ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​១០​រូប​ត្រូវ​បាន​បាន​អះអាង​ថា គឺជា​កំពូល​អ្នកមាន​ទាំង​១០ នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ពួក​គេ​ម្នាក់​ៗ​មានទ្រព្យ​សម្បត្តិ​ចាប់ពី​៣៦​ពាន់​លាន​ដុល្លារ​ហូត​ដល់​២,១៥​ពាន់​លាន​ដុល្លារ ។ ទស្សនាវដ្ដី Forbes បាន​គូសបញ្ជាក់​ថា ការ​ធ្លាក់​ចុះ​១៥% នៅ​ក្នុង​ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​ថៃ…

បុគ្គល​១០​រូប​ត្រូវ​បាន​បាន​អះអាង​ថា គឺជា​កំពូល​អ្នកមាន​ទាំង​១០ នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ពួក​គេ​ម្នាក់​ៗ​មានទ្រព្យ​សម្បត្តិ​ចាប់ពី​៣៦​ពាន់​លាន​ដុល្លារ​ហូត​ដល់​២,១៥​ពាន់​លាន​ដុល្លារ ។

ទស្សនាវដ្ដី Forbes បាន​គូសបញ្ជាក់​ថា ការ​ធ្លាក់​ចុះ​១៥% នៅ​ក្នុង​ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន​ថៃ ចាប់តាំងពី​ឆ្នាំ​មុន​នាំ​ឲ្យ​មានការ​ចុះ​ខ្សោយ​នៃ​ប្រាក់​បាត និង​ផល​ប៉ះពាល់​នៃ​អ​ស្ថិរភាព​នយោបាយ​លើ​ទំនុកចិត្ត​របស់​វិនិយោគិន ហើយ​ក៏​បាន​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ថៃ​ចំនួន​៣៩​នាក់ រហូត​ដល់​ទៅ​១២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ថៃ​បាន​ធ្លាក់​ចុះ​ពី​១៧៣​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​មក​ត្រឹម​១៥៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ។

កំពូល​មហាសេដ្ឋី​ថៃ​ទាំង​១០​រូប​មាន​ដូច​ជា​៖
១. លោក ចា​ឡើ​ម យូ​វី​ដ្យា ( Chalerm Yoovidhya) និង​គ្រួសារ
មានទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ដល់​ទៅ​៣៦​ពាន់​លាន​ដុល្លារ ។ លោក​ត្រូវ​បាន​គេ​ដឹង​ថា ជា​សហ​ម្ចាស់​កម្មសិទ្ធិ​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull ។ កាលពី​ឆ្នាំ​២០២៣ លោក​ស្ថិត​នៅ​លំដាប់​លេខ​២ ប៉ុន្តែ​ឆ្នាំ​នេះ​ឡើង​មក​លេខ​១​វិញ ។ យីហោ​នេះ បាន​មើលឃើញ​ពី​ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​ចំនួន​១១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​ត្រូវ​បាន​ចែកចាយ​លក់​ទូ​ទាំង​ពិភពលោក ។

២. លោក ជៀ វ៉ា​រ៉ា​វ៉ា​នុ​ន ប្រា​ឌ័​រ (Chearavanont Brothers)
មានទ្រព្យ​សរុប​២៩​ពាន់​លាន​ដុល្លារ ។ លោក គឺជា​ម្ចាស់​ក្រុមហ៊ុន​ធំ​ជាងគេ​របស់​ប្រទេស​ថៃ គឺ​ក្រុមហ៊ុន Charoen Pokphand Group (CP) ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់​លេខ​១ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល ពោល​គឺ ការ​ខាតបង់​ចំនួន​២,៧​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ទទួល​រង​ដោយ​វិបត្តិ​ក្រុមហ៊ុន Ping An Insurance ។

៣.​លោក ចា​រឿ​ន ស៊ី​រី​វា​ដា​បា​ឌី ( Charoen Sirivadhanabhakdi)
មានទ្រព្យ​សម្បត្តិ​សរុប​១០ ពាន់​លាន​ដុល្លារ ។ លោក​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ គឺ​ក្រុមហ៊ុន Thai Beverage ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន​បី​នាក់​ដែល​បាន​រក្សា​ចំណាត់ថ្នាក់​ដដែល​ទោះជា ទ្រព្យសម្បត្តិ​របស់​លោក​បាន​ធ្លាក់​ចុះ​ពី​១១,៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ក៏​ដោយ ។

៤. គ្រួសារ​ត្រកូល ជី​រ៉ា​ធី​វាត់ ( Chirathivat)
មានទ្រព្យ​សរុប​៩,៩​ពាន់​លាន​ដុល្លារ ។ គ្រួសារ​នេះ ជា​ម្ចាស់​ក្រុមហ៊ុន Central Group ។ ទ្រព្យសម្បត្តិ​របស់​ត្រកូល​នេះ​បាន​ធ្លាក់​ចុះ​ពី ១២,៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន តែ​ក្រុមហ៊ុន​នេះ​បាន​ទិញ​កន្លែង​លក់ទំនិញ KaDeWe នៅ​ទីក្រុង​ប៊ែ​ក​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​តម្លៃ ១​ពាន់​លាន​ដុល្លារ​ក្នុង​ខែមេសា​ឆ្នាំ​នេះ ។

៥. លោក សា​រ៉ាត រា​តា​ណា​វា​ឌី ( Sarath Ratanavadi)
មានទ្រព្យ​សរុប ៩,២ ពាន់​លាន​ដុល្លារ ។ លោក​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ថាមពល​និរន្តរភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ឈានមុខ​គេ Gulf Energy Development ។ តម្លៃ​ទ្រព្យសកម្ម​របស់​គាត់​បាន​ធ្លាក់​ចុះ​ពី ១១,៣​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ ។

៦. លោក ប្រាសាទ ប្រា​សា​ទុង អូស​ថ ( Prasert Prasarttong-Osoth)
មានទ្រព្យ​សរុប​៣,៨​ពាន់​លាន​ដុល្លារ ។ លោក​ជា​សហ​ស្ថាបនិក​នៃ​ខ្សែ​សង្វា​ក់​មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ គឺ​សេវាកម្ម​វេជ្ជសាស្ត្រ​បាងកក ឌូ​ស៊ី​ត ។ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់ Bangkok Airways ដែល​ជាប់​ចំណាត់ថ្នាក់​ទី​២៧ ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​ទាំង ១០០ របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​ប្រឹក្សា​អាកាសចរណ៍ Skytrax ។

៧. លោក អៃ​យ៉ា​វាត់ ស្រ៊ី​វា​ដា​ណា​ប្រា​បា ( Aiyawatt Srivaddhanaprabha)
មានទ្រព្យ​សរុប ៣,៦ ពាន់​លាន​ដុល្លារ ។ លោក​ជានា​យក​ប្រតិបត្តិ​នៃប្រតិបត្តិ​ករ​ហាង​គ្មាន​ពន្ធ King Power បាន​កើនឡើង​ពី​ចំណាត់ថ្នាក់​ទី​ប្រាំបី កាលពី​ឆ្នាំ​មុន ។ គាត់​ក៏​ជា​ប្រធាន​ក្លឹ​ប​បាល់ទាត់ Leicester City ក្នុង​ប្រទេស​អង់គ្លេស និង​ជា​ម្ចាស់ King Power Mahanakhon ដែល​ជា​ប៉ម​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​ថៃ ។

៨. លោក វ៉ា​និ​ច ឆៃ​យ៉ា​វ៉ា​ន់ (Vanich Chaiyawan)
មានទ្រព្យ​ទំហំ​៣,៣ ពាន់​លាន​ដុល្លារ ។ លោក​ជា ប្រធាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ថៃ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ធំ​ជាងគេ​ទី​ពីរ​របស់​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​ពី​ចំណាត់ថ្នាក់​ទី​៦ កាលពី​ឆ្នាំ​មុន ។ លោក និង​គ្រួសារ​របស់​គាត់​ក៏​មាន​ភាគហ៊ុន​ភាគច្រើន​នៅ​ក្នុង​ធនាគារពាណិជ្ជ Thai Credit Bank ។

៩. គ្រួសារ អូ​សា​ថា​នូ​រ៉ាត (Osathanugrah)
មានទ្រព្យ​សរុប ២,២​ពាន់​លាន​ដុល្លារ ។ លោក​ជា​ម្ចាស់​ក្រុមហ៊ុន Osotspa ក្នុង​ចំណោម​ក្រុមហ៊ុន​ចំណាស់​ជាងគេ​បំផុត​របស់​ប្រទេស​ថៃ និង​ជា​អ្នក​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 បាន​កើនឡើង​ពី​ចំណាត់ថ្នាក់​ទី 10 កាលពី​ឆ្នាំ​មុន ។ ទ្រព្យសម្បត្តិ​របស់​គ្រួ​សារបាន​ទទួល​ការ​ជំរុញ​ពី​ការ​ផ្តល់​ជូន​សាធារណៈ​លើក​ដំបូង​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០១៨ ។

១០. លោក ប្រា​យុទ្ធ ម៉ា​ហា​ជី​ត​ស៊ី​រី ( Prayudh Mahagitsiri)
មានទ្រព្យ​សរុប ២,១ ពាន់​លាន​ដុល្លារ ។ លោក​គឺជា​ម្ចាស់​ផលិតផល​កាហ្វេ​គុណភាព​របស់​លោក Prayudh Mahagitsiri ដែល​ជា​មហាសេដ្ឋី​កាហ្វេ​ថៃ គឺជា​ការ​បណ្តាក់ទុន​រួម​គ្នា​យូរអង្វែង​ជាមួយ​ក្រុមហ៊ុន Nestlé ដែល​កែ​ច្នៃ​អាហារ និង​ភេសជ្ជៈ​ចម្រុះ​ជាតិ​សាសន៍ ។ លោក​ក៏​មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​ដែក ទង់ដែង ការ​ដឹក​ជញ្ជូន ការ​ខួង​យក​រ៉ែ នៅ​ឯនាយ​សមុទ្រ និង​ការ​អភិវឌ្ឍ អចលនទ្រព្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ