ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន (វ៉េង លាប) នៅតែមានឥទ្ធិពលក្នុងការដណ្ដើមជ័យលាភី ក្នុងគម្រោងលទ្ធកម្មឃុំ-សង្កាត់ នៅខេត្តស្ទឹងត្រែង បើទោះបីជាក្រុមហ៊ុនមួយនេះមានរឿងអាស្រូវ នៅតាមបណ្ដាខេត្តដទៃក្តី ។
ក្រុមហ៊ុន វ៉េង លាប ត្រូវបានទទួលស្គាល់ដោយអ្នកទទួលការក្រុមហ៊ុនជាច្រើនថា ជាក្រុមហ៊ុនមួយ ដែលប្រើយុទ្ធវិធី ក្នុងការដាក់សំណើដេញថ្លៃប្រកួតប្រជែងយ៉ាងខ្លាំងខ្លា ដើម្បីដណ្ដើមជ័យជំនះ ក្នុងតម្លៃទាបបំផុត ឈរលើលំដាប់លេខរៀងទី១ ប្រសិនមានវត្តមានក្រុមហ៊ុន វ៉េង លាប ចូល
រួមហើយនោះ ។
ជាក់ស្ដែងកាលព្រឹកថ្ងៃទី១៨ កក្តដា ២០២៥ នៅសាលាឃុំកោះសំពាយ ស្រុកសៀមបូរ ខេត្តស្ទឹងត្រែង បានទទួល និងបើកសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែង ០,៣៣០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស ០,១៥ ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោងចំនួន ១ និងការថែទាំ
រយៈពេល ៦ខែ ក្នុងតម្លៃ ប៉ាន់ស្មាន ២១៥,៤៨០,០០០រៀល ។ គម្រោងនេះមានក្រុមហ៊ុនចំនួន ៦ បានដាក់សំណើដេញថ្លៃប្រកួតប្រជែង ដោយតម្លាភាព អ្នកទទួលបានជ័យជំនះគឺក្រុមហ៊ុន វ៉េង លាប ក្នុងតម្លៃទាបទីមួយ ១០០,៩៨០,០០០រៀល ខណៈក្រុមហ៊ុន ជុំ ច័ន្ទមរកត ស្ថិតនៅលេខរៀងតម្លៃទាបទី២ ។
បើធៀបនឹងអត្រាភាគរយធ្លាក់ចុះរហូតដល់ ៥៣.១៤% បើគណនាតាមប្រវែង៣៣០ម៉ែត្រ ទទឹង៥ ម៉ែត្រ នៃគម្រោងផ្លូវបេតុង ដែលដាក់ដេញថ្លៃដូចខាងលើក្នុងមួយម៉ែត្រការ៉េ ស្មើនឹង ៦១.២០០រៀល (ហុកសិបមួយពាន់ពីររយរៀលគត់) ។
ទាក់ទិននឹងឈ្មោះក្រុមហ៊ុន វ៉េង លាប តាមការឲ្យដឹងពីអ្នកទទួលការ ដែលសុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ថា ក្រុមហ៊ុន វ៉េង លាប ក្រោយពីមានរឿងអាស្រូវនៅក្នុងខេត្តព្រះវិហារ រហូតអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ សម្រេចដាក់ឈ្មោះចូលទៅក្នុងតារាង តែមួយ នៃបញ្ជីឈ្មោះអ្នកទទួលការ ដែលត្រូវបានដកសិទ្ធិ មិនឱ្យដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ចាប់ តាំងពី២០២៤ ។ ឆ្នាំ២០២៥ ក្រុមហ៊ុន វ៉េង លាប នៅបន្តសកម្មភាព ដើរដាក់សំណើដេញថ្លៃនៅតាមបណ្តាខេត្ត លើកលែងតែខេត្តព្រះវិហារ ដែលជាប់ក្នុងបញ្ជីខ្មៅជារៀងរហូត ។
ទោះបីយ៉ាងណា ក៏មានខេត្តមួយចំនួនបដិសេធ មិនអោយដាក់សំណើដេញថ្លៃដូចជាខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ជាដើម ៕




ចែករំលែកព័តមាននេះ