ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួន លើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់មុំបី

19 ម៉ោង មុន

​រាជធានីភ្នំពេញ៖​ អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ…



រាជធានីភ្នំពេញ៖​ អាជ្ញាធរមីន បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់យើងទាំងអស់គ្នា គឺគ្រាប់មីន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥,
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានឱ្យដឹងថាថ្មីៗនេះ មានសារព័ត៌មានរបស់ថៃមួយចំនួន រួមមាន The Nation, Bangkok Post, និង Khaosod English បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ថៃ និងចុះផ្សាយអំពី ទាហានថៃបីនាក់ រងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកូអ័រដោណេ WA 220 861 (បញ្ជាក់ដោយភាគីថៃ) ស្ថិតក្នុងតំបន់មុំបី។ ការចុះផ្សាយនោះ មានចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថាកម្ពុជាបានដាក់មិនថ្មី។ ក្នុងន័យនេះ អាជ្ញាធរមីន បានបញ្ជាក់ជូន​អាជ្ញាធរមីន ​បដិសេធ និងច្រានចោលទាំងស្រុង ចំពោះខ្លឹមសារព័ត៌មានដែលបាន ចុះផ្សាយ ដោយមានចេតនាចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។

ឯកសារនោះ បានបន្តថា កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏​ចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ។ ហើយកម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ ​

​ឯកសារដដែលនោះ ក៏បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិន សមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់។ កម្ពុជា នឹងនៅតែបន្តឈរលើគោលការណ៍មនុស្សធម៌ និង ការគោរពរវាងគ្នានិងគ្នា ហើយជាមួយគ្នានេះ កម្ពុជានៅតែបន្តគោរពតាមអនុស្សរណៈនៃការយោគយល់ គ្នាឆ្នាំ២០០០ ក្នុងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅតែប្រកាន់គោលការណ៍ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ