ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​-​និង​ទូត​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​និង​ទូត​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​។ ការ​ប្តេជ្ញា​នេះ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​និង​ទូត​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​។

ការ​ប្តេជ្ញា​នេះ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ ។
ក្នុង​ឱកាស​នៃ​ជំនួប លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស បាន​គោរព​ជម្រាប​ជូន សម្តេច​ធិ​បតី​អំពី​ភាព​រីក​ចម្រើន នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាព​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ចាប់ តាំងពី​ដំណើរការ​ស្វែងរក​សន្តិភាព និង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ សម្រាប់​អនាគតកាល រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ធិ​បតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិត​ក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។

ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​ធិ​បតី និង​លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការ​បន្ត​ជំរុញ​នូវ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជា​ច្រើន រួម​មាន​៖

១-ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាម​រយៈ​ការ​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យ​ទឹក​ស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការ​ជំរុញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ឌី​ជី​ថ​ល និង​សន្តិសុខ​សាយ​ប៊័រ ។

២- កិច្ច​សហប្រតិបត្តិការ​ក្នុង​កា​រត​ភ្ជាប់​លំហ​សមុទ្រ តាម​រយៈ​ការ​ចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែ​ក្លាយជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ លើ​សន្តិសុខ​លំហ​សមុទ្រ តាម​រយៈ​ការ​ជំរុញ​កិច្ច​សហប្រតិ បត្តិការ​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ការ​ហ្វឹកហ្វឺន​រួម​គ្នា ។

៣-ការ​បន្ត​ជំរុញ​នូវ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោក​ជំទាវ​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​គាំទ្រ​កម្ពុជា​ក្នុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សម្ដេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ចូលរួម​ចំណែក និង​គាំទ្រ​ដល់​កិច្ច​ដំណើរការ​នៃ​ការ​រៀបចំ​។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី និង​លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ការ​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ សម្ដេច​ធិ​បតី និង​លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការ​ដំឡើង​កម្រិត នៃ​កិច្ច​សន្ទនា​រវាង​វិស័យ​ការពារ​ជាតិ និង​វិស័យ​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដល់​កម្រិត​នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។


ព្រម​ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតី និង​លោកស្រី​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​ក្នុង​តំបន់ និង​អន្តរជាតិ​សំដៅ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ទៅ​វិញ​ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ