ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនផ្តល់ទិដ្ឋាការពិសេស ដល់ជនបរទេសមានទីលំនៅអចិន្ត្រៃយ៍ពីហុងកុង និងម៉ាកាវ

2 ថ្ងៃ មុន

ទីក្រុងប៉េកាំង ៖ បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋបាលអន្តោ

ទីក្រុងប៉េកាំង ៖ បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋបាលអន្តោប្រវេសន៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសថា បណ្តាជនបរទេសមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង និងម៉ាកាវ ហើយចង់ចូលមកចិនដីគោក អាចស្នើសុំទិដ្ឋាការធ្វើដំណើរចេញ-ចូលបានច្រើនដង ដែលមានសុពលភាពរយៈពេល៥ឆ្នាំ។

រដ្ឋបាលអន្តោប្រវេសន៍ចិនបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តទៅ បណ្តាជនបរទេសមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិនទាំងពីរខាង លើ នឹងមានសិទ្ធិស្នើសុំទិដ្ឋាការ ដើម្បីចូលមកកាន់ចិនដីគោក ប៉ុន្តែការស្នាក់នៅមួយលើក មិនត្រូវលើសពីរយៈពេល៩០ថ្ងៃ។ ចំណែក ជនបរទេសដែលមានទីលំនៅអចិន្ត្រៃយ៍មកពីហុងកុង និងម៉ាកាវ ដែលមានបំណងមកធ្វើការ និង សិក្សា ឬចូលរួមក្នុងការរាយការណ៍ព័ត៌មាននៅចិនដីគោក ត្រូវដាក់ពាក្យសុំទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅដាច់ដោយឡែកផ្សេងទៀត។

ចំណាត់ការដែលបានប្រកាសនេះ កើតឡើងនៅខួបលើកទី ២៧ នៃការប្រគល់ហុងកុងទៅឱ្យចិនពីការគ្រប់គ្រងរបស់អង់គ្លេស គឺជាជំហានមួយក្នុងចំណោមជំហានជាច្រើនផ្សេងទៀត ដែលបានធ្វើឡើងចាប់តាំងពីប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយការដកវិធានការរឹតបន្តឹងប្រឆាំងនឹងជំងឺកូវីដ-១៩ ជាផ្នូរដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកដំណើរធុរកិច្ច។

តាមប្រភពសារព័ត៌មាន The Business Times របស់សិង្ហបុរី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា ឆ្លើយតបនឹងការប្រកាសនេះ មេដឹកនាំហុងកុង លោក John Lee បានជំរុញប្រជាពលរដ្ឋរបស់ខ្លួន ទាញយកផលប្រយោជន៍ពីវិធានការថ្មី ដែលប្រកាសដោយទីក្រុងប៉េកាំង ដើម្បីសម្រួលដល់ការផ្លាស់ប្តូរឆ្លងព្រំដែន ខណៈលោកបានប្តេជ្ញាថានឹងធ្វើសមាហរណកម្មបន្ថែមទៀត ទៅក្នុងផែន ការ អភិវឌ្ឍន៍របស់ទីក្រុងហុងកុង។

លោក John Lee បានហៅវិធានការណ៍ធ្វើដំណើរ ដែលបានប្រកាសដោយទីក្រុងប៉េកាំងថា របកគំហើញគោលនយោបាយ ដែលបង្ហាញភាពរឹងមាំនៃក្របខណ្ឌប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ។ វិធានការនេះនឹងធ្វើសមាហរណកម្មទីក្រុងហុងកុងឱ្យកាន់តែប្រសើរទៅក្នុងចង្កោមសេដ្ឋកិច្ចតំបន់ឈូងសមុទ្រធំ ឬ Greater Bay របស់ប្រទេសចិន ដែលរួមមានទីក្រុងម៉ាកាវ និងទីក្រុងដីគោកចំនួន ៩ ផ្សេងទៀតផងដែរ។

ទីក្រុងហុងកុងបានតស៊ូក្នុងការទទួលបានសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យលក់រាយ និងសេវាកម្មសំខាន់ៗរបស់ទីក្រុងហុងកុងផងដែរ៕ (ប្រភព ៖ Reuters និង The Business Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ