ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ ស្ដង់ដា​អន្តរជាតិ លើ​ផ្ទៃដី​ជាង​២៥​ហិ​កតា

2 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ ត្រូវ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់ នៅ​លើ​ផ្ទៃដី​ជាង​២៥​ហិ​កតា អតីត​ចំណត​យន្ដហោះ​ចាស់ (​វាល​សម្ដេច​យស​) ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ…

ខេត្តពោធិ៍សាត់ ៖ ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ ត្រូវ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់ នៅ​លើ​ផ្ទៃដី​ជាង​២៥​ហិ​កតា អតីត​ចំណត​យន្ដហោះ​ចាស់ (​វាល​សម្ដេច​យស​) ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ។

លោក កែវ រតនៈ ចាត់​ទុក​ពហុ​កីឡដ្ឋាន​នេះ ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្តពោធិ៍សាត់ ក្នុង​យុគសម័យ​ទំនើប​។ ដើម្បី​សុខភាព សុខុមាលភាព របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ហ៊ុន សែន អ​តី​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា នា​ពេល​បច្ចុប្បន្ន បាន​សម្រេច​បង្កើត​ពហុ​កីឡដ្ឋាន​នេះ​ឡើង ជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅ​ក្នុង​ទឹកដី​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក កែវ រតនៈ លើក​ឡើង​ថា ការ​បង្កើត​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ​នេះ ពិតជា​បាន​ផ្តល់​លទ្ធភាព​ឱ្យ​អង្គភាព​រដ្ឋ​មួយ អាច​មាន​ស្វ័យភាព និង​ធ្វើ​សកម្មភាព​ក្រសោប សម្រាប់​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ខេត្ត ក្រៅ​ខេត្ត កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ព្រោះថា ជា​បណ្តុំ​សហការ​គ្នា និង​អភិវឌ្ឍន៍៍​បន្ត​ទៅ​រក​ភាព​រីក​ចម្រើន កាន់តែ​ខ្លាំង​នា​ពេល​ខាង​មុខ ។

លោក កែវ រតនៈ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី និង​មន្ត្រីរាជការ​ជាង​២​ម៉ឺន​នាក់ ដោយ​យក​ទីតាំង​អតីត​វាល​យន្តហោះ​សម្តេច​យស ឃុំ​ស្នា​អ​ន្សា​នេះ ជា​កន្លែង​ប្រារព្ធ​ពិធី​។ នៅ​ពេល​នោះ សម្តេច​បាន​ប្រកាស​ឲ្យ​រូប​លោក ដែល​កាលនោះ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​អគ្គនាយក​អគ្គី​ស​នី​កម្ពុជា យក​ទីលាន​ចំណត​យន្តហោះ​វាល​សម្ដេច​យស​ស្រុក​ក្រគរ ដែល​ទុក​ចោល​នេះ ធ្វើ​ជា​ពហុ​កីឡដ្ឋាន​ខ្នាត​អន្តរជាតិ ដែល​អាច​ធ្វើការ​ប្រកួត​កីឡា​ភូមិភាគ​ខាងលិច នៃ​ប្រទេស​កម្ពុជា​។ ឆ្លង​តាម​អនុសាសន៍​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ និង​សាលា​បឋម​សិក្សា​មួយ​កន្លែង រួចរាល់​ជា​ស្ថាពរ ក៍​ឈាន​មក​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ​។ លោក​សង្ឃឹមថា ពហុ​កីឡដ្ឋាន​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រគរ ។

សូម​បញ្ជាក់​ថា ការ​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ លើ​ផ្ទៃដី​ប្រមាណ​២៥​ហិ​កតា​នេះ រួម​មាន ៖ តារាង​បាល់ទាត់​ខ្នាត​ធំ ចំនួន​២ តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន​៣ តារាង​បាល់ទះ​ចំនួន​៦ តារាង​បាល់បោះ​ចំនួន​៣ តារាង​វាយ​សី​ចំនួន​៤ ព្រមទាំង​ទីតាំង​ផ្សេង​ៗ សម្រាប់​លេង​កម្សាន្ត​ជា​ច្រើន​ទៀត ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី និង​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជូន​របស់​កំដរ​ដៃដល់​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៧២០​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២០​គីឡូក្រាម មី​១​កេស និង​ថវិកា​៥​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ