ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលមហាសេដ្ឋីកម្ពុជា ទម្លាយអាថ៌កំបាំងទឹកចិត្តឪពុក ពេលកូនស្រីពេញវ័យ

3 ថ្ងៃ មុន
  • ភ្នំពេញ

មិន​ថា​អ្នកមាន ឬ​អ្នកក្រ ទឹក​ចិត្តជា​ឪពុក​ចំពោះ​កូន ជា​ពិសេស គឺ​កូនស្រី​ជា​ទូទៅ គឺ​ដូច​គ្នា ពោល គឺ​បារម្ភ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត ព្រមទាំង​បង្ហាញ​នូវ​ក្តី​ស្រលាញ់…

មិន​ថា​អ្នកមាន ឬ​អ្នកក្រ ទឹក​ចិត្តជា​ឪពុក​ចំពោះ​កូន ជា​ពិសេស គឺ​កូនស្រី​ជា​ទូទៅ គឺ​ដូច​គ្នា ពោល គឺ​បារម្ភ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត ព្រមទាំង​បង្ហាញ​នូវ​ក្តី​ស្រលាញ់ ហើយ​ចង់​ឃើញ​កូន​មាន​អនាគត​ល្អ មានការ​ស្រលាញ់​ចូល​ចិត្ត និង​រាប់អាន​ពី​អ្នក​ដទៃ​។

នេះ គឺជា​សក្ខីភាព​នៃ​ទឹកចិត្ត​របស់​ឪពុក​មួយ​រូប​ចំពោះ​កូនស្រី​នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​គ្រប់ការ​ពោល គឺ​អាយុ​១៦​ឆ្នាំ ដោយឡែក​អ្នកឧកញ៉ា គិត ម៉េ​ង ដែល​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​ហ្គ្រូ​ប ដែល​មាន​បុត្រ​សម្ព័ន្ធ និង​ក្រុមហ៊ុន​ជា​ច្រើន នៅ​ក្រោម​ចំណុះ​បាន​លើក​ឡើង​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី​ទី​៣ គិត ស៊ូ​ណា​វី​ន ដែល​បាន​រៀបចំ​ខួបកំណើត​យ៉ាង​ធំ​មួយ មាន​អ្នកចូលរួម​សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ និង​ភរិយា​ឥស្សរៈជន និង​ធុរកិច្ច​ធំ​ៗ​នៅ​ក្នុង​ប្រទេស ។

អ្នកឧកញ៉ា បាន​ថ្លែង​ពី​អារម្មណ៍​ជា​ឪពុក នៅ​ពេល​ដែល​កូន​ឈាន​ដល់​វ័យ​គម្រប់​អាយុ​១៦​ឆ្នាំ ទៅ​កាន់​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ថ្ងៃ​ថា ជា​ការ​ពិត អាយុ​១៦​ឆ្នាំ​តាម​ប្រពៃណី​ខ្មែរ គឺជា​វ័យ​ចូល​ម្លប់ និង​ឆ្លង​ម្លប់ ។ លោក​បាន​បន្ត​ថា «​ប្រទេស​យើង​រស់​ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ឥឡូវនេះ​យើង​រស់​ក្រោម​ការ​ដឹកនាំ​សម្តេច ហ៊ុន ម៉ា​ណែ​ត ថ្ងៃនេះ​ខ្ញុំ​នឹង​ប្រពន្ធ និង​ក្រុម​គ្រួសារ​សប្បាយចិត្ត​ភ័យ​ផង អរ​ផង ពេល​កូន​ពេញវ័យ ឪពុក​ម្តាយ​តែងតែ​ព្រួយបារម្ភ​ថា គ្រប់គ្រង​យ៉ាងម៉េច​ពេល​កូន​ពេញវ័យ​» ។

លោក​បាន​បន្ត​ថា «​ពេល​ខ្លះ នៅ​ពេល​ដែល​កូន​ពេញវ័យ អារម្មណ៍​របស់​កូន​តែងតែ​ផ្លាស់​ប្តូរ នៅ​ពេល​ដែល​ចូល​ដល់​វ័យ​នេះ ពេល​នេះ​១៦ កំពុង​ពិបាក ហើយ​ចូល​ដល់​១៨ គឺ​កាន់តែ​ពិបាក​ថែម​ទៀត ។ ដូច្នេះ​ម៉ាក់ និង​ប៉ា គឺ​បាន​ខិតខំ និង​ព្យាយាម​តាម​អារម្មណ៍​អ្វី​ដែល​កូន​ចង់បាន ពីព្រោះ​អ្វី​ដែល​ផ្លាស់​ប្តូរ​វ័យ​មួយ កូន​តែងតែ​ផ្លាស់​ប្តូរ​នូវ​អារម្មណ៍ ។ ដូច្នេះ​ជា​ឪពុក និង​ជា​ម្តាយ គឺ​តែងតែ​ខិតខំ​ណាស់ នៅ​ក្នុង​ការ​សម្របសម្រួល​តាម​កូនស្រី ធ្វើ​ម៉េច​ឲ្យ​កូន​សប្បាយចិត្ត ម៉ាក់​និង​ប៉ា​ខិតខំ ។ សង្ឃឹមថា កូន​នឹង​ខិតខំ​អត់ធ្មត់​តស៊ូ​សិក្សា​របស់​កូន​» ។ នេះ គឺជា​សម្តី​ពិត​របស់​អ្នកឧកញ៉ា ដែល​លើក​ឡើង​នៅ​ក្នុង​ពិធី​ផ្លូវការ​ប្រកា​សភាព​ពេញវ័យ​របស់​កូនស្រី កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ ។

ដោយឡែក នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​អ្នកឧកញ៉ា​ផ្ទាល់​វិញ ក៏​បាន​បង្ហោះ​នូវ​សារ​មួយ​ចំនួន​ដែល​មាន​ន័យ​ថា ថ្ងៃ​ទី​០២ ខែកក្កដា មក​ដល់​ទៀត​ហើយ ។ ឆ្នាំ​នេះ​កូន​បន្ត​ធំ​ពេញវ័យ​ក្លាយជា​នារី​វ័យក្មេង​មួយ​រូប​ដ៏​លេចធ្លោ ដែល​ពោរពេញ​ដោយ​សក្តានុពល និង​ភាព​ជោគជ័យ​នា​ពេល​អនាគត ។ លោក​បាន​បញ្ជាក់​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​គម្រប់​១៦​ឆ្នាំ កូនស្រី​សម្លាញ់ ស៊ូ​ណា​វី​ន ។ យើង​ស្រឡាញ់​កូន​លើស​ពី​ពាក្យ​ដែល​យើង​បាន​ជូនពរ​កូន​ខាងលើ​នេះ​ទៅ​ទៀត​» ។ លោក​បាន​សរសេរ​រៀបរាប់​ថា «​កូន​នាំ​មក​នូវ​អំណរ និង​ថាមពល​យ៉ាងច្រើន មក​ក្នុង​ជីវិត​របស់​យើង​ជាមួយនឹង​បុគ្គលិកលក្ខណៈ​ដ៏​សកម្ម និង​រស់​រវើក​របស់​កូន ។ កូន​ជា​មនុស្ស​មាន​ថាមពល និង​ភាព​ទាក់ទាញ ហើយ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប នៅ​ជុំវិញ​កូន មាន​ភាព​ស្និទ្ធស្នាល និង​បំផុសគំនិត​ដល់​ពួក​គេ​ដោយ​ទំនុកចិត្ត ភាព​សប្បុរស និង​ភាព​រីករាយ​របស់​កូន ។ សមត្ថភាព​របស់​កូន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​ការ​ទទួលយក​បទ​ពិសោធ​ថ្មី​ៗ គឺ​ពិតជា​ពិសេស​ណាស់​» ។

អ្នកឧញ៉ា​បាន​បន្ត​ចែករំលែក​ថា ចាប់ពី​ថ្ងៃ​ដែល​កូន​បាន​ចាប់កំណើត​មក​គ្រួសារ​យើង​បាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្តល់​ឱ្យ​កូន​នូវ​សេចក្តី​ស្រឡាញ់ ការ​គាំទ្រ និង​ការ​ណែនាំ​ល្អ​ៗ ដោយ​អស់ពី​បេះដូង ។ ភាពរឹងមាំ និង​បញ្ញា​របស់​ម៉ាក់ កូន​នាំ​មក​នូវ​ភាព​ភ្លឺស្វាង​ដល់​កូន ដោយ​ផ្តល់​នូវ​ដំបូន្មាន និង​ការ​បង្ហាញផ្លូវ​ដល់​កូន ។ ប៉ាស​ង្ឃឹ​ម​ថា កូន​នៅ​តែ​ស្វែងរក​ឃើញ​នូវ​ការ​បំផុសគំនិត តាម​រយៈ​សកម្មភាព​ដ៏​ល្អ និង​ភាព​ធន់​របស់​ម៉ាក់​កូន ហើយ​បន្ត​រក្សា​កេរដំណែល​របស់​ម៉ាក់​កូន ដោយ​ភាពរឹងមាំ និង​ការ​តាំងចិត្ត ។

អ្នកឧកញ៉ា បាន​បន្ត​ថា ឆ្នាំ​មុន យើង​បានឃើញ​កូន​ជម្នះ​បញ្ហា​ប្រឈម​នានា និង​បន្ត​ក្តី​សុបិន​របស់​កូន ដោយ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ។ សមិទ្ធផល​របស់​កូន​បាន​ធ្វើ​ឱ្យ​យើង​មាន​មោទកភាព​ក្រៃ​លែង ។ ចូរ​កូន​ចង​ចាំ​ជា​និច្ច​នូវ​ពេលវេលា​ទាំងនេះ ដែល​សំខាន់​សម្រាប់​កូន ហើយ​មាន​អារម្មណ៍​រីករាយ​ចំពោះ​ខ្លួន​កូន​ដែល​កំពុង​ក្លាយជា​មនុស្ស​ដ៏​ល្អ​ប្រពៃ ។ ចូរ​កូន​កុំ​ភ្លេច​ឱ្យ​សោះ​ថា កូន គឺជា​នារី​ដែល​មាន​ភាព​ខ្លាំង ក្លាហាន ឆ្លាត​វៃ និង​ស្រស់​ស្អាត​តាម​បែប​របស់​កូន ។

អ្នកឧញ៉ា​បាន​បន្ត​ថា នៅ​ពេល​កូន​ផ្លុំ​ទៀន​ខួបកំណើត​គម្រប់​១៦​ឆ្នាំ​នេះ កូន​ត្រូវ​យក​ពេល​បន្តិច ដើម្បី​នឹកគិត​ដល់​ពរ​ជ័យ​ជា​ច្រើន​ដែល​កូន​ទទួល​បាន​នៅ​ក្នុង​ជីវិត និង​អ្វី​ៗ​ដែល​មាន​សក្តានុពល​នៅ​ថ្ងៃ​ខាង​មុខ ។ ចូរ​កូនចាប់​យក​គ្រប់​ឱកាស និង​បន្ត​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​សមិទ្ធផល ទោះបីជា​ជួប​ការ​លំបាក​បែប​ណា​ក៏​ដោយ ។

សូម​រំលឹក​ថា ចំណង​ស្នេហ៍​ដ៏​ស្អិតរ​មួ​តរបស់​អ្នកឧកញ៉ា និង​អតីត​តារា​សម្ដែង​លោក​ជំទាវ ស្រី​តូច ចំណាន ក្នុង​រយៈពេល​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​នេះ បាន​បន្សល់​ទុក​ចំណងដៃ​បុត្រាបុត្រី​ចំនួន ៤ នាក់ ។ ទំនាក់ទំនង​របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​អតីត​តារា​សម្តែង និង​អ្នកចម្រៀង ស្រី​តូច ចំណាន ដែល​មានឈ្មោះ​ពិត​ថា ម៉ៅ សុ​ចំណាន ក្រោយ​ការ​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​អាថ៌​កំបាំង ក៏​ឈាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវការ នៅ​ដើមឆ្នាំ​២០១៥ ដោយ​មានការ​ផ្ចុងផ្តើម​ពី​អតីត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ។

គ្រួសារ​កំពូល​មហាសេដ្ឋី​កម្ពុជា​រូប​នេះ មានកូន​ប្រុស​ពីរ​នាក់ និង​កូនស្រី​ពីរ​នាក់​ជា​ចំណងដៃ​នៃ​ក្តី​ស្រលាញ់​របស់​ពួក​គេ គឺ​លោក គិត ស៊ូ​ឡា កញ្ញា គិត ស៊ូ​រៀ​រង្សី កញ្ញា​គិត ស៊ូ​ណា​វី​ន និង​កូនប្រុស​ពៅ គឺ កុមា​រា គិត ស៊ូ​ឡូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ