ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា សម្រេច​បាន​ជិត​ពាក់កណ្តាល​ហើយ

2 ថ្ងៃ មុន
  • ភ្នំពេញ

គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ភ្ជាប់​បី​ខេត្ត គឺ​បាត់ដំបង ពោធិ៍សាត់ និង កោះកុង សម្រេច​បាន ៨៨,៣៨​ភាគរយ ខណៈ​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា សម្រេច​បាន

គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ភ្ជាប់​បី​ខេត្ត គឺ​បាត់ដំបង ពោធិ៍សាត់ និង កោះកុង សម្រេច​បាន ៨៨,៣៨​ភាគរយ ខណៈ​ស្ពាន​ខ្ពស់​ជាងគេ​នៅ​កម្ពុជា សម្រេច​បាន ៤៣,៥០​ភាគរយ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ ថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប ១៩៨,២១៨ គ​.​ម សម្រេច​បាន​លទ្ធផល​ជា​រួម ៨៨,៣៨% ហើយ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៤ ដោយ​គម្រោង​នេះ បាន​កសាង​ចាប់ពី​ផ្លូវជាតិ​លេខ ៥៧-៧ ស្ថិត​នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ រហូត​ដល់​ផ្លូវជាតិ​លេខ​៤៨ ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

ប្រភព​ដដែល បាន​បន្ត​ថា វឌ្ឍនភាព​នេះ​រួម​មាន ៖ ការងារ​ផ្លូវថ្នល់​សម្រេច​បាន​៨០,២៦​ភាគរយ ការងារ​ស្ពាន​សម្រេច​បាន​៩៣,២៣​ភាគរយ ការងារ​ស្ពាន​ខ្ពស់​ជាងគេ​ប្រវែង​៥៣០​ម៉ែត្រ សម្រេច​បាន​៤៣,៥០​ភាគរយ ដោយ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​។

ប្រភព​ដដែល បាន​បន្ថែម​ថា នៅ​រដូវវស្សា​នេះ ផ្លូវជាតិ​លេខ​១០ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​កំណាត់​ផ្លូវ​ខ្លះ​នៅ​ជា​ក្រួស​ក្រហម និង​កំណាត់​ផ្លូវ​ខ្លះ​ទៀត អាច​រអិល​ដោយ​អន្លើ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​១០​នេះ ជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​ផ្លូវ​សរុប​១៩៨,៥១៨​គីឡូម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ​។ គម្រោង​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល​៦៦​ខែ និង​បាន​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ មក​ហើយ គ្រោង​នឹង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ