប៉ុន្តែ​ការ​បិទ​ហាង​ទំនិញ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប៉ាន់​ប្រមាណ​ថា នឹង​ជួយ​បង្កើន​ការ​ចំណាយ​របស់​ភ្ញៀវ​បរទេស​ក្នុង​ម្នាក់​ចំនួន​៥៧០​បាត​ក្នុង​មួយ​ដំណើរ​កម្សាន្ត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ថ្ងៃ​ទី​០៨ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤​ ។

អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​ប្រាំបី ដែល​នឹង​បិទ​ចោល​នូវ​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free រួម​មាន​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ និង​ដុន​មឿង ​ក្នុង​ទីក្រុង​បាងកក ក៏​ដូច​ជា​ព្រ​លាន​យន្តហោះ នៅ​ឈៀង​ម៉ៃ ភូ​កេ​ត ហាត​យ៉ៃ អ៊ូ​តា​ប៉ាវ (​រ៉ា​យ៉ង​) សា​មុ​យ និង​ក្រ​ប៊ី​ ។ ទោះបី​បច្ចុប្បន្ន ប្រតិបត្តិ​ករ​ព្រ​លាន​យន្តហោះ​ទាំង​៨​នេះ​កំពុង​ដំណើរការ​ហាង​ទំនិញ​មិន​ជាប់ពន្ធ duty-free ដោយ​រក​ចំណូល​បាន​ប្រមាណ​៣​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង​៨២​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២៣​ក៏​ដោយ​ចុះ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​បាន​យល់ព្រម​បិទទ្វារ ដើម្បី​ចូលរួម​ជាមួយ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ថៃ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ តាម​ការ​វិភាគ​របស់ គេហទំព័រ Moodie Davitt រាយការណ៍​ថា ការ​សម្រេចចិត្ត​នេះ​អាច​នាំ​ឱ្យ​មានការ​ធ្លាក់​ចំនួន​នៃ​ការ​លក់​ម៉ាក​យីហោ​សំខាន់​ៗ​ប្រហែល ២០%​។

យុទ្ធសាស្ត្រ​ថ្មី​នេះ កើតឡើង​ក្នុង​ពេល​ដែល រាជាណាចក្រ​ទេសចរណ៍​ដ៏​ល្បី​ប្រចាំ​អាស៊ី​អេ​គ្នេ​យ៍​មួយ​នេះ កំពុង​ស្វះស្វែង​រិះរក​គ្រប់​មធ្យោបាយ​គ្រប់​វី​ធី​សាស្ត្រ​ថ្មី​ចាស់ ដើម្បី​កែ​លម្អ​យុទ្ធសាស្ត្រ​ទេសចរណ៍​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសច​រ​បង្កើន​ការ​ចំណាយ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ថៃ​។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​អវត្តមាន​នៃ​ការ​ទិញ​ទំនិញ​មិន​ជាប់ពន្ធ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចំណាយ​ជា​មធ្យម​១៥,៦៤​ដុល្លារ​បន្ថែម​ទៀត​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​ដំណើរ​ទេសចរណ៍​របស់​ពួក​គេ​ ។

យុទ្ធសាស្ត្រ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ថៃ​បាន​ដាក់​គោលដៅ កែ​លំអ​​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដើម្បី​ឱ្យ​វា​ចូល​ទៅ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​កំពូល​ទាំង​៥០​របស់​ពិភពលោក​នៅ​ឆ្នាំ​២០២៥ និង​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​២០ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២៣ អាកាសយានដ្ឋាន​បាន​ជាប់​ចំណាត់ថ្នាក់​ត្រឹម​លេខ​៦៨ ទោះបីជា​វា​គឺជា​អាកាសយានដ្ឋាន​ដ៏​មមាញឹក​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ក៏​ដោយ​។ រដ្ឋាភិបាល​ថៃ ចង់ឱ្យ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​អាច​ផ្ទុក​អ្នកដំណើរ​បាន​១៧០​លាន​នាក់ និង​បម្រើ​ជើងហោះហើរ​មួយ​លាន​ជើង​ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០២៩​ខាង​មុខ​។

ក្រៅពី​បិទ​ហាង​ទំនិញ Duty-Free តើ​ថៃ​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​រដូវ​កាល ដែល​ខ្មែរ​យើង​នៅ​តែ​បន្ត​ហៅ​ថា Low Season នោះ?

តាម​ពិត​ទៅ​រដូវ​កាល Low Season មិនមែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ ប្រទេស​ថៃ​ក៏​មាន​ដែរ ព្រោះ​ជា​ជា​ធម្មតា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ភាគច្រើន​ចូល​ចិត្ត​ទៅ​លេង​ថៃ ក្នុង​រដូវ High Season ចាប់​ខែតុលា​ដល់​ខែមីនា ដូច​តែ​កម្ពុជា​យើង​ដែរ​ហ្នឹង​។ ហើយ​ក្រៅពី​នោះ​ចំនួន​ភ្ញៀវ​បរទេស​តែងតែ​ធ្លាក់​ចុះ គ្រាន់តែ ថៃ ខុស ពី​កម្ពុជា ត្រង់​ថា កំឡុង​ពេល​ដែល​ខ្សត់​ភ្ញៀវ គេ​មិន​បាន​បណ្តែតបណ្តោយ​តាម​យថាកម្ម ដោយ​ប្រកាន់​គំនិត​ចាស់​គំ​រិល​ថា អ្នក​ធ្វើ​ដំណើរ​មិន​គួរ​មក​ទ​ស្សា​នា​ក្នុង​រដូវវស្សា​នោះ​ដូច​កម្ពុជា​យើង​ទេ គឺ​ខាង​សមាគម​ទេសចរណ៍​គេ រួម​ទាំង​អង្គភាព​ពាក់ព័ន្ធ ទាំង​រដ្ឋ ទាំង​ឯកជន គេ​ខិតខំ​ដាក់​ចេញ​វិធានការ​ជំរុញ​ទេសចរណ៍​ក្នុង​រដូវ​កាល​នេះ ដោយ​ប្តូរ​ពី​ការ​ហៅ​ថា Low Season​ទេ ប៉ុន្តែ​គេ​ហៅ​ថា រដូវ​កាល​បៃតង Green Season រួម​ទាំង​គំនិត​ផ្តួចផ្តើម «​បញ្ឆេះ​ទេសចរណ៍​របស់​ប្រទេស​ថៃ​»​។

យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង ៣៦​លាន​នាក់​នៅ​ឆ្នាំ​២០២៤ ប៉ុន្តែ​ថៃ​ខ្លួនឯង មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​បាន​ដល់ ៣៩ ទៅ ៤០​លាន​នាក់​ក្នុងឆ្នាំនេះ​។ យោង​តាម​ស្ថិតិ​ពី​ក្រសួងទេសចរណ៍ និង​កីឡា​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២៤ ប្រទេស​នេះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១៧.៥​លាន​នាក់ កើនឡើង ៣៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​បង្កើត​ប្រាក់​ចំណូល​បាន ៨២៥ ពាន់​លាន​បាត (២២.៤២ ពាន់​លាន​ដុល្លារ​) ភ្ញៀវ​ទេសចរ​សំខាន់​ៗ គឺ​មក​ពី​ប្រទេស​ចិន ម៉ា​ឡេ​ស៊ី ឥណ្ឌា រុ​ស្ស៊ី និង កូរ៉េ​ខាងត្បូង​។

ប្រទេស​នេះ​បាន​នឹង​កំពុង​ចាត់វិធានការ​សំខាន់​ៗ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​បរទេស កាលពី​ខែ​មុន ប្រទេស​ថៃ​បាន​សម្រេច​លុប​ចោលការ​កំណត់​ថ្លៃ ៣០០​បាត (៨,២០ ដុល្លារ​) លើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​តាម​ផ្លូវអាកាស​។ លើស​ពី​នេះ រដ្ឋាភិបាល​ន​បន្ត​គម្រោង​ធានា​រ៉ាប់រង​ឥត​គិតថ្លៃ​របស់​ខ្លួន​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រហូត​ដល់​ចុងឆ្នាំ​២០២៤ ។ គំនិត​ផ្តួចផ្តើម​នេះ​ផ្តល់​ការ​ធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​រហូត​ដល់ 500,000 បាត (13,650 ដុល្លារ​) សម្រាប់​គ្រោះថ្នាក់ ឬ​គ្រោះ​ធម្មជាតិ​។

ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា​មក ចំនួន​ប្រទេស​ដែល​មាន​សិទ្ធិ​ចូល​ប្រទេស​ថៃ​ដោយ​គ្មាន​ទិដ្ឋាការ​បាន​កើនឡើង​ពី ៥៧ ទៅ​៩៣​ប្រទេស តំបន់​និង​ដែន​កោះ ។ អ្នក​ទេសចរណ៍​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​រហូត​ដល់ ៣០​ថ្ងៃ ហើយ​អាច​បន្ត​ការ​ស្នាក់​នៅ​របស់​ពួក​គេ​បាន ៣០ ថ្ងៃ​បន្ថែម​ទៀត សម្រាប់​ថ្លៃ​សេវា​ត្រឹមតែ 1,900​បាត ឬ​ប្រហែល ៥២​ដុល្លារ​)​។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អំឡុង​ពេល​ធ្លាក់​ចុះ​នេះ ប្រទេស​ថៃ បាន​បង្កើន​ការ​ផ្សព្វផ្សាយ និង បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ធំ​ៗ តាម​ផែនការ ដូច​ជា ការ​ប្រគុំ​តន្ត្រី ព្រឹ​ត្ត​ការណ៍​កីឡា​អន្តរជាតិ និង​ពិធីបុណ្យ​សិល្បៈ​ឆ្នេរ​ខ្សាច់ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ទេសចរណ៍​ថ្មី សម្រាប់​ភ្ញៀវ​ទេសចរ​ឱ្យ​ទទួលយក​បទ​ពិសោធន៍ និង​សបញ្ជាក់​ថា “​ប្រទេស​ថៃ​ជាទី​តាំង​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ពេញ​មួយ​ឆ្នាំ និង​គ្រប់​រដូវ​កាល​”​។

បន្ថែម​លើ​នេះ សមាគម​ទេសចរណ៍​ថៃ TAT បាន​ដាក់​គោលដៅ​បង្កើត «បរិយាកាស​ទេសចរណ៍​រស់​រវើក​» បន្ត​ពី​រដូវ​បៃតង​រហូត​ដល់​ដំណាច់ឆ្នាំ 2024 ដើម្បី​ឱ្យ​វា​ឈាន​ដល់​គោលដៅ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៣៩​លាន​នាក់ ដោយនៅ​ដើមខែ​កក្កដា​នេះ TAT ក៏​បាន​ដាក់​ចេញ​នូវ​គម្រោង​ផ្សព្វផ្សាយ​សកម្មភាព «​ត្រូវធ្វើ​» ចំនួន ៧២ នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ទេសចរណ៍​បន្ថែម​ទៀត​ក្នុង​រដូវ​ធ្លាក់​ភ្ញៀវ ដោយ​សកម្មភាព​នេះ​មាន​ដូច​ជា ព្រឹ​ត្ត​ការណ៍​ប្រកួត​Muay Thai អាហារ វប្បធម៌ សំលៀក​បំពាក់ និង​ការ​សម្ដែង​សិល្បៈ​ជាដើម​ ៕

កែសម្រួលដោយ