រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ ព្រមានចាត់វិធានការចំពោះ ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានដឹកយកអាចម៍ដី ម្ចាស់ រោងចក្រផលិតស៊ីម៉ងត៍ ចំណីសត្វ។ល។ នៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ហើយក្នុងករណីចចេស អាចស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបិទទីតាំងអាជីវកម្មនោះតែម្តង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ករណីម្ចាស់ការដ្ឋានអាជីវកម្មថ្មដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ក្នុង ករណីម្ចាស់ការដ្ឋាន អាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានដឹកយកអាចម៍ដី ម្ចាស់ រោងចក្រផលិតស៊ីម៉ងត៍ ចំណីសត្វ។ល។ ម្ចាស់អាជីវកម្មដ្ឋានទំនិញផ្សេងៗ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនណា នៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ នោះគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការដោយបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ បើរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត ឬអាចស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបិទទីតាំងអាជីវកម្មនោះតែម្តង។
ជាមួយគ្នានេះ ក្រសួងបានណែនាំដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ម្ចាស់រោងចក្រ ផលិតស៊ីម៉ងត៍ ចំណីសត្វ។ល។ ម្ចាស់អាជីវកម្មដ្ឋានទំនិញផ្សេងៗ ចូលរួមសហការអនុវត្តដោយត្រូវ ត្រួតពិនិត្យទម្ងន់ផ្ទុករបស់រថយន្តកុំឱ្យដឹកលើសទម្ងន់កម្រិតកំណត់ មុនពេលដឹកជញ្ជូនចេញពីចំណុច គោលដៅដើមទីរបស់ខ្លួននីមួយៗ។
ទន្ទឹមនឹងនេះ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកបើកបររថយន្តធុនធ្ងន់ និងប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំង អស់ត្រូវដឹកទំនិញ ឬត្រូវណែនាំដល់អ្នកបើកបររថយន្តធុនធ្ងន់របស់ខ្លួន អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់៕
ចែករំលែកព័តមាននេះ