នៅពេលដែលការរីករាលដាលដង្កូវហ្វូងនៅមិនទាន់ផុតស្រួលបួលផង មានសេចក្តីរាយការណ៍ថា មានលេចករណីផ្ទុះការរាលដាលរុយ.សស៊ីបំផ្លាញដំណាំស្រូវបន្ថែមទៀត ។
ពាក់ព័ន្ធនឹងការផ្ទុះការរាលដាលរុយ.សនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២៤ កន្លងទៅ ។
ប្រភពដដែលបានឲ្យដឹងថា ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានចុះសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
នាឱកាសនៃដំណើរចុះត្រួតពិនិត្យនោះ លោក គង់ គា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីការបំផ្លាញរបស់រុយ.សនេះភ្លាម ក្រសួងនិងអគ្គនាយកដ្ឋានជំនាញ បានបញ្ជាឱ្យអង្គភាពជំនាញចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញ ដំណាំស្រូវនៅតាមបណ្តាឃុំរួមមានឃុំល្វា និងឃុំបន្ទាយចក្រី នៃស្រុកព្រះស្តេច ។
តាមរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមានសភាពធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗទៀត ។ ខណៈពេលជួបជាមួយកសិករនៅភូមិត្នោតច្រះ ឃុំល្វា ស្រុកព្រះស្តេច លោកប្រធាននាយកដ្ឋានបានជម្រាបជូនប្រជាកសិករអំពីប្រវត្តិនៃការបំផ្លាញលក្ខខណ្ឌនៃការកកើត និងការបំផ្លាញរបស់រុយសនេះ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករអំពីវដ្តជីវិត ការវាយតម្លៃប្រជាកររបស់សត្វនេះក្នុងស្រែ និងណែនាំអំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួមទាំបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
លោក គង់ គា ក៏បានណែនាំឱ្យមន្ទីកសិកម្មខេត្ត ជាពិសេស មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋានចុះវាយតម្លៃផលប៉ះពាល់ និងធ្វើរបាយការណ៍បូកសរុបជូនអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ដើម្បីចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្រុមការងារនឹងបន្តស្នាក់នៅក្នុងខេត្តព្រៃវែង ដើម្បីចូលរួមវាយតម្លៃ និងចុះអន្តរាគមន៍ជាមួយគ្នា ។
សូមបញ្ជាក់ដែរថា នៅអំឡុងពេលនៃការចុះពិនិត្យនេះ អគ្គនាយកដ្ឋានកសិកម្មក៏បានចែកថ្នាំកសិកម្មដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករដើម្បីបានបាញ់កម្ចាត់សត្វរុយសលើផ្ទៃដីចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចជាដើម៕
ចែករំលែកព័តមាននេះ