ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុងប៉ារីសធានាថា ការនាំមុខរបស់បក្សស្តាំនិយមជ្រុល មិនប៉ះពាល់ដល់កីឡាអូឡាំពិកឡើយ

5 ខែ មុន

ទីក្រុងប៉ារីស ៖ លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាន

ទីក្រុងប៉ារីស ៖ លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការធានាដល់សាធារណជនទាំងក្នុងស្រុក និងអន្តរជាតិទាំងអស់ថា ការនាំមុខនៅក្នុងការបោះឆ្នោតសភាបារាំងជុំទី១ របស់គណបក្សស្តាំនិយមជ្រុល (RN) មិនបានប៉ះពាល់ ឬបង្អាក់ដំណើរការណាមួយ ដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងប៉ារីសឆ្នាំ២០២៤ ឡើយ។

គណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតសភាជុំទី១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយទទួលបានសំឡេង ៣៣,១៥%។ ដ្បិតសម្ព័ន្ធបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Emmanuel Macron ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ទទួលបានសំឡេងត្រឹម ២០,៧៦% ប៉ុណ្ណោះ ដោយនៅពីក្រោយក្រុមសម្ព័ន្ធបក្សឆេ្វងនិយម ដែលនៅលេខ២ ទទួលបានសំឡេង ២៨,១៤%។

ជាមួយនឹងលទ្ធផលនេះ ការលើកឡើងជាច្រើន រួមទាំងការលើកឡើងរបស់លោក Michael Payne អតីតប្រធានផ្នែកទីផ្សារនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ IOC កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ពាក់ព័ន្ធនឹងហានិភ័យ ចំពោះការប្រកួតកីឡាអូឡាំពិកនៅក្នុងទីក្រុងប៉ារីស ចំពេលដែលអស្ថិរភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសបារាំង គឺជាបញ្ហាចម្បងនៃការរំខានជាសាធារណៈ ដែលអាចប៉ះពាល់ដល់សេវាសន្តិសុខជាតិ។

ការបោះឆ្នោតសភាជុំទី២ គ្រោងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ មុនពេលពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ខណៈដែលសភាត្រូវបានព្យួរអាចបណ្តាលឱ្យមានភាពខ្វិនផ្នែកនយោបាយ និងចលាចលអស់ជាច្រើនខែ។

ឆ្លើយតបនឹងមន្ទិលសង្ស័យនេះ លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស ដែលជាសមាជិកគណបក្សសង្គមនិយម (PS) បានប្រាប់ទូរទស្សន៍បារាំង France 2 កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីធានាអំពីដំណើរការយ៉ាងរលូនក្នុងការរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៤។ ស្ត្រីវ័យ៦៥ឆ្នាំរូបនេះ បានថ្លែងថា «ខ្ញុំសូមនិយាយទៅកាន់ភ្ញៀវមកពីជុំវិញពិភពលោក មក! មក! ព្រោះប៉ារីសជាទីក្រុងមានសុវត្ថិភាព ដែលក្រោកឈរឡើងដើម្បីសេរីភាព និងជាទីក្រុងតស៊ូប្រឆាំងនឹងសិទ្ធិជ្រុលហួសហេតុ»។

គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ដំណើរការពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៥០០នាក់ ចូលរួមធ្វើការប្រកួតប្រជែងដណ្ដើមមេដាយ ដោយមានកីឡាចំនួន ៣២ប្រភេទ លើវិញ្ញាសាសរុប ៣២៩វិញ្ញាសា មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕ (ប្រភព ៖ The Guardian និង Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ