ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី នឹងដំឡើងពន្ធនាំចូលរហូតដល់ ២០០% លើទំនិញមកពីចិន

2 ថ្ងៃ មុន

ប្រទេសឥណ្ឌូណេស៊ី ៖ តាមប្រភពពីសារព័ត៌មាន Antara News របស់ឥណ្ឌូណេស៊ី និងទីភ្នាក់ងារសារ

ប្រទេសឥណ្ឌូណេស៊ី ៖ តាមប្រភពពីសារព័ត៌មាន Antara News របស់ឥណ្ឌូណេស៊ី និងទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងដំឡើងពន្ធនាំចូលចាប់ ១០០% ទៅដល់ ២០០% លើទំនិញមកពីប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងបន្តរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា គោលនយោបាយនេះ នឹងចូលជាធរមាននៅពេលដែលបទប្បញ្ញត្តិពាក់ព័ន្ធត្រូវបានដាក់ចេញ។ លោកពន្យល់ថា សង្រ្គាមពាណិជ្ជកម្មកំពុងបង្កឱ្យមានការផ្គត់ផ្គង់លើសចំណុះនៅប្រទេសចិន ខណៈផលិតផលរបស់ពួកគេប្រឈមមុខនឹងការបដិសេធដោយបណ្តាប្រទេសលោកខាងលិច ដែលបង្ខំឱ្យពួកគេប្តូរទិសដៅនាំចេញទៅកាន់ទីផ្សារផ្សេងទៀតដូចជា ប្រទេសឥណ្ឌូណេស៊ីជាដើម។

លោក Zulkifli Hasan បានលើកឡើងថា ពន្ធសម្រាប់ទំនិញផលិតនៅចិន រាប់ចាប់ពីស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ គ្រឿងសំអាង រហូតដល់ផលិតផលសេរ៉ាមិច (Ceramic) នឹងមានចាប់ពី ១០០% រហូតដល់ ២០០%។ លោកបានថ្លែងថា «សហរដ្ឋអាមេរិកអាចដំឡើងពន្ធរហូតដល់ ២០០% លើផលិតផលសេរ៉ាមិច ឬសំលៀកបំពាក់ដែលនាំចូល ដូច្នេះយើងក៏អាចធ្វើបានផងដែរ ដើម្បីធានាថា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាឧស្សាហកម្មរបស់យើងទាំងអស់នឹងរស់រានមានជីវិត ហើយរីកចម្រើន»។

បទប្បញ្ញត្តិថ្មីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីកំពុងត្រូវបានព្រាងឡើង ដើម្បីដោះស្រាយកង្វល់ដែលលើកឡើងដោយភាគីពាក់ព័ន្ធអំពីភាពមិនគ្រប់គ្រាន់ នៃបទប្បញ្ញត្តិកន្លងមក ទាក់ទងនឹងកិច្ចការពារឧស្សាហកម្មក្នុងស្រុកពីការលំហូរចូលនៃផលិតផល ដែលផលិតពីប្រទេសចិន។

ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ធ្លាប់បានចេញបទប្បញ្ញត្តិមួយ កាលពីចុងឆ្នាំ ២០២៣ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូលជាង៣ពាន់មុខ រាប់ចាប់ពីគ្រឿងផ្សំម្ហូបអាហារ រហូតដល់គ្រឿងអេឡិចត្រូនិក និងសារធាតុគីមី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិនេះ ត្រូវបានផ្លាស់ប្តូរបន្ទាប់ពីឧស្សាហកម្មក្នុងស្រុកប្រតិកម្មអំពីការរារាំងលំហូរនៃសម្ភារៈនាំចូល ដែលត្រូវការចាំបាច់ដោយឧស្សាហកម្មក្នុងស្រុក។

ដោយឡែក លោក Budi Santoso មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានថ្លែងថា គណៈកម្មាធិការការពារពាណិជ្ជកម្មឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេតដើម្បីកំណត់អត្រាពន្ធ។ ដ្បិត ឥណ្ឌូណេស៊ី គឺជាប្រទេសនាំចូលសម្លៀកបំពាក់ និងគ្រឿងលំអកាយជាចម្បងពីប្រទេសចិន វៀតណាម និងបង់ក្លាដែស ដូចដែលទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញ៕ (ប្រភព ៖ Antara News, Reuters និង Nikkei)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ