ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រដ្ឋាភិបាល​ ៖​ សេរីភាព​បញ្ចេញមតិ និង​អំពើ​ល្មើសច្បាប់​មិន​ដូច​គ្នា​ទេ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា មានការ​ភាន់ច្រឡំ​ ឬ​ការ​បំភាន់​អំពី​សេរីភាព​បញ្ចេញមតិ​ (​ឬ​មតិ​រិះគន់​) និង​ការ​បំពាន​ច្បាប់​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​សង្គម…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា មានការ​ភាន់ច្រឡំ​ ឬ​ការ​បំភាន់​អំពី​សេរីភាព​បញ្ចេញមតិ​ (​ឬ​មតិ​រិះគន់​) និង​ការ​បំពាន​ច្បាប់​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​សង្គម ​។

ឯកឧត្តម​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ​ថា​ «តាម​ពិត​គ្មាន​អ្វី​ពិបាក​យល់​ទេ ដូច្នេះ សូម​បែងចែក​ឱ្យ​ច្បាស់ ហើយ​សូមកុំ​យក​សេរីភាព​បញ្ចេញមតិ​មក​លាយឡំ​គ្នា​ជាមួយ​អំពើ​ល្មើសច្បាប់​»។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​យល់​ដឹង​ពី​បញ្ហា​នេះ​ឱ្យ​ច្បាស់ ខ្ញុំ​សូម​លើកយក​ប្រការ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​កតិកាសញ្ញា​អន្តរជាតិ និង​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស ដែល​គេ​ទទួលស្គាល់​និង​អនុវត្ត​ទូ​ទាំង​ពិភពលោក​ ៖ មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ សេរីភាព​ខាង​ការ​ជួបជុំ​ ។

ប៉ុន្តែ​ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ ដោយ​រំលោភ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ​។ របប​សារព័ត៌មាន​ត្រូវ​កំណត់​ដោយ​ច្បាប់​ ។

មាត្រា​១៩(៣) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ចែង​ថា ការ​ប្រើប្រាស់​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​កថាខណ្ឌ​២​នៃ​មាត្រា​នេះ តម្រូវ​ឱ្យ​មាន​ករណីយកិច្ច​និង​ការ​ទទួលខុសត្រូវ​ពិសេស​។ ដូច្នេះ ការ​ប្រើប្រាស់​សិទ្ធិ​នេះ​អាច​មានការ​រឹតត្បិត​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​ដាច់ខាត​ដោយ​ច្បាប់ និង​ដែល​ចាំបាច់​ដើម្បី​៖ (​ក​) គោរព​សិទ្ធិ​និង​កិត្តិសព្ទ​អ្នក​ដទៃ​, (​ខ​) ការពារ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ សុខភាព ឬ​សីលធម៌​សាធារណៈ​។

មាត្រា​២២ (២) នៃ​កតិកាសញ្ញា​អន្តរជាតិ​ដដែល​ចែង​ថា ការ​ប្រើប្រាស់​សិទ្ធិ​នេះ​អាច​មានការ​រឹតត្បិត​ដែល​កំណត់​ដោយ​ច្បាប់​តែ​ប៉ុណ្ណោះ​និង​ដែល​ចាំបាច់​ក្នុង​សង្គម​ប្រជាធិបតេយ្យ ក្នុង​ផលប្រយោជន៍​នៃ​សន្តិសុខ​ជាតិ ឬ​សុវត្ថិភាព​សាធារណៈ សណ្តាប់ធ្នាប់​សាធារណៈ ការ​ការពារ​សុខភាព​សាធារណៈ ឬ​សីលធម៌ ឬ​ការ​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​ដទៃ​។

មាត្រា​២៩(២) នៃ​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​ចែង​ថា ក្នុង​ការ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន មនុស្ស​គ្រប់​រូប​ត្រូវ​ស្ថិត​នៅ​ត្រឹម​កម្រិត​ដែល​ច្បាប់​បាន​កំណត់​តែ​ប៉ុណ្ណោះ​ក្នុង​គោលបំណង​ធានា​ការ​ទទួលស្គាល់​និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​ដទៃ និង​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​យ៉ាង​ត្រឹមត្រូវ​ខាង​សីលធម៌ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខុមាលភាព​ទូទៅ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ