ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ប្រើទម្រង់ទំនើបហូឡូក្រាម

2 ថ្ងៃ មុន

ទីក្រុងតូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានដាក់ឱ្យចរាចរ

ទីក្រុងតូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២ទសវត្សរ៍ ជាមួយនឹងការរចនាឡើងដោយប្រើប្រាស់ទម្រង់ទំនើបហូឡូក្រាម (Hologram) ដែលមើលឃើញរូបផុសចេញបែប 3D ដើម្បីរារាំងការក្លែងបន្លំ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Al Jazeera ។

នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានថ្លែងថា ក្រដាសប្រាក់ថ្មី ដែលរចនាឡើងជំនួសក្រដាសប្រាក់ចាស់ រួមមាន ៖ ១,០០០យេន (៦.១៩ដុល្លារ) ៥,០០០យេន (៣០.៩៨ដុល្លារ) និង ១០,០០០យេន (៦១.៩៧ដុល្លារ) ដើម្បីបង្ហាញអំពីមូលធននិយមជប៉ុន សមភាពស្ត្រី និងការច្នៃប្រឌិតវិទ្យាសាស្ត្រ។

ទន្ទឹមជាមួយគ្នានោះផងដែរ នៅក្នុងក្រដាសប្រាក់ថ្មីទាំង៣ប្រភេទនោះ ក៏បានរំលេចរូបភាពបុគ្គលសំខាន់ៗ ៣រូបផ្សេងគ្នា ដែលជានិមិត្តរូបនៃវិស័យអប់រំ វិទ្យាសាស្រ្ត និងហិរញ្ញវត្ថុ។ នៅក្នុងក្រដាសប្រាក់ ១,០០០យេន បានរំលេចរូបលោក Shibasaburo Kitasato ដែលជាអ្នកជំនាញខាងបាក់តេរី ហើយបានជួយបង្កើតវិធីសាស្ត្រការពារជំងឺតេតាណូស និងរោគខាន់ស្លាក់។

ក្រដាសប្រាក់ ៥,០០០យេន បានរំលេចរូបលោកស្រី Umeko Tsuda ដែលជាអ្នកត្រួសត្រាយផ្លូវនៅក្នុងវិស័យអប់រំរបស់ស្ត្រី ដែលបានបង្កើតសាកលវិទ្យាល័យ Tsuda ដែលជាសាកលវិទ្យាល័យស្ត្រីដំបូងគេនៅប្រទេសជប៉ុន ស្ថិតនៅក្នុងទីក្រុងតូក្យូ។

ក្រដាសប្រាក់ ១០,០០០យេន បានរំលេចរូបលោក Eiichi Shibusawa គឺជាបុគ្គលឆ្នើមនៃឧស្សាហូប​នីយកម្ម ដែលប្រជាជនជប៉ុនស្គាល់ជាទូទៅថា «បិតានៃមូលធននិយមជប៉ុន»។ លោកក៏ជាមន្ត្រីរដ្ឋាភិបាល ដែលបានណែនាំមូលធននិយមលោកខាងលិច សម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចប្រទេសជប៉ុនអំឡុងសម័យ Meiji ។ លោកបានបង្កើតធនាគារទំនើបដំបូងគេ ដោយផ្អែកលើកម្មសិទ្ធិភាគហ៊ុនរួមនៅក្នុងប្រទេសជប៉ុន។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ខ្លួននឹងបោះពុម្ពក្រដាសប្រាក់ដែលរចនាថ្មីប្រហែល ៧.៥ពាន់លានសន្លឹក នៅដំណាច់ឆ្នាំសារពើពន្ធបច្ចុប្បន្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ