ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរសមុទ្រកម្ពុជាមានអាកាសយានដ្ឋានច្រើនបំផុតនៅក្នុងប្រទេស

2 ថ្ងៃ មុន

បើ​ទោះបីជា​តំបន់ឆ្នេរ​នៅ​កម្ពុជា​ដែល​មាន​ប្រវែង​៤៤០ គីឡូម៉ែត្រ​មិន​ទាន់​មាន​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អាកាសយានដ្ឋាន​ពេញទំហឹង​ក៏​ដោយ​ចុះ​ក៏​មក​ដល់​ពេល​នេះ តំបន់ឆ្នេរ​កម្ពុជា​មាន អាកាសយានដ្ឋាន​ដែល​សាងសង់​ហើយ​២ និង​គម្រោង​ដែល​ទទួល​ភ្លើង​ខៀវ​មួយ ដូច្នេះ​តំបន់ឆ្នេរ​កម្ពុជា​ក្លាយជា​តំបន់​ដែល​មាន​អាកាសយានដ្ឋាន​ច្រើន​ជាងគេ នៅ​ក្នុង​ប្រទេស ។ ប្រទេស​កម្ពុជា​ដែល​មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ពី​ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង…

បើ​ទោះបីជា​តំបន់ឆ្នេរ​នៅ​កម្ពុជា​ដែល​មាន​ប្រវែង​៤៤០ គីឡូម៉ែត្រ​មិន​ទាន់​មាន​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អាកាសយានដ្ឋាន​ពេញទំហឹង​ក៏​ដោយ​ចុះ​ក៏​មក​ដល់​ពេល​នេះ តំបន់ឆ្នេរ​កម្ពុជា​មាន អាកាសយានដ្ឋាន​ដែល​សាងសង់​ហើយ​២ និង​គម្រោង​ដែល​ទទួល​ភ្លើង​ខៀវ​មួយ ដូច្នេះ​តំបន់ឆ្នេរ​កម្ពុជា​ក្លាយជា​តំបន់​ដែល​មាន​អាកាសយានដ្ឋាន​ច្រើន​ជាងគេ នៅ​ក្នុង​ប្រទេស ។

ប្រទេស​កម្ពុជា​ដែល​មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ពី​ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ខេត្តកំពត ដល់​ខេត្ត​កែប មាន​អាកាសយានដ្ឋាន ដែល​កំពុង​តែ​ដំណើរការ​ស្រាប់​នោះ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​តែ​គ្រប់គ្រង ដោយ​ក្រុមហ៊ុន​ឃេ​ម​បូ​ឌៀ អ៊ែ​ផត របស់​បារាំង អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ពីរ គឺ​គិរី​សាគរ និង​ស្រុក​បុ​ទុម​សាគរ ដែល​កំពុង​តែ​រៀបចំ​ដាក់​ឲ្យ​ដំណើរការ និង​គម្រោង​កសាង​អាកាសយានដ្ឋាន​មួយទៀត គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​លើ​កោះ​រ៉ុ​ង ប៉ុន្តែ​ក្រោយ​ពេល​ទទួល​ភ្លើង​ខៀវ នៅ​ខែមករា ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ​ហាក់​មិន​ទាន់​មាន​បច្ចុប្បន្នភាព​នៃ​គម្រោង​នេះ​នៅឡើយ​ទេ ។

ការ​ដែល​តំបន់ឆ្នេរ​នឹង​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ច្រើន​បែប​នេះ វា គឺជា​សក្តានុពល​មួយ​ពីព្រោះ​គម្រោង​នីមួយ​ៗ​មាន​គោលដៅ​ផ្សេង​ៗ​គ្នា ដោយ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ និង​អាកាសយានដ្ឋាន​នៅ​កោះ​រ៉ុ​ង គឺ​ទំនងជា​សម្រាប់​គោលដៅ​នៃ​ការ​ដឹក​ជញ្ជូន​ពិសេស សម្រាប់​តំបន់​ទេសចរណ៍​ឯកជន ស្រប​ពេល​ដែល​អាកាសយានដ្ឋាន​សាធារណៈ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​តែ​ដំណើរការ​ពេញទំហឹង ។

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ដែល​បាន​សាកល្បង​ការ​ហោះហើរ​ដោយ​ជោគជ័យ​កាលពី​ខែមេសា ឆ្នាំ​២០២២ តែ​បាន​ពន្យារពេល​ជា​បន្តបន្ទាប់​មក​នោះ​ត្រូវ​បាន​លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​ដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​នានា​ថា អាកាសយានដ្ឋាន​នេះ អាច​នឹង​ដាក់​ឱ្យ​ដំណើរការ​ហោះហើរ នៅ​ខែ​ដំណាច់​សីហា ឆ្នាំ​២០២៤ ។

ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ដែល​សាងសង់​បាន​រៀបចំ​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស ដើម្បី​ពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ស្នើ​សុំ​ដាក់​ដំណើរការ ការ​ហោះហើរ​ជា​លក្ខណៈ​ក្នុងស្រុក​កម្រិត​បឋម​ជំហាន​ដំបូង រួម​ជាមួយ​ការ​បន្ត​ធ្វើ​នូវ​នីតិវិធី​បន្តបន្ទាប់​ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ការ​ហោះហើរ​កម្រិត​មធ្យម និង​កម្រិត​លក្ខណៈ​អន្តរជាតិ នា​ពេល​ខាង​មុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ជំហាន​ដំបូង គឺ​អាច​ដំណើរការ ក្នុង​កម្រិត​បឋម​ដំណាក់កាល​ទី​១ សម្រាប់​តែ​អាកាសយាន​ខ្នាត​តូច​កម្រិត 2B ហើយ​ក្នុង​ករណី​ក្រុមហ៊ុន​មាន​គោលបំណង​ចង់​ប្រតិបត្តិការ​ហោះហើរ​លក្ខណៈ​អន្តរជាតិ ត្រូវ​ស្នើ​សុំ​វិញ្ញាបនបត្រ ពី​អាកាសចរណ៍​ស៊ី​វិល​បន្ថែម​ដែល​ត្រូវការ​ពេល​នឹង​លក្ខខណ្ឌ​បច្ចេកទេស​បន្ថែម ។

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ជា​គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ ជា​ការ​វិនិយោគ​សម្រាប់​គាំទ្រ ដល់​គម្រោង​ពហុ​បំណង​វិស័យ​ទេសចរណ៍​នៅ​តំបន់​ទេសចរណ៍​តារា​សាគរ ដែល​ជា​តំបន់​កំពុង​តែ​អភិ​វ​ឌ្ឈ​ន៍​នៅ​កណ្តាល​ព្រៃ​ជាប់​នឹង​ឆ្នេរសមុទ្រ​ដ៏​មហិមា​មួយ ។

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ សាងសង់​លើ​ផ្ទៃដី​២១៨​ហិច​តា និង​បាន​ត្រៀម​ដី​បម្រុង​ទុក​ជិត​១០០០​ហិច​តា សម្រាប់​អភិវឌ្ឍន៍​គម្រោង​គាំទ្រ​ផ្សេង​ៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋាន​នេះ សាងសង់​បាន​ប្រមាណ​ជិត​១០០% ហើយ​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើការ​ប្រតិបត្តិការ​ហោះហើរ​ក្នុងស្រុក ។

នៅ​ពេល​ដែល​គម្រោង​ដំណើរការ​ពេញទំហឹង​អាកាសយានដ្ឋាន​នេះ ក៏​មាន​សមត្ថភាព​ផ្តល់​ការ​ចុះ​ចត​ប្រភេទ​យន្តហោះ​លំដាប់ 4E បាន ដូច​ជា​យន្តហោះ​ប្រភេទ Boeing-777 និង Airbus A-340/A-350​។

ផ្អែក​តាម​លក្ខណៈសម្បត្តិ​ទាំងនេះ តំបន់ឆ្នេរ​កម្ពុជា គឺ​ពិតជា​តំបន់​ដែល​នឹង​ក្លាយជា​គោលដៅ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដ៏​ចំបង​របស់​ប្រទេស ស្រប​ពេល​ដែល​តំបន់ឆ្នេរ​ទាំងមូល​មាន​ឆ្នេ​ខ្សាច់​សរុប​លើស​ពី​៤៨​កន្លែង ដោយនៅ​ក្នុង​នោះ​មាន​ឆ្នេរ​ខ្សាច់​ចំនួន ១៦ កន្លែង បាន​ចូលរួម​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​កន្លង​ទៅ​ដោយ​រួម​មាន​ឆ្នេរ​ខ្សាច់​ខេត្តកោះកុង​ចំនួន​២ និង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៨ ខេត្ត​កែប​ចំនួន​៦ ហើយ​ឆ្នេរ​ខ្សាច់​ទទួល​ជ័យ​លា​ភី​មាន​ចំនួន​១០​ឆ្នេរ ។

ក្រៅពី​នោះ កម្ពុជា​មាន​ធនធាន​សមុទ្រ​យ៉ាងច្រើន​អនេក ដែល​មាននៅ​តាម​តំបន់​មាត់សមុទ្រ និង​កោះ​នានា ដែល​គេ​ឃើញ​មាន​ឆ្នេរសមុទ្រ​ស្អាត​ៗ ទឹកសមុទ្រ​ខៀវស្រងាត់ ទេសភាព​ស្រស់បំព្រង ត្រី​សមុទ្រ​តូច​ធំ និង​ផ្កាថ្ម រួម​ជាមួយនឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ទ្រទ្រង់​ថ្មី​ៗ​ជា​ច្រើន ។

សរុប ទៅ​ទោះបីជា​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មាន​ប្រវែង​៤៤០ គីឡូម៉ែត្រ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដល់​ទៅ​៣​ក៏​ពិតមែន ក៏​ប្រហែលជា​មិន​លើស​ចំណុះ​នោះ​ទេ ។ នេះ​គឺជា​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទុក ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ណាមួយ ក្រៅពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​មួយ ដែល​ថវិកា​មួយ​ផ្នែក​កសាង​ដោយ​ថវិកាជាតិ ប៉ុន្តែ​អាកាសយានដ្ឋាន​ពីរ​ផ្សេង​ទៀត គឺ​សុទ្ធតែ​វិនិយោគ​ដោយ​ឯកជន គ្រាន់តែ​រដ្ឋ​ត្រូវ​ជួយ​ខាង​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ផ្សេង​ៗ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ