ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​បើក​កិច្ច​ប្រជុំ​ធំ​នៅ​វ៉ាស៊ីន​តោ​ន​ផ្ដោត​សំខាន់​លើ​ការ​ជួយ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្នាក់​ដឹក​នាំ​ប្រទេស​សមាជិក​អង្គ​ការ​ណាតូ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ត្រៀម​ចូលរួម​កិច្ច​ប្រជុំ​កំពូលចាប់​ពី​ថ្ងៃ​ទី​១០-១១​ ខែ​កក្កដា​។​ របៀប​វារៈ​ដែល​សំខាន់​ជាង​គេ​គឺ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​ប្ដេជ្ញា​គាំ​ទ្រ​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត​។ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​រំខាន​ដោយ​បញ្ហា​ចាក់​ស្រេះ​របស់​​​លោក​បៃដិន។ ​ក្រៅ​ពី​មតិ​ខ្សិប​ខ្សៀវ​គ្នា​ដែល​ចង់​ឱ្យ​លោក​ដក​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​ ឥឡូវ​នេះ លេច​ឮ​រឿង​ថ្មី​​១​ទៀត​ថា​វេជ្ជ​បណ្ឌិត​​​ឯក​ទេស​ខាង​បញ្ហា​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ឧស្សាហ៍​ចេញ​ចូល​សេត​វិមាន​ប្រហែល​ជា​ព្យាបាល​ជំងឺ​របស់​លោក​បៃដិន​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្នាក់​ដឹក​នាំ​ប្រទេស​សមាជិក​អង្គ​ការ​ណាតូ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ត្រៀម​ចូលរួម​កិច្ច​ប្រជុំ​កំពូលចាប់​ពី​ថ្ងៃ​ទី​១០-១១​ ខែ​កក្កដា​។​ របៀប​វារៈ​ដែល​សំខាន់​ជាង​គេ​គឺ​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​ប្ដេជ្ញា​គាំ​ទ្រ​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត​។ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​រំខាន​ដោយ​បញ្ហា​ចាក់​ស្រេះ​របស់​​​លោក​បៃដិន។

​ក្រៅ​ពី​មតិ​ខ្សិប​ខ្សៀវ​គ្នា​ដែល​ចង់​ឱ្យ​លោក​ដក​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​ ឥឡូវ​នេះ លេច​ឮ​រឿង​ថ្មី​​១​ទៀត​ថា​វេជ្ជ​បណ្ឌិត​​​ឯក​ទេស​ខាង​បញ្ហា​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ឧស្សាហ៍​ចេញ​ចូល​សេត​វិមាន​ប្រហែល​ជា​ព្យាបាល​ជំងឺ​របស់​លោក​បៃដិន​។​ លោក​បៃដិន​នឹង​ព្យាយាម​ប្រើ​ប្រាស់​កិច្ច​ប្រជុំ​នេះ​ដើម្បី​ធានា​ប្រាប់​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ថា​អាមេរិក​នៅ​តែ​ជា​មេ​ដឹក​នាំ​ស្ថាប័ន​នេះ​ដដែល​។

លោក​នៅ​តែ​មាន​សមត្ថ​ភាព​ដឹក​នាំ​ប្រទេស​អាមេរិក​ដដែល​។ លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ថា​សម្ព័ន្ធ​មិត្ត​របស់​យើង​ត្រូវ​ការ​យើង​ជា​​ជំហរដ៏​​ធំ​១​របស់​ពួក​គេ​។ លោក​ដាក់​ជា​សំណួរ​ថា​តើ​មាន​នរណា​ដែល​ស័ក្ដិ​សម​នឹង​មក​ធ្វើ​កិច្ច​ការ​នេះ​? លោក​ខិត​ខំ​ពង្រីក​អង្គ​ការ​ណាតូ​ និង​ខិត​ខំ​ធ្វើ​ឱ្យ​មាន​ឯក​ភាព​ផ្ទៃ​ក្នុង​នៃ​អង្គ​ការ​នេះ​​។ សម្ព័ន្ធ​មិត្ត​របស់​លោក​បៃដិន​នៅ​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​លោក​​ជា​និច្ច​​។ អធិការ​បតី​អាល្លឺម៉ង់​​ថ្លែង​មុន​ចាក​ចេញ​ពី​ទី​ក្រុង​ប៊ែឡាំង​​ថា​លោក​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខ​ភាព​របស់​លោក​បៃដិន​ទេ​។

​ទោះ​ជា​យ៉ាង​ណា​ក្ដី សមាជិក​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​នៅ​តែ​នឹក​មមៃ​ថា​លោក​ត្រាំ​អាច​នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ ចំណុច​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​នៅ​ត្រង់​ថា​លោក​ត្រាំ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ម្ដង​ៗ​ លោក​តែង​តែ​​ព្រមាន​ថា​អាមេរិក​នឹង​ឈរ​​ឱប​ដៃ​មើល​ប្រទេស​ដទៃ​​វាយ​ប្រហារ​សមាជិក​ណាតូ​បើ​ពួក​គេមិន​ព្រម​បង់​ថ្លៃ​ការ​ពារ​ឱ្យ​បាន​ច្រើន​​​គ្រប់​គ្រាន់​​។

ឥឡូវ​នេះ បញ្ហា​មិន​មែន​កើត​ឡើង​តែ​ចំពោះ​ប្រទេស​អាមេរិក​មួយ​ប៉ុណ្ណោះ​ទេ​។ នៅ​ប្រទេស​បារាំង លោក​ម៉ាក្រុង​ក៏​កំពុង​តែ​ក្រពុល​មុខ​រឿង​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ក្រុម​ឆ្វេង​និយម​ជ្រុល​ទទួល​​បាន​សំឡេង​នាំ​មុខ​។ នៅ​អង់គ្លេស នាយក​រដ្ឋ​មន្ត្រី​ទើប​តែ​ឡើ​ងកាន់​តំណែង​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ទៅ​ប្រជុំ​ណាតូ។ នៅ​ហុង​គ្រី នាយក​រដ្ឋ​មន្ត្រី​វីក​ទ័រ អ័របេន (Viktor Orban) ទៅ​ជួប​លោក​ពូទីន​ដល់​វិមាន​ក្រឹម​ឡាំង​ក្នុង​នាម​លោក​ជា​ប្រធាន​ប្ដូរ​វេន​របស់​សហ​ភាព​អឺរ៉ុប​​។ ​​លោក​ក៏​​ត្រូវ​​ចូល​រួ​មប្រជុំ​នៅ​​​វ៉ាស៊ីន​តោន​ផង​ដែរ​។​


ការ​សន្យា​ផ្ដល់​ខែល​ការ​ពារ​ដែន​អាកាស​ទៅ​ឱ្យ​អ៊ុយ​​ក្រែន​
ទោះ​បី​មាន​បញ្ហា​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​យ៉ាង​ណាក្ដី​​ ប៉ុន្តែ​ថ្នាក់​ដឹក​នាំសមាជិក​ណាតូ​ត្រូវ​តែ​បង្ហាញ​ការ​រួប​រួម​គ្នា​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ លោក​ហ្សេឡិនស្គី​នឹង​ជិះ​យន្ត​ហោះ​ទៅ​វ៉ាស៊ីន​តោន​ដោយ​ក្ដី​សង្ឃឹម​ថា​​នឹង​ទទួ​លបាន​កាំជ្រួច​ប៉ាទ្រីយ៉ូត (Patriot) បន្ថែម​ទៀត​​។ នេះ​ជា​អ្វី​ដែល​​លោក​បាន​ស្នើ​សុំ​ជា​យូរ​មក​ហើយ​ដើម្បី​ទប់​ទល់​នឹង​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​។​​

ដោយសារ​បារម្ភ​ថាទៅ​ថ្ងៃ​មុខ​បើ​ដើរ​នយោបាយ​មិន​ស្រួល​​​​អាច​នឹង​អូស​ទាញ​ណាតូ និង​រុស្ស៊ី​​ឱ្យ​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​ដោយ​ផ្ទាល់​។ ដូច្នេះ អាមេរិក​ និង​អាល្លឺម៉ង់​បាន​សម្រេច​គ្នា​​ថា​​​មិន​និយាយ​ជា​ចំហ​ទេ​នូវ​ការ​ទទួល​យក​​អ៊ុយ​ក្រែន​​ជា​សមាជិក​អង្គ​ការ​ណាតូ​។ ប៉ុន្តែ​ក្រុម​​អ្នក​ការ​ទូត​និយាយ​​ថា​​ទាំង​ណាតូ និង​អ៊ុយ​ក្រែន​បាន​​​​ដើរ​ដល់​ដំណាក់​កាល​​នេះ​ហើយ។ ​ពួក​​គេ​មិន​ថយ​ក្រោយ​វិញ​ទេ​។ ពួក​គេ​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​១​ឆ្នាំ​​៤០​ពាន់​លាន​អឺរ៉ូ។ ​​ពួក​គេ​នឹង​បន្ត​ជួយ​យ៉ាង​តិច​ក៏​​រយៈ​ពេល​១​ឆ្នាំ​ទៀត​​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ