តើបងប្អូនស្គាល់កណ្តូបមួយប្រភេទនេះឬអត? ក្រោយកសិករខ្មែរមួយរូបកំពុងចិញ្ចឹមកណ្តូបមួយប្រភេទ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយបើមកតម្លៃវិញក៏ថ្លៃគួរសម្យអាចទទួលយកបាន។

ជាការពិត ចង្រឹតបំពង អាពីងប្រឡាក់គ្រឿង ឌុកឌឿ មានរសជាតិឈ្ងុយឆ្ងាញ់ បងប្អូនពិតជាធ្លាប់បានភ្លក់ តែសម្រាប់កណ្តូបមួយប្រភេទនេះ ធ្លាប់បានសាកភ្លក់់ហើយឬនៅ ក្រោយឮថា មានរសជាតិឆ្ងាញ់មិនចាញ់របស់ខាងលើនេះនោះឡើយ។

ក្នុងនេះដែរ សម្រាប់របរចិញ្ចឹមកណ្តូបប្រភេទនេះ អាចថា ថ្មីសម្រាប់អ្នកដែលមិនស្គាល់ និងមិនបានដឹង ក្រោយរបរមួយនេះ ក្នុងមួយខែ រកចំណូលបានច្រើន ភ្លេចៗខ្លួនដល់ពេលប្រមូលផល ហើយបើការចិញ្ចឹមអាចថា មិនពិបាកពេកនោះឡើយ។

តាមរយៈបទសម្ភាសន៍របស់កម្មវិធី 60buzz នៃសារព័ត៌មានកោះសន្តិភាព លោក គឹម អ៊ី លើកឡើងថា កណ្តូបដែលលោកចិញ្ចឹមជាពូជនាំចូលមកពីប្រទេសចិន ហើយខ្មែរយើងហៅថា កណ្តូបប៉ារ៉ា កណ្តូបប្រភេទនេះ គេយកទៅបំពងលក់ភាគច្រើននៅតាមដងផ្លូវ និងនៅតាមកន្លែងមានកម្មវិធីបុណ្យផ្សេងៗ ។

លោកចិញ្ចឹមកណ្តូបនេះបានជាងមួយឆ្នាំហើយ ចំណែកប្រាក់ចំណូលបានមកពីការចិញ្ចឹមនេះបានជួយមួយចំណែកខ្លះដែរដល់ក្រុមគ្រួសារ។ ការចិញ្ចឹមកណ្ដូបរបស់បុរសរូបនេះ លោកថា អាចទទួលបានផលចាប់ពី៣៥ថ្ងៃដល់៥០ថ្ងៃ ហើយការទទួលផលលឿនឬយឺតក៏មាននៅតាមខែប្រាំង និងខែវស្សា ដោយខែក្តៅអាចទទួលផលបានលឿនជាងខែត្រជាក់។

លោក គឹម អ៊ីថា ដំណាក់កាលចិញ្ចឹមកណ្តូបនេះមានច្រើនដំណាក់កាល ដោយជាដំបូងតម្រូវអោយភ្ញាស់ពង បន្ទាប់មកត្រូវមើលថែកណ្តូបនោះតាំងពីតូចរហូតដល់ធំពេញវ័យ ដោយល្មមដល់ពេលត្រូវចាប់គូដើម្បីបានពងកណ្តូបយកមកភ្ញាស់បន្តទៀត។ លោក គឹម អ៊ី ដែលស្រុកកំណើតនៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នលោកបើកកសិដ្ធានចិញ្ចឹមកណ្តូបនេះនៅ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ប្រមូលផលកណ្តូបនេះក្នុងមួយខែចាប់ពី៥០គីឡូទៅ៨០គីឡូ សម្រាប់តម្លៃបើឈ្មួញមកយកដល់ទីកន្លែងកណ្តូប ១គីឡូបាន៣០០០០រៀល។

ស្ថិតក្នុងវ័យ៤៨ឆ្នាំ លោកគឹម អ៊ី បានចែករំលែកពីបញ្ហាដែលលោកបានជួបប្រទះនៅក្នុងការចិញ្ចឹមកណ្តូបថា បញ្ហាចម្បងគឺពន្លឺ បើសិនជាកន្លែងចិញ្ចឹមមានពន្លឺមិនគ្រប់គ្រាន់ វាអាចធ្វើអោយកណ្តូបមាន សភាពខ្សោយ ជាពិសេសនៅពេលដែលកណ្តូប សកអាវកាក់ និងដុះស្លាបកណ្តូប និងចាប់ផ្តើមងាប់មួយៗរហូត ហើយមានបញ្ហាមួយចំនួនទៀតដូចជាការការពារកុំអោយត្រូវភ្លៀង និងការពារស្រមោចកុំអោយចូលស៊ី។ សម្រាប់អ្នកដែលចង់ចាប់ផ្តើមមុខរបរចិញ្ចឹមកណ្តូបប៉ារ៉ានេះ លោក គឹម អ៊ី បានបន្ថែមទៀតថា មុននឹងចិញ្ចឹមត្រូវរកទីតាំងដែលល្អធំទូលាយមានពន្លឺគ្រប់គ្រាន់ ហើយត្រូវដាំដើមចេក និងស្មៅដែលជាចំណីរបស់កណ្តូប។

គួរជម្រាបដែរថា របរចិញ្ចឹមកណ្តូបប៉ារ៉ារបស់លោក គឹម អ៊ី អាចរកចិញ្ចឹមបានច្រើនក្នុងមួយខែៗ ដោយអាចថា គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងការចាយវាយជាប្រចាំនោះ៕ដោយ៖សែ សម



ចែករំលែកព័តមាននេះ