ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបញ្ចប់នៅព្រឹត្តិការណ៍ Euro ប៉ុន្តែមិនមែនចុងបញ្ចប់ជាមួយបញ្ចខែលព័រទុយហ្គាល់

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ធ្លាក់ចេញពីព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ធ្លាក់ចេញពីព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បារាំងដោយទាត់បាល់១១ម៉ែត្រកាត់សេចក្តីនៅក្នុងលទ្ធផល ៥-៣ ក្រោយចំណាយពេល ១២០នាទី ត្រឹមស្មើគ្នា ០-០ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ប្រជាជាតិព័រទុយហ្គាល់យំសោកស្តាយនឹងការបរាជ័យនេះ ស្របពេលការចាញ់ក្រុមមាន់គកបារាំង គឺជាការប្រកួតចុងក្រោយរបស់ប្រធានក្រុមបញ្ចខែលព័រទុយហ្គាល់ Cristiano Ronaldo នៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប ដូចដែលខ្សែប្រយុទ្ធឆ្នើមវ័យ៣៩ឆ្នាំរូបនេះបានប្រកាសមុនការប្រកួតរួចហើយថា ការប្រកួតនឹងបារាំង អាចក្លាយជាការប្រកួតព្រឹត្តិការណ៍ជើងឯកអឺរ៉ុបចុងក្រោយរបស់ខ្លួន បើព័រទុយហ្គាល់មិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ ការប្រកួតកាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ គឺជាការប្រកួតចុងក្រោយរបស់ Ronaldo នៅជើងឯកអឺរ៉ុប ប៉ុន្តែមិនមែនជាការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនោះទេ ដោយគ្រូបង្វឹកព័រទុយហ្គាល់ លោក Roberto Martinez បានថ្លែងថា ទាំង Ronaldo និង Pepe មិនទាន់មានការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឡើយទេ បើទោះជាអ្នកទាំងពីរមានវ័យជ្រេយ៉ាងណាក៏ដោយ។

Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល នឹងបន្តដឹកនាំក្រុមសម្រាប់ការប្រកួតព្រឹត្តការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នា ដ្បិតខ្សែប្រយុទ្ធរូបនេះ កំពុងតែស្វែងរកការឈ្នះជើងឯក World Cup ជាលើកដំបូងក្នុងជីវិតបាល់ទាត់របស់ខ្លួន មុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។

បើទោះបីជាព្រឹត្តិការណ៍ជើងឯកអឺរ៉ុប លែងបានឃើញវត្តមាន Cristiano Ronaldo តទៅទៀតក៏ពិតមែន ប៉ុន្តែសិ្ថតិ និងកំណត់ត្រាដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធឆ្នើមក្រុម Al Nassr រូបនេះ បានបន្សល់ទុកជាច្រើន ដែលរួមមាន ៖

-Ronaldo បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក គឺជាកីឡាករតែម្នាក់គត់បង្ហាញខ្លួនក្នុងការប្រកួតជើងឯកអឺរ៉ុប ៦ សម័យកាល ពោលនៅឆ្នាំ ២០០៤ ២០០៨ ២០១២ ២០១៦ ២០២០ និង ២០២៤
-កីឡាករស៊ុតបញ្ចូលទីការប្រកួតជុំចុងក្រោយច្រើនជាងគេបំផុត ៖ ១៤គ្រាប់
-កីឡាករមានការប្រកួតជុំចុងក្រោយច្រើនជាងគេបំផុត ៖ ៣០ប្រកួត

-កីឡាករស៊ុតបញ្ចូលទីការប្រកួតជុំចុងក្រោយច្រើនសម័យកាលបំផុត ៖ ២គ្រាប់នៅឆ្នាំ ២០០៤, ១គ្រាប់នៅឆ្នាំ ២០០៨, ៣គ្រាប់នៅឆ្នាំ ២០១២, ៣គ្រាប់នៅឆ្នាំ ២០១៦ និង ៥គ្រាប់នៅឆ្នាំ ២០២០។
-កីឡាករការប្រកួតច្រើនជាងគេបំផុត រាប់ទាំងវគ្គជម្រុះដំបូង ៖ ៧៤ប្រកួត
-កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុត រាប់ទាំងវគ្គជម្រុះដំបូង ៖ ៥៥គ្រាប់

បើតាមទិន្នន័យពីសារព័ត៌មាន GiveMeSport របស់ចក្រភពអង់គ្លេសបានចាត់ថ្នាក់កីឡាករ Cristiano Ronaldo ដែលបានរួមចំណែកដ៏សំខាន់ជួយព័រទុយហ្គាល់ឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីឆ្នាំ ២០១៦ និងជាលើកដំបូងបំផុតរបស់ក្រុមបញ្ចខែលរូបនេះ គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប ដោយឈរពីលើកីឡាករអេស្ប៉ាញ Andres Iniesta កីឡាករបារាំង Zinedine Zidane កីឡាករបារាំង Michel Platini និងកីឡាករអេស្ប៉ាញ Xavi ។

ការប្រកួតព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ កីឡាករ Cristiano Ronaldo បញ្ចប់ទៅដោយគ្មានគ្រាប់បាល់បញ្ចូលទី គឺជាកំណត់ត្រាអាក្រក់លើកដំបូងរបស់ខ្លួន ដែលបរាជ័យរកគ្រាប់បាល់បញ្ចូលទី សម្រាប់ការប្រកួតអន្តរជាតិពានរង្វាន់កំពូល។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ពោល១ថ្ងៃក្រោយព័រទុយហ្គាល់ហាលអាវពីព្រឹត្តិការណ៍ជើងអឺរ៉ុបឆ្នាំ ២០២៤ កីឡាករ Cristiano Ronaldo បានបង្ហោះសារបណ្តាទំនាក់ទំនងសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «យើងចង់បានច្រើនទៀត។ យើងសមនឹងទទួលបានច្រើនជាងនេះ។ សម្រាប់យើង សម្រាប់អ្នករាល់គ្នា ដោយក្រុមព័រទុយហ្គាល់។

យើងសូមថ្លែងអំណរគុណចំពោះអ្វីដែលអ្នកគ្រប់គ្នាបានផ្ដល់ឱ្យយើង និងអ្វីទាំងអស់ដែលយើងបានសម្រេចរហូតមកដល់ពេលនេះ ទាំងនៅលើ និងក្រៅទីលានប្រកួត ហើយខ្ញុំប្រាកដថាកេរ្តិ៍ដំណែលនេះ នឹងត្រូវបានផ្តល់កិត្តិយស ក៏ដូចជាបន្តត្រូវបានកសាងរួមគ្នា»៕ (ប្រភព ៖ BBC និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ