ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាដណ្ដើមបានមេដាយ៥​គ្រឿងពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននៅឥណ្ឌូណេស៊ី

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​បាន​​បញ្ជូន​ប្រតិភូ​កីឡាចំនួន​៦​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​កីឡា​ក្រប​ខណ្ឌ​

រាជធានីភ្នំពេញ ៖ កម្ពុជា​បាន​​បញ្ជូន​ប្រតិភូ​កីឡាចំនួន​៦​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​កីឡា​ក្រប​ខណ្ឌ​សាកលវិទ្យាល័យ​អាស៊ានលើក​ទី​២១​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី ។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ទី​៣​ខែកក្កដា​ កន្លង​មកនេះ មាន​ប្រតិភូ​កីឡា​ចំនួន​៣​ប្រភេទ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​និង​បាន​វិល​ត្រឡប់​មក​វិញ ដោយ​បាន​នាំ​មក​នូវ​មេដាយ​ចំនួន​៥​គ្រឿង​ជូន​ជា​តិមាតុភូមិ​។

ក្រុម​កីឡា​ទាំង​៣​ប្រភេទ​ដែល​បាន​វិល​ត្រឡប់​មក​វិញ​នាពេល​នេះ មាន​​យូ​ដូ, ប៉េតង់​និង​ហែលទឹក​។​ ចំពោះ​ប្រភេទ​កីឡា​ដែល​ដណ្ដើម​បាន​មេដាយ​មាន​កីឡា​យូ​ដូ​ដណ្ដើម​បាន​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង កីឡា​ប៉េតង់​ដណ្ដើម​បាន​មេដាយ​ចំនួន​៤​គ្រឿង ក្នុង​នោះ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង​និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​។

ឯកឧត្តម​សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានដឹកនាំ​ក្រុមការងារទៅ​ទទួល​ប្រតិភូ​កីឡា​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ។ ​ពេល​នោះឯកឧត្តម​បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថា នេះ​ជា​លទ្ធផលដែល​បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង នៃ​ការ​ជំរុញចលនា​កីឡា​ស្រប​ទៅ​តាម​គោ​លន​យោ​បាយសម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យុវជន​ម្នាក់​លេង​កីឡា​១​ប្រភេទ​ប្រចាំជីវិត។​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​ សម្ដេច​ធិ​បតី​បាន​គាំទ្រ​និង​ឯកភាព​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ និង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​មនា​ឆ្នាំ​២០២៩​។​ ឯក​ឧត្ត​មបន្ត​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ទាំង​មាន​ពិការ​ភាព​ឱ្យ​ខិតខំ​ហ្វឹកហាត់​កីឡា​ឱ្យ​មានគុណ​ភាព​ខ្ពស់​ដើម្បី​លើកកម្ពស់​ដល់​ការ​រីក​ចម្រើន​វិស័យ​កីឡា​នៅ​កម្ពុជា​។

គួរ​រម្លឹ​កថា ​ក្នុង​ចំណោម​កីឡា​ទាំង​៦​ប្រភេទ​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​នៅ​ប្រ​ទេ​សឥណ្ឌូណេ​ស៊ី មាន​៣​ប្រភេទ​កីឡា​បាន​វិល​ត្រឡប់​មក​មុន នៅ​សល់​៣​ប្រភេទ​កីឡា​ទៀត​បន្ត​បេសកកម្ម​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​៦ ​ខែកក្កដា​ឆ្នាំ​២០២៤ ដែល​មាន​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​WT កីឡា​កា​រ៉ា​តេ​ និង​អត្តពលកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ