ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានស្បែកជើងពាក់ កូនសុំម្តាយទៅធ្វើការរកប្រាក់ពុំទាន់គ្រប់ទិញស្បែកជើងផង បែរជួប​គ្រោះអកុសល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេងប្រុសជំទង់ម្នាក់កើតនៅក្នុងត្រកូលក្រីក្រ មានឪពុកជាកម្មករសំណង់និង

រាជធានី​ភ្នំពេញ ៖ ក្មេងប្រុសជំទង់ម្នាក់កើតនៅក្នុងត្រកូលក្រីក្រ មានឪពុកជាកម្មករសំណង់និងម្ដាយជាអ្នកលក់លៀសហាលរកបានព្រឹកខ្វះល្ងាច ហើយក្មេងប្រុសរូបនោះគ្មានស្បែកជើងជំពាម១គូពាក់និងគេ ។ ក៏បានសុំម្ដាយទៅធ្វើការរត់តុឲ្យគេពេលយប់ជាមួយមិត្តភក្ដិ ដោយការងារនោះ១​យប់ទល់ភ្លឺអាចរកប្រាក់បានត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ។ ប៉ុន្តែពុំទាន់រកប្រាក់បានគ្រប់ចំនួនដើម្បីទិញស្បែកជើងផង ក្មេងប្រុសរូបនោះបានទៅលេងទឹកប្រឡាយជាមួយមិត្តភក្ដិ ហើយជាអកុសលក៏បានល.ង់ស្លាប់តែម្ដង ។

ហេតុការណ៍ខាងលើ​នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងទឹកប្រឡាយ តាហោ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងប្រុសខាងលើឈ្មោះព្រីង​ មករា​​ អាយុ​ ១៤ឆ្នាំ​ មានឪពុកជាកម្មករសំណង់និងម្ដាយជាអ្នកលក់លៀសហាល មានទីលំនៅភូមិពោធិ៍រៀង​ ឃុំពោធិ៍រៀង​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ និងស្នាក់នៅម្ដុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃកើតហេតុនោះមានយុវជន យុវតី​១ក្រុម ​ចំនួន៧នាក់ ប្រុស៤នាក់ និងស្រី៣នាក់ រួមនិងក្មេងប្រុសជំទង់៣​នាក់​ទៀតសរុប១០នាក់ ។ ក្នុងនោះក៏មានក្មេងប្រុសរងគ្រោះម្នាក់ផង បាននាំគ្នាទៅអង្គុយលេង​ហូប​អាហារជុំគ្នានៅក្រោមដើមអាកាស្យាមាត់ប្រឡាយតាហោកន្លែងកើតហេតុនោះ ។ ខណៈនោះយុវជន​៧នាក់បាននាំគ្នាផឹកស្រាផងដែរ ចំណែកក្មេងប្រុសជំទង់៣នាក់ខាងលើមិនបានផឹកស្រាឡើយ គឺហូបអាហារនិងអង្គុយលេងជាធម្មតាប៉ុណ្ណោះ ។

តាម​ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់ពេលកើតហេតុ ក្មេងប្រុសជំទង់៣នាក់នោះបានចុះទៅក្នុងប្រឡាយហែលទឹកលេង ហើយក្មេងប្រុសរងគ្រោះបានផុតដៃផុតជើង បណ្ដាលឲ្យល.ង់ ។ ឃើញបែបនេះក្រុមយុវជនដែលកំពុងអង្គុយនៅខាងលើបាននាំគ្នាចុះទៅជួយដែរ ប៉ុន្តែជួយអត់បាន​ព្រោះទឹកជ្រៅ ហើយក្មេងប្រុសរូបនោះក៏លិចបាត់ទៅក្នុងទឹកតែម្ដង ។ ទើបនាំគ្នារាយការណ៍​ជូនអាជ្ញាធរនិងនគរបាលឲ្យជួយអន្តរាគមន៍ ចំណែកអ្នកភូមិខាងលើបាននាំគ្នាជួយរាវរក និងយកសំណាញ់ទៅបង់រហូតដល់វេលាម៉ោងជាង៦ល្ងាចទើបរកឃើញសាកសពក្មេងប្រុសរូបនោះ ហើយបុរសជាឪពុកបានយំននៀលដីនិងលើកសពកូនប្រុសដាក់លើទ្រូងគាត់ទៀតផង ។

ស្រ្តីជាម្ដាយបាននិយាយផងយំផងថា គាត់មានកូនតែ២នាក់ប៉ុណ្ណោះ ហើយឥឡូវបានស្លា.ប់ម្នាក់ហើយ គ្រួសារគាត់ក្រីក្រខ្លាំងណាស់ គាត់លក់លៀសហាល ចំណែកប្ដីជាកម្មករសំណង់ធ្វើការមិនសូវបានលុយទេ រកបានព្រឹកខ្វះល្ងាច ។ ដោយសារតែជីវភាពលំបាកបែបនេះ គ្រួសារគាត់បានមកស្នាក់នៅភ្នំពេញ ហើយគាត់បានឲ្យកូនប្រុសរូបនេះចូលរៀននៅក្នុងសាលាអង្គការ​មួយ ហើយចុងក្រោយគាត់បាននៅលក់លៀសឯស្រុកកំណើត១ខែជាងហើយ ។

ស្រ្តីរូបនោះបាននិយាយទៀតថា មុនពេល​ជួបគ្រោះអកុសល កូនប្រុសគាត់បានប្រាប់ថាចង់បានស្បែកជើងជំពាម១គូ ប៉ុន្តែគ្មានលុយទិញក៏បានសុំគាត់ទៅធ្វើការរត់តុឲ្យគេជាមួយមិត្តភក្ដិពេល​យប់ ដោយ១យប់ទល់ភ្លឺបាន១ម៉ឺនរៀល ដើម្បីយកប្រាក់ទិញស្បែកជើងពាក់ ។ គាត់ក៏បានឲ្យកូនទៅធ្វើការ​ដោយពុំដឹងថានៅពេលថ្ងៃកូនទៅលេងទឹកនោះទេ ក្រោយមកស្រាប់តែគាត់ទទួលដំណឹងថា កូន​លង់ស្លា.ប់បែបនេះបាត់ទៅហើយ ។ គាត់ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយគាត់​ផង គាត់គ្មានប្រាក់សម្រាប់ធ្វើបុណ្យកូនទេ ។

ក្រោយពេលកើតហេតុ កងសង្រ្គោះបន្ទាន់អង្គភាព៧១១ កងពលតូចលេខ៧០បានចេញរថយន្តទៅជួយដឹកសពទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី មិនតែប៉ុណ្ណោះអង្គភាពនេះក៏បានឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរក្មេងប្រុសរូបនេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ