ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខែដំបូងឆ្នាំនេះ! វៀតណាមនាំចេញអង្កររកបានជិត៣ពាន់លានដុល្លារ ខណៈថៃជាង២.៥ពាន់​លាន​ដុល្លារ

2 ថ្ងៃ មុន

ប្រទេសវៀតណាម-ថៃ ៖ យោងតាមទិនន្ន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម

ប្រទេសវៀតណាម-ថៃ ៖ យោងតាមទិនន្ន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤.៦៨លានតោន នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ពាន់លានដុល្លារអាមេរិក។ តួលេខនេះតំណាងឱ្យការកើនឡើង ១០.៤% នៅក្នុងបរិមាណ និង ៣២% នៅក្នុងតម្លៃ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress របស់វៀតណាមចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ប្រទេសវៀតណាមប្រមូលផលស្រូវបានចំនួន ៣,៤៨លានហិកតា នៅឆមាសទី១ នៃឆ្នាំ ពោលកើនឡើង ០.៥% ធៀបនឹងឆ្នាំមុន។ ចំណែកទិន្នផលជាមធ្យមឈានដល់ ៦.៧តោនក្នុង១ហិកតា កើនឡើង ០.៧តោនក្នុង១ហិកតា ដែលនាំឱ្យទិន្នផលសរុបកើនឡើងដល់ ២៣.៣លានតោន កើនឡើង ១.៦% រយៈដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនោះ វៀតណាមក៏បានចំណាយថវិកាប្រមាណ ៦៧០លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត ដែលជាចម្បងមកពីប្រទេសកម្ពុជា និងឥណ្ឌា។ ទោះបីជាវៀតណាមជាប្រទេសនាំចេញអង្ករធំទី២ របស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះ នៅតែនាំចូលអង្ករប្រភេទផ្សេងទៀត សម្រាប់ផលិតចំណីសត្វ។

ដោយឡែក យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រទេសថៃបាននាំចេញអង្ករចំនួន ៥លានតោន នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ប៉ុន្តែការនាំចេញនៅត្រីមាសទី៣ បង្ហាញសញ្ញានៃការថមថយ ព្រោះតែតម្លៃខ្ពស់ជាងបើធៀបនឹងដៃគូប្រកួតប្រជែង ដោយអ្នកទិញពន្យារពេលការទិញ ខណៈដែលអង្ករពីប្រទេសវៀតណាម ឥណ្ឌា និងប៉ាគីស្ថានបានវាយលុកទីផ្សារ។

តាមប្រភពសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ការនាំចេញអង្កររបស់ថៃមានសន្ទុះខ្លាំងក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានគយបានបង្ហាញថា អង្ករចំនួន ៤.០៥លានតោន ត្រូវបាននាំចេញនៅក្នុងតម្លៃជាង ២.៥ពាន់លានដុល្លារ ពោលកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានចំនួនត្រឹមតែ ៣.៤៨លានតោនប៉ុណ្ណោះ។

នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃរំពឹងថា ប្រទេសថៃនឹងដើរលើសពីគោលដៅនាំចេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ៧.៥លានតោន ដែលអាចឈានដល់ ៨លានតោន ប៉ុន្តែនៅតែទាបជាង បើធៀបនឹង ៨.៧លានតោន ដែលត្រូវបាននាំចេញកាលពីឆ្នាំ ២០២៣៕ (ប្រភព ៖ VnExpress និង The Nation Thailand)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ