ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដាស់តឿន​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​តែ​បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​ខ្លាំងក្លា​បន្ថែម​ទៀត

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០១ កក្កដា​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០១ កក្កដា​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់ មិនមែន​ធ្វើ​ឡើង​ត្រឹមតែ​នៅ​លើ​ផ្លូវគោក​ប៉ុណ្ណោះ​ទេ ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវទឹក ក៏​រឿង​សំខាន់ ដែល​អាជ្ញាធរ និង​កម្លាំង​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត ពិសេស​ការ​ទប់ស្កាត់ មិន​អោយ​មានការ​ចោល​សំរាម ចោល​កំទេច​សំណង់​នានា ចូល​ទៅ​ក្នុង​ទន្លេ ។

លោក​បាន​បន្ត​ថា ចំពោះ​ក្មេង​ទំនើង គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ត្រូវ​តែ​បន្ត​បង្ក្រាប​អោយ​ខ្លាំងក្លា ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព បង្ក​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បញ្ហា​នេះ ខណ្ឌ​ទាំង​១៤ បើ​ខ្វះ​កម្លាំង​អាច​ស្នើ​មក​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​នេះ អោយ​ទទួល​បាន​ជោគជ័យ ពិសេស​គឺ​ធ្វើ​អោយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ។

លោក​បាន​សង្កត់ធ្ងន់​ថា ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវ​តែ​លប់​បំបាត់ មិន​ត្រូវ​អោយ​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដាច់ខាត តាម​រយៈ​ការ​ពង្រឹង ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ អោយ​បាន​ខ្លាំង ដើម្បី​ឈាន​ទៅ​លប់​បំបាត់​អោយ​អស់​។ ទប់ស្កាត់​ការ​យក​ភាស៊ី ចំពោះ​អ្នក​យក​លុយ​ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការ​លក់ដូរ​ចល័ត នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ការ​ទប់ស្កាត់​អ្នក​យក​លុយ​លើស​សៀវភៅ​បន្ទុក ។

លោក​បាន​បន្ថែម​ទៀត​ថា ៖ ចំពោះ​មន្ទីរ​ពាក់ព័ន្ធ ក៏​ត្រូវ​បំពេញការងារ​របស់​ខ្លួន ដោយ​ត្រូវធ្វើ​ជា​ភ្នែក ជា​ច្រមុះ​អោយ​អាជ្ញាធរ​រាជធានី ទាំង​ការ​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​នានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការ​ដាំ ថែទាំ ដើមឈើ ដែល​ជា​គម្រប​បៃតង​របស់​រាជធានី​ភ្នំពេញ​។ ដោយឡែក​ការងារ​ទីក្រុង​ឆ្លាត​វៃ យើង​ត្រូវ​ដាំ​ដើមឈើ ជា​គម្រប​បៃតង អោយ​បាន​ច្រើន មាន​ដើមឈើ​ច្រើន មិន​ត្រឹមតែ​ស្អាត​ទេ តែ​វា​ជា​ការ​ទាក់ទាញ​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផង​ដែរ ជាមួយ​និង​ការ​បន្ថែម​ខ្សែ​រត់ រថយន្តក្រុង ដើម្បី​បង្កើន​ការ​ដឹក​អ្នកដំណើរ ។

លោក បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្តល់​សេវា​សាធារណៈ តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​ពិតជា​ទទួល​បានការ​កើត​សរសើរ​ពី​ប្រជាពលរដ្ឋ​ហើយ តែ​ទោះបីជា​យ៉ាងណា​ក្តី យើង​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត ដោយ​ត្រូវធ្វើ​អោយទាន់​ពេលវេលា និង​មាន​តម្លាភាព ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង ។

លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មុន យើង​គ្រប់គ្រង​ក្រុម​ក្មេង​ទំនើង បាន​ចំនួន​១២​ក្រុម តែ​នៅ​ក្នុង​ខែ​នេះ យើង​គ្រប់គ្រង​ក្មេង​ទំនើង បាន​ចំនួន​១៧​ក្រុម ដែល​ធ្វើ​អោយ​ក្រុម​ក្មេង​ទំនើង​បាន​ថមថយ​យ៉ាង​ខ្លាំង ពោល​គឺ​ស្ទើរតែ​លុប​បំបាត់​បាន​១០០%​ហើយ ៕

អត្ថបទសរសេរ ដោយ