ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រានចោលការផ្សាយថា មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមកម្ពុជា ​បែងចែកតំបន់មូលដ្ឋាននាវាយោធាចិន និងកម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​ផ្សាយ​ថា នៅ​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​សមុទ្រ​រាម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​ប្រកាស​ច្រានចោល​ទាំងស្រុង ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​ផ្សាយ​ថា នៅ​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​សមុទ្រ​រាម​កម្ពុជា មានការ​បែងចែក​តំបន់​សម្រាប់​មូលដ្ឋាន​នាវា​យោធា​ចិន និង​តំបន់​នាវា​យោធា​កម្ពុជា ។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃ​ទី​២ ខែកក្កដា​នេះ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចោទសួរ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Wall Street Journal កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​ចោទប្រកាន់​លើ​វត្តមាន​នាវា​យោធា​២​គ្រឿង របស់​ចិន នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក​កម្ពុជា​, ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់​ចំនួន​២​ចំណុច ដូច​ខាងក្រោម ៖

១. នាវា​យោធា​ចិន​២​គ្រឿង ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក​កម្ពុជា​នោះ គឺ​ទើបតែ​មក​ដល់​នា​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ដែល​ជានា​វា​ផ្លាស់​ប្តូរ​វេន​ជាមួយនឹង​នាវា​យោធា​ចិន​កន្លង​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​ក្រសួងការពារជាតិ​ប្រទេស​ទាំង​ពីរ ដើម្បី​មក​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អំពី​ការ​ប្រើប្រាស់​នាវា​ដល់​កងទ័ពជើងទឹក​កម្ពុជា មិន​ដូច ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Wall Street Journal ដែល​ថា នាវា​នេះ បាន​ចូល​ចត​រយៈពេល​៦​ខែ​នោះ​ឡើយ ។

២. ខ្ញុំ​សូម​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ថា នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក​កម្ពុជា មានការ​បែងចែក​តំបន់​សម្រាប់​មូលដ្ឋាន​នាវា​យោធា​ចិន និង​តំបន់​នាវា​យោធា​កម្ពុជា ។ ការ​ផ្សព្វផ្សាយ​បែប​នេះ ជា​ជា​ចេតនា​បង្ក​ឱ្យ​មាន​ភាន់ច្រឡំ ហើយ​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ ។

នៅ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក​កម្ពុជា កំពុងធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដោយ​ក្នុង​នោះ​មាន​តំបន់​ខ្លះ​កំពុង​សាងសង់​តម្រូវ​ឱ្យ​មានការ​ហាមឃាត់​មិន​ឱ្យ​មាន​ចេញចូល​នោះ​ឡើយ ដែល​នេះ​ជា​កិច្ចការ​សម្ងាត់​របស់​កងទ័ព ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ជម្រាប​ថា បញ្ហា​សមុទ្រ​រាម​នេះ​គេ​សង្កេត​ឃើញ​ថា​នៅ​តែ​ជា​ចំណុច​មួយ​ដែរ​ក្រុមប្រឆាំង​យក​មក​និយាយ ពិសេស​នោះ​អ្នក​សារព័ត៌មាន​អន្តរជាតិ នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ទោះបីជា​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ និង​បង្ហាញ​ជំហរ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ប្រទេស​ណាមួយ​យក​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង ឬ​ធ្វើការ​ហា​យ​ប្រហារ​ទៅ​លើ​ប្រទេស​ទី​បី​ជា​ច្រើន​មក​យ៉ាងណា​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ