ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់ ឃើញ​ចោរលួច​ម៉ូតូ​មិត្តភក្ដិ​របស់​ខ្លួន ក៏​ដេញ​តាម​ចាប់ ត្រូវ​ចោរ​ចាក់​ស្លា​.​ប់ម្នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ពេល​ត្រលប់​មក​ពី​ដើរ​លេង​វិញ ទៅ​ដល់​ផ្ទះ​ជួល នា​វេលា​យប់​រំលង​អធ្រាត្រ បាន​ប្រទះ​ឃើញ​ចោរ​២​នាក់ កំពុង​លួច​ម៉ូតូ​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​មិត្តភក្ដិ​ម្នាក់​ផ្សេង​ទៀត ចេញពី​មុខ​បន្ទប់​ជួល​ខាងលើ​។…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ពេល​ត្រលប់​មក​ពី​ដើរ​លេង​វិញ ទៅ​ដល់​ផ្ទះ​ជួល នា​វេលា​យប់​រំលង​អធ្រាត្រ បាន​ប្រទះ​ឃើញ​ចោរ​២​នាក់ កំពុង​លួច​ម៉ូតូ​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​មិត្តភក្ដិ​ម្នាក់​ផ្សេង​ទៀត ចេញពី​មុខ​បន្ទប់​ជួល​ខាងលើ​។ ពេល​នោះ ពួក​គាត់​ឈឺឆ្អាល ក៏​បាន​ដេញ​តាម​ចាប់ចោរ លុះ​ពេល​តាម​ទាន់​បាន​ប្រវាយប្រតប់​គ្នា ហើយ​ក៏​ត្រូវ​បាន​ក្រុម​ចោរ​ចាក់​ចំ​គល់ ក បណ្ដាល​ឲ្យ​ដួល​ស្លា​.​ប់ម្នាក់​ភ្លាម​ៗ ចំណែក​ក្រុម​ចោរ​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ម​ផ្លូវ​វត្ត​អង្គ​តា​ម៉ិ​ញ ត្រង់​ចំណុច​មុខ​រោងចក្រ​បារី ស្ថិត​នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ តុញ ខេ​ង អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក ចាក់​សាំង​ស្ថានីយ៍​ប្រេង​កាល់​តិច នៅ​ក​ម្លោះ មិន​ទាន់​មាន​ប្រពន្ធ​និង​កូន​នៅឡើយ មាន​ទីលំនៅ​ភូមិ​ក្រ​ញូ​ង​គគីរ ឃុំ​ស្បើ​ក ស្រុក​ឈូក ខេត្តកំពត​។ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១២ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​មិត្តភក្ដិ​ម្នាក់​ទៀត មិន​ប្រាប់​អត្តសញ្ញាណ ។

ចំណែក​ចោរ​មាន​គ្នា​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1T-2089 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ស៊ី រ័​ត្ន​ផា​ភ អាយុ​៣២​ឆ្នាំ ត្រូវជា​មិត្តភក្ដិ​ជន​រង​គ្រោះ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១១ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រស​ម្នាក់ ដែល​ជា​មិត្តភក្ដិ​អ្នក​ស្លា​.​ប់ ហើយ​ដេញ​តាម​ចោរ​ជាមួយ​គ្នា បាន​និយាយ​ប្រាប់​មន្ត្រី​នគរបាល ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ខ្ញុំ និង​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ចេញពី​កន្លែង​ផឹកស៊ី នៅ​ម្ដុំ​ខា​ក្រោយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឃើញ​ចោរ​២​នាក់​កំពុង​បណ្ដើរ​ម៉ូតូ ១​គ្រឿង ម៉ាក​HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1T-2089 ចេញពី​ទីនោះ ។

បុរស​ខាងលើ បាន​ប្រាប់​នគរបាល បន្ត​ថា ខណៈនោះ​ជន​រង​គ្រោះ ដែល​ជា​មិត្ត​របស់ខ្ញុំ (​អ្នក​ស្លាប់​) បាន​ស្គាល់​ថា គឺជា​ម៉ូតូ​របស់​ឈ្មោះ ស៊ី រ័​ត្ន​ផា ស្នាក់​នៅ​បន្ទប់​លេខ​១១ និង​ជា​មិត្តភក្ដិ​ផង​ដែរ​។ ទើប​ទៅ​គោះ​ទ្វារ​ហៅ​ម្ចាស់​ម៉ូតូ​ខាងលើ ហើយ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់ ត្រូវ​បាន​ចោរ​យក​ដែក​កាង​ហាល​ខោអាវ ផ្ព​ក់​ខ្ទាស់​ពី​ក្រៅ​ជាប់​។ បន្ទាប់​មក ក៏​បាន​ដោះ​ចេញ​ហើយ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​HONDA SCOOPY ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HU-0905 ឌុ​ប​ខ្ញុំ​ដេញ​តាម​ចោរ ដោយ​មិន​បាន​ហៅ​ម្ចាស់​ម៉ូតូ​ឲ្យ​ទៅ​ជាមួយ​ឡើយ ។

បុរស​ដដែល បាន​ប្រាប់​ទៀត​ថា ពេល​ចេញ​ទៅ​ដល់​ផ្លូវ​ខាងលើ ពួក​ខ្ញុំ​បាន​ជិះ​ទាន់​ចោរ ហើយ​ក៏​បាន​ស្រែក​ឲ្យ​ឈប់ ប៉ុន្តែ​ចោរ​មិន​បាន​ឈប់​ឡើយ នៅ​តែ​ជិះ​ទៅ​មុខ​បន្ត​ទៀត រហូត​ដល់​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​២៣ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចោរ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ខ្ញុំ​បាន​ចុះ​ពីលើ​ម៉ូតូ​ដែរ រួច​ទាញ​មែកឈើ វាយ​លើ​ចោរ​ម្នាក់​នោះ ហើយ​ចោរ​បាន​គប់​របស់​អ្វីមួយ​មក​លើ​មុខ​ខ្ញុំ តែ​ខ្ញុំ​មិនដឹង​របស់​អ្វី​នោះ​ទេ​។ បន្ទាប់​មក​ចោរ ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​នោះ​បត់​ឡើង​ចូល​ទៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ ហើយ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​បត់​ដេញ​តាម​ម្នាក់ឯង ដោយ​អត់​បាន​ដឹក​ខ្ញុំ ទៅ​ជាមួយ​ឡើយ ។

បុរស​រូប​នេះ បាន​បញ្ជាក់​ប្រាប់​នគរបាល​ទៀត​ថា ពេល​នោះ បក្ខពួក​ចោរ​ម្នាក់ ដែល​លោត​ចុះ​ពី​ដំបូង ប្រវាយប្រតប់​ជាមួយ​ខ្ញុំ​នោះ ក៏​បាន​ឡើង​ជិះ​ម៉ូតូ ទៅ​ជាមួយ​បក្ខពួក​ផង​ដែរ ចំណែក​ខ្ញុំ ក៏​បាន​ខំ​រត់ឡើង​ជិះ​ម៉ូតូ ទៅ​ជាមួយ​ជន​រង​គ្រោះ​ដែរ ប៉ុន្តែ​រត់​មិន​ទាន់​។ ពេល​នោះ ខ្ញុំ​បាន​ព្យាយាម​រត់​តាម​ក្រោយ រហូត​ដល់​ត្រង់​ចំណុច​មុខ​រោងចក្រ​បារី ស្ថិត​នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ ខ្ញុំ​ក៏​បានឃើញ​ជន​រង​គ្រោះ​ដួល​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​ម៉ូតូ​សង្កត់ពីលើ ខ្ញុំ​ក៏​លើក​ម៉ូតូ​ឡើង ឃើញ​ជន​រង​គ្រោះ ស្លា​.​ប់​នៅ​លើ​ថ្លុកឈាម បាត់​ទៅ​ហើយ ។

បុរស​ជា​ម្ចាស់​ម៉ូតូ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ មិត្តភក្តិ​របស់ខ្ញុំ ទាំង​២​នាក់​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ខ្ញុំ ហើយ​ប្រាប់​ថា​មាន​ចោរលួច​ម៉ូតូ​ទៅ​បាត់​ហើយ និង​បាន​ដោះ​ទំ​ពក់​ដែក​កាង​ហាល​ខោអាវ​ចេញពី​ទ្វារ​បន្ទប់​ខ្ញុំ ដែល​ចោរ​ខ្ទាស់​ពី​ខាង​ពី​ក្រៅ​។ បន្ទាប់​មក​មិត្តភក្តិ​ទាំង​២ បាន​អូស​ម៉ូតូ​ជិះ​ចេញ​ទៅ​រក​ក្រុម​ចោរ ដោយ​ពុំ​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ទេ ក្រោយមក​ស្រាប់តែ មាន​អ្នក​ស្គាល់គ្នា​ទំនាក់ទំនង​មក​ប្រាប់​ខ្ញុំ​ថា «​ជន​រង​គ្រោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ​» ។

ដោយឡែក សមត្ថកិច្ច បានអោយ​ដឹង​ថា នៅ​ក្រោយ​ពេល​កើ​ហេតុ​ភ្លាម​ៗ ពុំ​ទាន់​កំណត់​បាន​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​អ្វី​នោះ​ទេ ដោយ​សង្ស័យ​ថា ត្រូវ​ក្រុម​ជនសង្ស័យ​ធាក់​ផ្ដួល ឬ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​រួច​ដួល​ខ្លួនឯង ប៉ុន្តែ​ក្រោយ​ពី​ការ​ពិនិត្យ​កោសល្យវិច័យ​ពី​សំណាក់​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទើប​ដឹង​ថា​ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​ក្រុម​ជនសង្ស័យ​ចាក់​សម្លាប់ ពេល​ប្រវាយប្រតប់​គ្នា​នោះ​។ បន្ទាប់​មក បាន​ប្រគល់​ស​.​ព ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

សាច់ញាតិជនរងគ្រោះ
បុរសពាក់អាវស គឺម្ចាស់ម៉ូតូ
បុរសពាក់អាវសូកូឡា គឺជាអ្នកដេញតាមចោរជាមួយជនរងគ្រោះ

អត្ថបទសរសេរ ដោយ