រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន២កន្លែង នៅក្នុងខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនជាតិចិន និងជនជាតិខ្មែរ សរុបចំនួន១៣៣នាក់ និងដកហូតសម្ភារៈ និងឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើន ។
តាមព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន២ទីតាំង នៅក្នុងខណ្ឌសែនសុខ ដោយទីតាំងទី១ ស្ថិតនៅក្នុង ផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទី២នៅក្នុង អគារអត់នាមករណ៍ ស្ថិតនៅផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៣៣នាក់ មានស្ត្រី២៣នាក់ ក្នុងនោះជនជាតិចិនចំនួន ១១៣នាក់ និងជនជាតិខ្មែរ ចំនួន១៦នាក់ ។
តាមព័ត៌មានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចបានដកហូតទុកជាវត្ថុតាងនូវ CPU ចំនួន ១០គ្រឿង, Monitor LCD ចំនួន ៣៥គ្រឿង , laptop ០១គ្រឿង, ទូរសព្ទដៃ ៥២គ្រឿង, ស៊ីមកាតបរទេសជាច្រើន, ម្សៅក្រាម ពណ៌ស ចំនួន០៤កញ្ចប់(សង្ស័យជាគ្រឿងញៀន), កុំព្យូទ័រលើតុ ចំនួន ១២៧ គ្រឿង និង ទូរដែក ចំនួន ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។
ដោយឡែកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារអិមស៊ីមីចេង ដែលស្ថិតនៅផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញជនជាតិបរទេសសរុបចំនួន៣២នាក់ ក្នុងនោះមានស្ត្រី០៩នាក់ និងបានប្រមូលសម្ភារៈរួមមាន ៖ កុំព្យូទ័រ៣៤គ្រឿង ទូរស័ព្ទ៤៨គ្រឿង និងIPad០២គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង ។
បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចក៏បានបង្ក្រាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី ដោយបានរកឃើញទូរបាញ់ត្រី ០៤គ្រឿង ទូបៀរការ៉ាត់១៦ និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត។ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុក ដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត ៕









ចែករំលែកព័តមាននេះ