ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​បិទផ្លូវ៦០​ម៉ែត្រ ​តវ៉ា​ចោទ​ក្រុមហ៊ុន​ ING រំលោ.ភ​យក​ដី​ផ្លូវ​ហើយ​ប្ដឹង​ពួក​គាត់​ទៀត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​៥០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​ បិទផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​៣០…

រាជធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​៥០០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រមូលផ្ដុំ​គ្នា​ បិទផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ និង​ក្រុមហ៊ុន​ ING ដោយ​ពួក​គាត់​បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន​មួយ​នេះ ​បាន​រំលោភ​លួច​យក​ដី​ផ្លូវ ​ចូល​ទៅ​កាន់​ទីទួល​អស់លោក​ (​ទួល​អ្នកតា​) ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ព្រោះតែ​ខឹង​តវ៉ា​ក្រុមហ៊ុន​ បាន​ប្ដឹង​អ្នក​ភូមិ​ចំនួន​៥​នាក់ ​ទៅ​តុលាការ​ទៀត​ផង ។

នៅ​ក្នុង​ពេលធ្វើការ​តវ៉ា​នោះ ប្រជាពលរដ្ឋ​ខាងលើ​ បាន​នាំ​គ្នា​កាន់​ព្រះ​ឆា​យ៉ា​លក្ខណ៍​ព្រះមហាក្សត្រ​ រូបថត​សម្ដេច​​តេ​ជោ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សម្ដេច​បវរ​ធិ​បតី និង​លោក​ជំទាវ​ពេជ្រ ច័ន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​កាន់​បដារ​ផង​ដែរ ហើយ​បាន​ទទូច​សុំ​ឲ្យ​ព្រះមហាក្សត្រ​ និងសម្ដេច​​​ជួយ​រក​យុ​ត្ត​ធម៌​ដល់​ពួក​គាត់​ផង ។

ប្រជាពលរដ្ឋ​ខាងលើ ​បាន​និយាយ​ថា ទួល​អស់លោក​នេះ ​គឺជា​កន្លែង​សក្ការបូជា​របស់​អ្នក​ភូមិ ត មក​តាំងពី​ដូនតា​យូរលង់​ណាស់​មក​ហើយ រហូត​ដល់​អំឡុង​ឆ្នាំ​២០០៣ ពួក​គាត់​បាន​លក់​ដី​នៅ​តំបន់​នោះ​ឲ្យ​ទៅ​ឈ្មោះ ​លី ឆាយ ប៉ុន្តែ​បាន​ទុក​ទីទួល​អ្នកតា​ខាងលើ រួម​និង​ផ្លូវ​ចូល​ទៅ​កន់ទួល​នោះ​ទទឹង​១២​ម៉ែត្រ និង​បណ្ដោយ​ច្រើន​ម៉ែត្រ។ លុះ​ក្រោយមក​ឈ្មោះ​ លី ឆាយ បាន​លក់​ដី ​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន ​ING ​វិញ ស្រាប់តែ​ក្រុម​ហុ​ន​នេះ ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​ផ្លូវ​នេះ​ អស់​ទទឹង​៧​ម៉ែត្រ គឺ​ទុក​ឲ្យ​អ្នក​ភូមិ​តែ​ ៥​ម៉ែត្រ ​សម្រាប់​ចូល​ទៅ​ទួល​អ្នកតា ​នោះ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​រំលោភ​បំពាន​យក​ដី​ផ្លូវ​បែប​នេះ​ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ហើយ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ING​ នេះ​ ប្ដឹង​អ្នក​ភូមិ​ចំនួន​៥​នាក់ ​ទៅ​កាន់​តុលាការ​ថែម​ទៀត។ កាលពី​ពេល​ថ្មី​ៗ​នេះ ​តុលាការ​បាន​ចេញ​ដី​កាឲ្យ​ចូលខ្លួន​ទៀត​ផង។ ទោះបី​បែប​ណា​កន្លង​មក​អាជ្ញាធរ​ក៏​ធ្លាប់​បាន​ជួយ​ធ្វើការ​ដោះស្រាយ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ ​អាង​ថា ​ខ្លួន​មាន​ប្លង់​កម្មសិទ្ធិ​នោះ មិន​អើពើនឹង​ការ​ដោះស្រាយ​ឡើយ ។

ប្រជាពលរដ្ឋ​ខាងលើ​ បាន​បញ្ជាក់​ប្រាប់​ថា ដោយសារ​តែ​ត្រូវ​ក្រុមហ៊ុន ​ING លួច​យក​ដី​ហើយ ​ប្ដឹង​បែប​នេះ​ទៀត​នោះ វា​ជា​រឿង​អយុត្តិធម៌ ​សម្រាប់​ពួក​គាត់​ខ្លាំង​ណាស់ ទើប​ពួក​គាត់​ធ្វើការ​តវ៉ា និង​ទទូច​សុំ​ឲ្យ​ព្រះមហាក្សត្រ ​និង​ថ្នាក់ដឹកនាំ​ជួយ​រក​យុ​ត្ត​ធម៌​ដល់​ពួក​គាត់​ផង ។ ពួក​គាត់​ចង់បាន​ដី​ផ្លូវ​ឲ្យ​គ្រប់​ ១២​ម៉ែត្រ​វិញ ជា​ពិសេស​ទៀត​នោះ ​ក្រុមហ៊ុន​ត្រូវ​តែ​ដក​ពាក្យបណ្ដឹង ​ដែល​បាន​ប្ដឹង​អ្នក​ភូមិ​ទាំង​៥​នាក់ ក្នុង​សំណុំរឿង​តវ៉ា​ដីធ្លី​នេះ​ចេញ​វិញ ។ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ ហើយ​តុលាការ​នៅ​តែ​ចេញ​ដីកា​លើ​អ្នក​ភូមិ​ទាំង​៥​នាក់​នោះ​ទៀត ពួក​គាត់ ​និង​បន្ត​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​មិន​ឈប់​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ពិតជា​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​តវ៉ា​មែន ប៉ុន្តែ​បិទ​មួយសន្ទុះ ​ក៏​បាន​បើក​ឡើង​វិញ ​រួច​បាន​រំសាយ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​សំណាក់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​រួច​មក ៕

អត្ថបទសរសេរ ដោយ