ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​១២​រាជធានី​-​ខេត្ត​ ឃាត់ខ្លួន​ជន​សង្ស័យ​​ជាង​២២០០​នាក់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​បញ្ជា​ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សមត្ថកិច្ច​បាន​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​១២​រាជធានី ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​២២០០​នាក់​។ យោង​តាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS)…

រាជធានី​ភ្នំពេញ ​៖​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដាក់​ចេញ​បញ្ជា​ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សមត្ថកិច្ច​បាន​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​១២​រាជធានី ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​២២០០​នាក់​។

យោង​តាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា
បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី​១ របស់ គ​.​ប​.​ឆ​.​ប​. កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ បាន​ចាត់វិធានការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី ខេត្ត គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​ចំនួន​១២​រួម​មាន​៖

រាជធានី​ភ្នំពេញ កណ្តាល ព្រះ​សីហ​នុ កំពង់ស្ពឺ បន្ទាយ​មាន​ជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹង​ត្រែង និង​ខេត្តកំពង់ចាម បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សរុប​បាន ៤៥​ទីតាំង​/​ករណី ដែល ចំនួន​នេះ​បាន​កើន​បន្ថែមចំនួន​២៥​ទីតាំង​បើ​ធៀប​នឹង​ចំនួន​សរុប​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា បាន​បង្ហាញ​ពី​សន្ទុះ​នៃ​យុទ្ធនាការ​ចុះ​បង្ក្រាប​តាម​ទីតាំង​សង្ស័យ​។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ២.២៧០​នាក់ (​ស្រី ៤២៤​នាក់​) ក្នុង​នោះ មាន​ជនជាតិ​វៀតណាម ៤២៩​នាក់​(​ស្រី ១១៥​នាក់​), ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ២៧១​នាក់​(​ស្រី ៤៥), ជនជាតិ​ចិន ៧០២​នាក់​(​ស្រី ៩៧​នាក់​), ជនជាតិ​កូរ៉េ ៥៧​នាក់​(​ស្រី ២​នាក់​) បង់​ក្លា​ដេ​ស ៧០​នាក់​(​ស្រី ២៧​នាក​) ប៉ា​គី​ស្ថាន ៤២​នាក់​(​ស្រី ៣​នាក់​) និង​ជនជាតិ​ផ្សេង​ៗ​ទៀត​រួម​មាន ថៃ ឡាវ ឥណ្ឌា នេ​ប៉ា​ល់ ហ្វី​លី​ពី​ន និង​មី​យ៉ា​ន់​ម៉ា​ជាដើម​។ សូម​បញ្ជាក់​ជូន​ថា​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ យុទ្ធនាការ​បោសសម្អាត​អំពើ​ឆបោក​តាម​អន​ឡាញ​បាន​រក​ឃើញ​ជនបរទេស​ដែល​បាន​ចូល​មក​កម្ពុជា​ដើម្បី​ធ្វើ​សកម្មភាព​ល្មើសច្បាប់​Online Scam មាន​ចំនួន​ដល់​ទៅ ជិត​១០០​នាក់​។

ចំពោះ​ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សមត្ថកិច្ចដកហូត​ឧបករណ៍​វត្ថុ​តាង​មួយ​ចំនួន​បម្រើ​ឱ្យ​បទល្មើស Online Scams មាន​ដូច​ជា​កុំព្យូទ័រ កុំព្យូទ័រ​យួរដៃ ទូរ​សព្ទ ម្សៅ​អេ​ស្ដា​ស៊ី​(​ថ្នាំ​ញៀន​) សម្លៀក​បំពាក់​ប៉ូលិស​ចិន​មួយ​ចំនួន ជញ្ជីង​ថ្លឹង​-​ប្រអប់​ដាក់​គ្រឿងញៀន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​សារធាតុ​ញៀន​អាវុធ គ្រាប់កាំភ្លើង និង​សម្ភារ​មួយ​ចំនួន​ទៀត​។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប ទីតាំង និង​ជនសង្ស័យ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​-​ខេត្ត គ្រប់គ្រង និង​បិទ​ទីតាំង​មិន​ឱ្យ​មានការ​ចេញ​-​ចូល​។ ចំណែក​មុខសញ្ញា​មេ​ក្លោ​ង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី (​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មេ​ក្លោ​ង ១១​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​) ព្រមទាំង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រៀម​រៀបចំ​បញ្ជូន​ជនបរទេស​ទៅ​កាន់​មណ្ឌល​រង់ចាំ​ត្រៀម​បណ្ដេញចេញ​ទៅ​ក្រៅប្រទេស​។

ដោយឡែក វត្ថុ​តាង​រឹបអូស​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​ជូន​តុលាការ និង​មួយ​ចំនួន​ទៀត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង រក្សា​ទុក​របស់​អាជ្ញាធរ​រាជធានី​-​ខេត្ត សម្រាប់​បម្រើ​ឱ្យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ