ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលថ្លែងថាខ្លួនបានវាយប្រហារទីបញ្ជាការធំផ្នែកស៊ើបការណ៍សម្ងាត់របស់ក្រុមហេសបូឡានៅប្រទេសលីបង់កាលពីយប់មិញ។ ដូច្នេះ អ៊ីស្រាអែលកំពុងវាយតម្លៃអំពីទំហំនៃការខូចខាត។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបាញ់ប្រហារមន្ត្រីកំពូលៗរបស់ក្រុមនេះស្លាប់ជាហូរហែ ហើយត្រូវអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ចាត់ទុកថាជាទង្វើប្រតិកិរិយា។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូតបង្ខំឱ្យជនជាតិលីបង់១,២លាននាក់រត់ចោលផ្ទះសម្បែងរបស់ខ្លួន។ មានពាក្យចចាមអារ៉ាមថាអ៊ីស្រាអែលដាក់ផែនការសម្លាប់អ្នកដែលអាចក្លាយជាមេដឹកនាំកំពូលថ្មីរបស់ក្រុមហេសបូឡា លោកហាសេម សាហ្វ៊ីឌីន (Hashem Safieddine)។ ប៉ុន្តែគេមិនទាន់ដឹងអំពីជោគវាសនារបស់គាត់នៅឡើយទេ។

អ៊ីស្រាអែល និងហេសបូឡាមិនធ្វើអត្ថាធិប្បាយទៅលើករណីនេះទាល់តែសោះ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិថ្លែងថាករណីទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលស្លាប់ជនស៊ីវិលលីបង់យ៉ាងរង្គាលនោះជារឿងដែលមិនអាចទទួលយកបានឡើយ។ អ្នកនាំពាក្យរូបនេះថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូយ៉កថាភាគីទាំងអស់ត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពគ្រប់ពេលវេលាដើម្បីការពារជនស៊ីវិល, ផ្ទះរបស់ជនស៊ីវិល ហើយត្រូវធានាថាជនស៊ីវិលមិនអាចស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បានឡើយ។

ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាចាប់តាំងពីចុងឆ្នាំ២០២៣រហូតមកដល់ពេលនេះបានសម្លាប់ជនជាតិលីបង់ជាង២ពាន់នាក់។ ប៉ុន្តែមនុស្សស្លាប់ច្រើនបំផុតគឺអំឡុងពេល២សប្ដាហ៍ចុងក្រោយនេះនៅពេលសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងនៅក្នុងទ្រង់ទ្រាយធំ។ នេះបើយោងតាមការបូកសរុបតួលេខរបស់រដ្ឋាភិបាលលីបង់។ ប៉ុន្តែរដ្ឋាភិបាលច្រើននិយាយជារួមទាំងក្រុមហេសបូឡា និងជនស៊ីវិលបូកសរុបចូលគ្នា។ ដូច្នេះគេមិនដឹងថាតើជនស៊ីវិលស្លាប់ប៉ុន្មាននាក់? និងក្រុមហេសបូឡាស្លាប់ប៉ុន្មាននាក់?

រដ្ឋាភិបាលលីបង់ចោទប្រកាន់ថាអ៊ីស្រាអែលច្រើនវាយប្រហារសំដៅទៅលើជនស៊ីវិល។ ជាពិសេសស្ត្រី និងកុមារ។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលថ្លែងថាគោលដៅរបស់ខ្លួនគឺវាយប្រហារទីតាំងយោធាតែប៉ុណ្ណោះ ហើយអ៊ីស្រាអែលខិតខំណាស់ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើជនស៊ីវិល។ អ៊ីស្រាអែលអះអាងថាក្រុមហេសបូឡាចូលចិត្តបន្លំខ្លួននៅក្នុងចំណោមជនស៊ីវិល។

មួយឆ្នាំចុងក្រោយនេះ មុនពេលស្លាប់ទាហានអ៊ីស្រាអែលពីរនាក់នៅតំបន់ហ្គោលេនហាយ (Golan Heights) កាលពីថ្ងៃសុក្រ ក្រុមហេសបូឡាបានសម្លាប់ជនជាតិអ៊ីស្រាអែលសរុប៤៧នាក់។ នៅក្នុងចំណោមនោះមានទាហានខ្លះ និងជនស៊ីវិលខ្លះ។ នេះបើយោងតាមទិន្នន័យដែលផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែកញ្ញាដោយក្រុមអ្នកវិភាគអាល់ម៉ា (Alma) របស់អ៊ីស្រាអែលដែលជាក្រុមឯកទេសខាងសិក្សាស្រាវជ្រាវអំពីក្រុមហេសបូឡា។

នៅក្នុងស្ថានការណ៍នេះ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាចារ្យអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ថ្លែងនៅចំពោះមុខហ្វូងមហាជនថាអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ាមិនដកថយជាដាច់ខាត។ លោកថ្លែងដូច្នេះ២ថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ពន្លះអ៊ីស្រាអែលខ្លាំងគួរសមដែរកាលពីយប់ថ្ងៃអង្គារដោយប្រើប្រាស់គ្រាប់មីស៊ីលផ្លោងជាងមួយរយគ្រាប់៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ