ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តមណ្ឌលគិរី កើនឡើង​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន

19 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវ​ទេសចរ ដែល​បាន​អញ្ជើញ​មក​ទស្សនា​ខេត្តមណ្ឌលគិរី ក្នុង​ថ្ងៃ​ទី​១-៣ ខែតុលា ឆ្នាំ​២០២៤ សរុប​ចំនួន ១៥.១៦៥​នាក់…

ខេត្តមណ្ឌលគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវ​ទេសចរ ដែល​បាន​អញ្ជើញ​មក​ទស្សនា​ខេត្តមណ្ឌលគិរី ក្នុង​ថ្ងៃ​ទី​១-៣ ខែតុលា ឆ្នាំ​២០២៤ សរុប​ចំនួន ១៥.១៦៥​នាក់ កើនឡើង​៩៧,៧១% (​ធៀប​ឆ្នាំ​២០២៣ ទេសចរ​សរុប ៧.៦៧០​នាក់​) ក្នុង​នោះ ៖ ទេសចរ​ជាតិ ១៤.៧៣៧​នាក់ កើនឡើង ១០០,២៥% (​ធៀប​ឆ្នាំ​២០២៣ ទេសចរ​ជាតិ សរុប​៧.៣៥៩​នាក់​) -​ទេសចរ​បរទេស ៤២៨​នាក់ កើនឡើង​៣៧,៦២% (​ធៀប​ឆ្នាំ​២០២៣ សរុប ៣១១​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​លោក ស៊ា​ង សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បញ្ជាក់​ថា មូលហេតុ ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ កើនឡើង​ទ្វេ​ដង ដោយសារ​រាជរដ្ឋាភិបាល បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ អញ្ជើញ​ទៅ​ទស្សនា​កម្សាន្ត​ខេត្ត​តំបន់​ភូមិភាគ​ឦសាន​ឱ្យ​បាន​ច្រើន​កុះករ ហើយ​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ល្អ​ប្រសើរ ជា​ពិសេស ក្រោម​ការ​យកចិត្តទុកដាក់​ពី​លោក ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បានឱ្យ​អាជ្ញាធរ ក្រុង ស្រុក កងកម្លាំង​ទាំងអស់ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម​ទី​វត្ត​អារាម និង​រមណីយដ្ឋាន​នានា ដើម្បី​ធ្វើ​យ៉ាងណា បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ ធ្វើបុណ្យ​ទាន និង​ដើរ​លេង​កម្សាន្ត​សប្បាយ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព និង​មានការ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ​គ្រប់​គោលដៅ​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្តមណ្ឌលគិរី ថែម​ទាំង​មាន​ឡានពេទ្យ​សង្គ្រោះ​បឋម​ប្រចាំការ​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ។

នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ យើង​សង្កេត​ឃើញ​ថា នៅ​តាម​ទី​វត្ត​អារាម​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី បាន​នាំ​យក​ទេយ្យវត្ថុ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​មួយ​ចំនួន ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា នៅ​តាម​ទី​វត្ត​អារាម​នីមួយ​ៗ ក៏​ដូច​ជា​មានការ​ជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិ​បាន នៅ​តាម​គេហដ្ឋាន និង​ទី​វត្ត​អារាម​ផង​ដែរ ។
ពិធីបុណ្យ​កាន់បិណ្ឌ គឺ​តែងតែ​ប្រារព្ធ​ធ្វើ​ជា​ប្រពៃណី​តាំងពី​បរម​បុរាណ​តរៀង​មក មាន​គោលបំណង ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ដែល​គង់​ចាំ​ព្រះ​វស្សា នៅ​ក្នុង​ទី​អារាម ទទួល​ការ​ផ្គត់ផ្គង់​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទំនុកបម្រុង​ព្រះសង្ឃ គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា និង​ក៏​ជា​ការ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន ដែល​បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ