ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃ០៤ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣រសៀល ក្រុមការងាររដ្ឋបាលខេត្ត ដោយមានការចូលរួមពីរដ្ឋបាលក្រុងសៀមរាប មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub ស្ថិតនៅភូមិ
គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី៥ ខែមិថុនា នេះថា តាមការចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃើញថា ស្លាកយីហោ ដែលជាប់ជញ្ជាំងបានដំឡើងរួចរាល់ ហើយដែលមានភាសាជាបរទេសពុំមានអក្សរខ្មែរឡើយ ហើយស្លាកយីហោនៅទីតាំងនេះពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តិឡើយ ។

មន្ត្រីបានបន្ថែមថា ជាមួយគ្នានេះម្ចាស់ទីតាំងខាងលើ ត្រូវដាក់ពាក្យស្នើសុំដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុង ជាអក្សរខ្មែរខាងលើឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់ ។ បន្ថែមលើសនេះ ក្រុមការងារបានធ្វើការណែនាំ ដល់ម្ចាស់ទីតាំងត្រូវរៀបចំកែសម្រួលស្លាកយីហោដោយត្រូវមានអក្សរខ្មែរ និងមានទំហំគុណនឹងពីរនៃអក្សរបរទេសឱ្យបានត្រឹមត្រូវ ដោយទុកឱ្យរយៈពេល២សប្តាហ៍ ។

ក្រោយពីក្រុមការងារបានណែនាំរួច ម្ចាស់ទីតាំងខាងលើនេះ បានយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារផងដែរ ។
ចែករំលែកព័តមាននេះ