ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វជ្រូករស់ប្រមាណ១.៦០០ក្បាលបានធ្វើលិខិត​ឆ្លងដែនទៅប្រទេសវៀតណាម ដោយសុវត្ថិភាពនៅ​ខេត្តស្វាយរៀង

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានក្រុមហ៊ុននាំសត្វជ្រូករស់​ប្រមាណជា១,៦០០ក្បាលឆ្លងដែនទៅប្រទេស​

ខេត្តស្វាយរៀង ៖ មានក្រុមហ៊ុននាំសត្វជ្រូករស់​ប្រមាណជា១,៦០០ក្បាលឆ្លងដែនទៅប្រទេស​វៀតណាមតាមច្រករបៀងគម្ពោតទូក ដោយមន្ត្រីពេទ្យសត្វខេត្តស្វាយរៀងពិនិត្យកាត់ស្តុក ។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននាំជ្រូករស់ទៅប្រទេសវៀតណាមនេះ គិតចាប់តាំងពីថ្ងៃទី២២ មិថុនា ឆ្នាំ​២០២៤ មកដល់យប់ថ្ងៃទី១ កក្កដា ឆ្នាំ​២០២៤ នេះសរុប១,៦០០ក្បាលហើយដែលក្រុមហ៊ុននាំសត្វជ្រូកចេញតាមច្រករបៀងគម្ពោតទូក ស្ថិតនៅភូមិគម្ពោតទូក ឃុំគគីរសោមស្រុកស្វាយទាប។

បើតាមប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវច្រករបៀងគម្ពោតទូកបានឲ្យដឹងថា ពួកគាត់ឃើញរថយន្តដឹកសត្វជ្រូករស់ចំនួន០៧គ្រឿងឆ្ពោះទៅប៉ុស្ត៍ច្រករបៀងគម្ពោតជ្រូក គិតត្រឹមយប់ថ្ងៃទី១ កក្កដា ឆ្នាំ​២០២៤នេះ។

ទាក់ទិនករណីនេះដែរ លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានមានប្រសាសថា ការនាំសត្វជ្រូករស់ចេញទៅប្រទេស​វៀតណាម នេះគឺក្រុមហ៊ុន ឌឿនសាមិត្ត គេមានច្បាប់ នាំសត្វជ្រូករស់ពីប្រទេសថៃ យកទៅប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះមកខេត្តស្វាយរៀងចេញទៅប្រទេសវៀតណាម ដូច្នេះមន្ត្រីជំនាញពេទ្យសត្វ គ្រាន់តែពិនិត្យ លើឯកសារ និងកាត់ស្តុកតែប៉ុណ្ណោះ។

លោកប៉ែន ចន្ធី បន្តទៀតថា សត្វជ្រូករស់ ដែលក្រុមហ៊ុនឌឿនសាមិត្ត នាំចេញទៅប្រទេសវៀតណាមចំនួន០៥គ្រឿង ក្នុង១គ្រឿងដឹកជ្រូកចំនួន១៧០ក្បាលសរុបចំនួន៨៥០ក្បាលជាជ្រូកនាំចូលពីប្រទេសថៃ ហើយមន្ត្រីពេទ្យសត្វបានកាត់ស្តុក ។

លោកប៉ែន ចន្ធី បានមានប្រសាសន៍ទៀតថា ចំពោះសមត្ថកិច្ចព្រំដែនបានរាយការថា មកដល់យប់ថ្ងៃទី១ កក្កដា ឆ្នាំ​២០២៤ ឃើញក្រុមហ៊ុននាំជ្រូករស់ទៅប្រទេសវៀតណាមសរុប១,៦០០ក្បាលហើយ ។ ​ក្រុមហ៊ុនឌឿនសមិត្តនាំជ្រូកថៃ មកសរុប៨៥០ក្បាល ជ្រូកប្រជាពលរដ្ឋក្នុងស្រុកចំនួន៧៥០ក្បាល ដែលអ្នករកស៊ីជ្រូកក្នុងស្រុក ដើរប្រមូលទិញ តាមបណ្តាខេត្តនានាក្នុងស្រុកនាំចេញ អែបជាមួយក្រុមហ៊ុនឌឿនសាមិត្ត។

សុំច្បាប់នាំជ្រូកចូល តើ១ក្បាលគិតតម្លៃច្បាប់ប៉ុន្មាន? ដូចពីសម័យរដ្ឋាភិបាលចាស់ដែរឬអត់? អ្នករត់ការណ៍ច្បាប់ម្នាក់គ្រាន់តែញញឹមប៉ុណ្ណោះ មិនទាន់ហ៊ានឆ្លើយទេ ។​

សូមបញ្ជាក់ថា ក្រុម​ហ៊ុន ឌឿន សាមិត្ត មានច្បាប់​នាំសត្វជ្រូករស់ចេញពីប្រទេសថៃ រាប់ម៉ឺនក្បាលចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅប្រទេសវៀតណាមចូលតាមមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុមា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ទាក់ទិនក្រុមហ៊ុននាំសត្វជ្រូករស់ចូលតាមច្រកទ្វារអន្តរជាតិអូរ​ស្មាច់ លោកបញ្ញា រិទ្ធ ប្រធានស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថា ក្រុម​ហ៊ុនឌឿនសាមិត្តនេះមានច្បាប់ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាំ សត្វជ្រូករស់ចេញពីប្រទេសថៃមានចំនួន៣ម៉ឺនក្បាល គឺចំនួន៣ច្រកគឺច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិត ក្នុងខេត្តឧត្តរមានជ័យ ច្រកទ្វារម៉ាឡៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងច្រកទ្វារភ្នំដីស្ថិតក្នុងខេត្ត បាត់ដំបង ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុននេះ​នាំសត្វជ្រូករស់ចេញពីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាំចូលចំនួន៤រថយន្តថៃយកមកទំលាក់ពីលើរថយន្តថៃរួចស្តុបរក្សាទុកនៅចំណុចភូមិផ្អុង សង្កាត់កូនគ្រៀលក្រុងសំរោង ។ បន្ទាប់មក ត្រូវបានលើកដាក់នៅលើរថយន្តខ្មែរដឹកជញ្ជូនបន្តដោយគ្រាន់តែឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅប្រទេសវៀតណាមតែប៉ុណ្ណោះ ។ ចំណែកសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្រុមហ៊ុនឌឿនសាមិត្ត នាំសត្វជ្រូករស់ពីប្រទេសថៃ ចូលមកកម្ពុជា ជិត២ពាន់ក្បាលហើយ មកដល់ថ្ងៃទី២ កក្កដា ឆ្នាំ​២០២៤នេះ ហើយក្រុមហ៊ុនបាននាំចេញតាមខេត្តស្វាយរៀង នាំចេញតាមខេត្តត្បូងឃ្មុំនិងតាមខេត្តព្រៃវែង ដូច្នេះការកាត់ស្តុករបស់មន្ត្រីជំនាញគឺមិនសុក្រិតនោះទេ ។

នៅពេលកោះសន្តិភាពសួរថាតើមានទម្លាក់នៅទីសត្តឃាតក្រុងភ្នំពេញដែរអត់? ត្រូវបានឈ្មួញម្នាក់ទទួលបន្ទុកទីស្តឃាតគ្រាន់តែញញឹមដាក់ប៉ុណ្ណោះ មិនទាន់ហ៊ានឆ្លើយទេ ចាំពេលក្រោយ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ