ខេត្តស្ទឹងត្រែង ៖ ផ្លូវជាតិលេខ៧A ជាខ្សែផ្លូវសរសៃឈាម ដែលមានសក្តានុពលលើចរន្តផ្នែកទំនាក់ទំនងសេដ្ឋកិច្ចជាច្រើន រវាងប្រទេសកម្ពុជា-ឡាវ និងតភ្ជាប់ពីខេត្តមួយទៅកាន់ខេត្តនានាផ្សេងទៀតរហូតដល់រាជធានីភ្នំពេញ ។
បើគិតពីចំណុចគល់ស្ពានសេកុង ត្រើយខាងជើងក្រុងស្ទឹងត្រែង រហូតទៅដល់ចំណុចច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល ចម្ងាយជាង៥៧គីឡូម៉ែត្រ ជាទ្រូងផ្លូវ ដែលបានភ្ជាប់ពីក្រុងស្ទឹងត្រែង សង្កាត់សាមគ្គី ទៅស្រុកបុរីអូរស្វាយសែនជ័យ ចំណុចឡុងក្រឡ បំបែកចូលទៅកាន់ស្រុកសៀមប៉ាង និងផ្លូវត្រង់ទៅកាន់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ដែលជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ។
ផ្លូវមួយខ្សែនេះ កាលដើមឡើយ គឺសាងសង់ដោយក្រុមហ៊ុនចិន ក្រោយការប្រើប្រាស់ច្រើនឆ្នាំ ក៏បានរងការខូចខាតយ៉ាងដំណំ ចាប់ពីចំណុចគល់ស្ពានសេកុងត្រើយខាងជើងរហូតដល់ប៉ុស្តិ៍ព្រំដែន ដែលបង្កការលំបាកធ្វើចរាចរណ៍ ដោយសារមានជង្ហុកតូចធំជាច្រើនកន្លែង ជិត១០ឆ្នាំកន្លងមកហើយ ។
ផ្លូវជាតិមួយនេះ ជាសរសៃឈាម ដែលសម្រួលដល់ការធ្វើដំណើរ ការធ្វើចរាចរណ៍ ដោយការដឹកកសិផល និងទំនិញផ្សេងឆ្លងដែនកាត់ពីប្រទេសឡាវ ចូលមកកម្ពុជា និងពីកម្ពុជា ទៅប្រទេសឡាវ តាមរយៈច្រកទ្វារអន្តរជាតិនេះ ផងដែរ ។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អោយប្រាប់ដឹងថា ផ្លូវដែលត្រូវស្តាជួសជុលឡើងវិញ ជាប្រភេទផ្លូវក្រាលកៅស៊ូស្តើង DBST ជាកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រវែង ៥៦,៨គីឡូម៉ែត្រ ចាប់ពីចំណុចក្បាលស្ពានសេកុង រហូតដល់ចំណុចក្បែរច្រកអន្តរជាតិត្រពាំងក្រៀល ខ្មែរ-ឡាវ ក្នុងផែនការស្តាជួសជុលផ្លូវនេះ គឺរួមគ្នាសាងសង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអង្គភាពកងវីស្វកម្ម ។
លោកបន្តថា ផ្លូវជាតិលេខ៧នេះ ចាប់ផ្ដើមដំណើរការសាងសង់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤នេះ តែម្តង ៕












ចែករំលែកព័តមាននេះ