ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បាន ៨៣,៥៨% និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ប្រវែង​៥២,៥៧ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​កំពត (​បំបែក​ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់ គម្រោង​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ប្រវែង​៥២,៥៧ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​កំពត (​បំបែក​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គ​.​ម​១៤៨+១០០) ទៅ​កាន់​ច្រក​លក (​ព្រំដែន​កម្ពុជា​-​វៀតណាម​)​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច នៃ​ខេត្តកំពត ទៅ​កាន់​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ នៃ​ខេត្ត​កែប សម្រេច​លទ្ធផល​បាន​៨៣,៥៨%​ហើយ គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ​២០២៤ នឹង​គ្រោង​បញ្ចប់​ការងារ​សាងសង់​នៅ​ចុងឆ្នាំ​២០២៤​ខាង​មុខ​ឆាប់​ៗ​នេះ ។

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​គិតគូរ​ខ្ពស់ និង​តែង​ចង្អុលបង្ហាញ​ឱ្យ​លោក ប៉ា​ល់ ចន្ទ​តារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​សម្របសម្រួល​គម្រោង ព្រមទាំង​ក្រុមការងារ​យកចិត្តទុកដាក់ និង​ចុះ​ជាប់​ជា​ប្រចាំ​លើ​ដំណើរការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​វឌ្ឍនភាព​ការងារ​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣​ជា​ប្រចាំ ។

បន្ទាប់​ពី​រដ្ឋមន្ត្រី​ដាក់​ការងារ​ធ្វើ​លោ​កប៉ាល់ ចន្ទ​តារា តែង​មាន​វត្តមាន និង​ចាត់​ឱ្យ​តំណាង​ចុះ​ពិនិត្យ​មើល ស្ថានភាព​សាងសង់ និង​ការងារ​បច្ចេកទេស ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា គម្រោង​ផ្លូវជាតិ​លេខ​៣៣ អនុវត្ត​ទៅ​តាម​លក្ខណៈ​បទដ្ឋាន​ត្រឹមត្រូវ ប្រកបដោយ​គុណភាព និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង ។

លោក​ប្រធាន​គ្រប់គ្រង​សម្របសម្រួល​គម្រោង​តែង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​បន្ត​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន ត្រូវ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ពី​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន ព្រមទាំង​ដាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​សុវត្ថិភាព ។

គួរ​បញ្ជាក់​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ត្រូវ​បាន​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ដែល​មាន​តម្លៃ​ជាង​សង់​ជាង​៦១​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​រយៈពេល​៤០​ខែ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC),​ទីប្រឹក្សា​បច្ចេក​ដោយ​ក្រុមហ៊ុន​ក្វា​ង​ចូ​វ វ៉ាង​អាន ជា​ប្រភេទ​ក្រាល​បេតុង​កៅស៊ូ​(AC)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ