ព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅអាប់ឌុលឡាហ៍ទីII កាលពីថ្ងៃទី១២ មិថុនា កន្លងមក ទ្រង់បានប្រកាសក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសអំពីកំណែទម្រង់មួយចំនួន ហើយទ្រង់បានសន្យាថា នឹងបង្កើតរដ្ឋាភិបាលមួយ ដើម្បីឆ្លើយតបតាមការទាមទាររបស់ហ្វូងបាតុករ ។ ក្នុងសុន្ទរកថានោះ ព្រះចៅអាប់ឌុលឡាហ៍ មានបន្ទូលថា ថ្ងៃនេះជាឱកាសពិសេសមួយ គឺយើងបានប្រកាសពីការធ្វើកំណែទម្រង់មួយចំនួនសម្រាប់ពលរដ្ឋហ្ស៊កដានី ដែលលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋជាវិធីដោះស្រាយ ដើម្បីជាគុណប្រយោជន៍ដល់ការបង្កើតរដ្ឋហ្ស៊កដានី លើកកម្ពស់យុត្តិធម៌ និងការអត់ធ្មត់។
ជាផ្នែកមួយនៃការប្រកាសធ្វើកំណែទម្រង់នោះ ព្រះចៅអាប់ឌុលឡាហ៍ គូសបញ្ជាក់ថា ច្បាប់ថ្មីនឹងផ្តល់ការធានាយុត្តិធម៌ និងតម្លាភាពនៃ ដំណើរការបោះឆ្នោតតាមរយៈយន្តការដែលនាំ ដល់ការបង្កើតរដ្ឋាភិបាលដោយគណបក្សណាដែលមានសំឡេងភាគច្រើនក្នុងសភា ។
ក្នុងឱកាសនោះដែរ ទ្រង់អាប់ឌុលឡាហ៍ ក៏បានប្រកាសពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច ក្នុងនោះមានដូចជាការផ្លាស់ប្តូរប្រព័ន្ធពន្ធដាររបស់ប្រទេស ដើម្បីលើកកម្ពស់កម្រិតប្រកួតប្រជែងជំរុញបរិយាកាសសម្រាប់ការធ្វើវិនិយោគ ធានាឱ្យមានឱកាសស្វែងរកការងារសម្រាប់យុវជន និងរក្សាតួនាទីសម្រាប់ទីផ្សារសេដ្ឋកិច្ចបើក
ចំហ ។ ប៉ុន្តែទោះបីជាែបបណា នៅមិនទាន់ច្បាស់ថា កំណែទម្រង់ទាំងនោះនឹងអនុវត្តនៅពេលណានោះទេ។
ព្រះចៅអាប់ឌុលឡាហ៍ទីII បានធ្វើសុន្ទករថាប្រកាសអំពីការធ្វើកំណែទម្រង់រយៈពេល៦ខែក្រោយពីបាតុកម្មបានផ្ទុះឡើងក្នុងប្រទេសមក ដែលការធ្វើបាតុកម្មនេះមិនដូចបាតុកម្មនៅប្រទេសអារ៉ាប់ដទៃៗទៀតឡើយ ។
កាលពីខែកុម្ភៈកន្លងមក ព្រះចៅអាប់ឌុលឡាហ៍ ទីII បានបណ្តេញនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចេញពីតំណែង និងដាក់ចេញវិធានការសេដ្ឋកិច្ច ហើយទ្រង់បានសន្យាថា នឹងធ្វើកំណែទម្រង់ផ្នែកនយោបាយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបតាមការទាមទាររបស់បាតុករ ៕
ចែករំលែកព័តមាននេះ